តារា​សម្តែង លឹម ជា​ឡាយ ស្រវឹង​បើករថយន្ត​បុក​បង្គោល​ភ្លើង​

142
ចែករម្លែក

​ភ្នំពេញ​៖ លោក លឹម ជា​ឡាយ ដែលជា​តារា​សម្ដែង​ដ៏​ល្បីឈ្មោះ​រូប​សង្ហា​មួយរូប​បាន​បើក រថយន្ត Lexus RX400h ជ្រុល​ចង្កូត​ទៅបុក​របង​ថ្ម​រួម​និង​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ជុំវិញ​នោះ​កាលពី​វេលា​ម៉ោង​១១ និង​៣០ នាទី​យប់ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយមសមត្ថកិច្ច​និង​ក្រុម​អ្នកសារព័ត៌មាន​សង្ស័យ ស្រវឹង​ខ្លាំង​ទើប​បែបនេះ​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​មកដល់ ដោយបាន​ពិនិត្យ នៅ​ចំណុច កើតហេតុ ខាងលើ ដោយ​មិនមាន​ការខូចខាត​ធ្ងន់ធ្ងរ​នោះទេ ទើប​សម្រេចចិត្ត​ប្រគល់​រថយន្ត​ឲ្យ​ទៅ​ម្ចាស់ អូស​យកទៅ​ផ្ទះទុក​ជួសជុល​។

​មុនពេល​កើតហេតុ​បែបនេះ តារា​ប្រុស​ល្បី​រូបនេះ​បាន​បង្ហោះ​សារ​មួយ​សរសេរថា “​តាំងពី​កើតមក​គឺ​ខ្ញុំ​ជា​មនុស្ស​បែបនេះ ចរិត​ត្រង់​ទៅ​ត្រង់​មក ច្បាស់ៗ សម្ដី​អាក្រក់​ខ្លះ​ហើយក៏​រាង​ឈ្លើយ បន្តិច​ដែរ​។ ចូលចិត្ត​លេងសើច​ច្រើន ដើម្បី​ឲ្យ​ជីវិត​មានន័យ តែ​ខ្ញុំ​ស្មោះត្រង់​នឹង​មនុស្ស​ដែលស្មោះត្រង់​នឹង​ខ្ញុំ​ដូចគ្នា​។ ខ្ញុំ​មិនដែល​គិត​ទៅ​ច្រណែន​ជីវិត​របស់​អ្នកណា​ទេ រាប់អាន​ជាមួយគ្នា ក៏​ឲ្យ​អស់ពី​ចិត្ត ឃើញ​អ្វី​និយាយប្រាប់​ហ្នឹង មិន​ចូលចិត្ត​លាក់​។ ខ្ញុំ​ទម្លាប់​ប្រដៅ​ខ្លួនឯង​ថា បើ​អ្នកណា​មក​ល្អ​ដាក់​ខ្ញុំ ខ្ញុំ​ក៏​តបស្នង​ដោយ​បេះដូង​”​។​

​លោក លឹម ជា​ឡាយ ជា​តារា​សម្ដែង​មួយរូប​មាន​ទាំង ទេពកោសល្យ​និង​សមត្ថភាព​ផ្នែក​សម្ដែង បាន​យ៉ាង​ល្អ ហើយ​តែងតែ​គ្រង​ជា​តួឯក​ជានិច្ច ដោយសារ លោក​មានមុខមាត់​ស្រស់ស្អាត សង្ហា ជាពិសេស តារា​ប្រុស​រូបនេះ​តែងតែ​ទទួលបាន​បាន​ពាក្យ​សរសើរ​ពី​ទស្សនិកជន និង​អ្នកគាំទ្រ​តាមរយៈ​ស្នាដៃ​ក្នុង​ខ្សែភាពយន្ត​ជាច្រើន​ហើយ​ថ្មីៗ ទើប​ទទួល​តំណែង​តួឯកប្រុស​ក្នុង​រឿង​ភាគ​ថ្មី “​អ្នក​ទី​៣” របស់​ទូរទស្សន៍​ភី​អិន​អិន​។​

​សូមបញ្ជាក់ថា តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក ពណ៌​ស ពាក់​ផ្លាក​លេខ កណ្ដាល 2B-0018 ដែល​គេស្គាល់​អ្នកបើកបរ​គឺជា​តារា​សម្ដែង​រូបនោះ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០២ ទិសដៅ ពី​កើតមក​លិច លុះ​មកដល់​កន្លែងកើតហេតុ ដោយ​សង្ស័យ​រូបគាត់​ស្រវឹងស្រា​ក៏​រេ​ចង្កូត​ទៅបុក​របងថ្ម​រួម​និង​បង្គោល​ភ្លើង​ថ្ម​រង​ការខូចខាត​តិចតួច​ប៉ុណ្ណោះ តែ​រថយន្ត​បង្ក​វិញ​បាន​រង​ការខូចខាត ផ្នែក​ខាងមុខ​យ៉ាងដំណំ សំណាងល្អ​ដែរ​មិន​ធ្វើ​ឲ្យ​តារា​សម្តែង​រូបនោះ​រងរបួស នោះទេ​៕ ដោយ​: បូ​រិ​ន​/Ha