ផ្សារ​ជប៉ុន បាន​អនុវត្ត​ត្រូវ និង​ជា​គំរូ លើ​ក្រដាសប្រាក់​ដុល្លារ !

123
ចែករម្លែក

​ផ្សារ​ទំនើប​អ៊ី​អន (AEON) របស់​ជប៉ុន នៅក្នុង​រាជធានី​ភ្នំពេញ បាន​បិទផ្សាយ​នូវ​សេចក្តី​ជូន ដំណឹង ដល់​អតិថិជន​ថា ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែសីហា ឆ្នាំ ២០២០ តទៅ ផ្សារ​ទំនើប អ៊ី​អន នឹង​ផ្អាក​ការផ្គត់ផ្គង់​ក្រដាសប្រាក់​ដុល្លារ​អាម៉េរិក ប្រភេទ​តូចៗ ១​ដុល្លារ ៥​ដុល្លារ និង ១០​ដុល្លារ សម្រាប់​ការ​អាប់​ត្រឡប់​។ រាល់ប្រាក់​អាប់ នឹង​ប្រើប្រាស់​ជា​ប្រាក់រៀល​វិញ​។​
​ ​
​ក្នុង​សេចក្តីជូនដំណឹង ផ្សារ​អ៊ី​អន បាន​គូសបញ្ជាក់ថា ផ្សារ​ទំនើប អ៊ី​អន នៅតែ​បន្ត​ទទួល​ក្រដាសប្រាក់​ដុល្លារ ពី​អតិថិជន សម្រាប់​ការ​ជាវ​ទិញ​ទំនិញ នៅផ្សារ អ៊ី​អន រហូតដល់​មានការ​ជូន ដំណឹង​ជាថ្មី​។​
​ ​
​ការសម្រេច​អាប់​លុយ ដល់​អតិថិជន ជា​ប្រាក់រៀល​នេះ ត្រូវបាន​ផ្សារ ទំនើប​ជប៉ុន អ៊ី​អន ប្រកាសថា យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​
​ ​
​សេចក្តីប្រកាស​របស់​ផ្សារ​ទំនើប​ជប៉ុន អ៊ី​អន នេះ ត្រូវបាន​មហាជន​ទូទៅ ពិសេស​លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​គាំទ្រ​នូវ​ការសម្រេច​ថ្មី របស់​ផ្សារ​ទំនើប​នេះ​។​
​ ​
​លោកស្រី ជា សិរី បាន​លើកឡើងថា ចំពោះ​ការប្រកាស​របស់​ផ្សារ​ទំនើប អ៊ី​អន​គាត់​នៅតែទទួល​ក្រដាសប្រាក់​ដុល្លារ​អាម៉េរិក ប្រភេទ​តូច ប៉ុន្តែ​ប្រសិនបើ​គាត់​មិនមាន​ក្រដាស​ដុល្លារទាំងនេះសម្រាប់​អាប់ ក៏​យើង​មិនអាច​បង្ខំ​គាត់ឲ្យអាប់​នូវ​ក្រដាស​ទាំងនោះ​បានដែរ​។ សំខាន់​គាត់​អាច​អាប់​ក្រដាសប្រាក់​ណាដែល​គាត់​មាន​។ យើងទាំងអស់គ្នា​គួរ​បន្ត​គាំទ្រ​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​ទូលំទូលាយ​។​

​លោកស្រី ជា សិរី បាន​គូសបញ្ជាក់ថា នៅក្នុង​មាត្រា​៦៤ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត ទៅនៃ​ធនាគារជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​១៩៩៦ ចែងថា “​ជន​ណា​ពុំ​ព្រម​ទូទាត់រូបិយវត្ថុ ដែលមាន​តម្លៃ​និ​ត្យា​នុ​កូ​ល និង​មាន​តេជានុភាព ធ្វើ​សេរីកា​លើ​ដែនដី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ជន​នោះ នឹង​ត្រូវបាន​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់ ស្មើនឹង ១០០ ដង នៃ​ទឹកប្រាក់ ដែល​ពុំ​ទូទាត់​នោះ​”​។​

​តំណាង​ធនាគារជាតិ បាន​បន្ថែមថា ជាទូទៅ ជប៉ុន​គាត់​តែងតែ​គាំទ្រ​ប្រាក់រៀល​តាមរយៈ​ការ ជួយ​សិក្សា​ស្រាវជ្រាវ ពី​ការប្រើប្រាស់​ប្រាក់រៀល នៅ​កម្ពុជា តាមរយៈ​អង្គការ​ចាយ​កា (JICA) ការទទួល​យកតែ​ប្រាក់រៀល សម្រាប់​ទូទាត់​ទិដ្ឋាការ​នៅ​ស្ថានទូត​ជប៉ុន ការចេញ​មុនគេ ឧបករណ៍​ទូទាត់​តែ​ប្រាក់រៀល តែ​១​គត់ របស់​ធនាគារ​ឯកទេស Aeon និង​សូម្បីតែ​ការដាក់​តម្លៃជា​ប្រាក់រៀល ក្នុង​ផ្សារ​ទំនើប​មុនគេ ក្នុងចំណោម​ផ្សារ​ទំនើប​ទាំងអស់​នៅ​កម្ពុជា​។​

​គេ​នៅ​ចាំបាន​ថា ក្នុង​សេចក្តីជូនដំណឹង កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ធនាគារជាតិ បានប្រកាស ដោយ​សម្រេច​ទុកពេល​ឲ្យ ៣​ខែ ពោល​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ទៅដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​នាំយក​ក្រដាសប្រាក់ ដុល្លារ​អាម៉េរិក ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ មក ធនាគារជាតិ​នៃ​កម្ពុជា​ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ក្រៅប្រទេស ដោយ​ឥត​គិត​កម្រៃ​សេវា​។​

​ក៏ប៉ុន្តែ​កាលណោះ គ្រាន់តែ​ធនាគារជាតិ ប្រកាស​ដូច្នេះ​ភ្លាម បែរជា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុមួយចំនួន ពិសេស​អ្នកលក់ដូរ​ទូទាំងប្រទេស បែរជា​ឈប់​ទទួល​យកលុយ​ដុល្លារ ប្រភេទ ១​ដុល្លារ ២​ដុល្លារ​និង​៥​ដុល្លារ​។ ក្នុងនោះ ក៏មាន​អ្នក​ឆ្លៀត​ដូរ​លុយ​កាត់ទឹក​លើ​ប្រាក់ដុល្លារ ៣​ប្រភេទ​នេះ​ថែមទៀត​។​

​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ទើប​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន បានប្រកាស​ឲ្យ​បន្តចាយលុយ​ដុល្លារ ប្រភេទ ១​ដុល្លារ ២​ដុល្លារ​និង​៥​ដុល្លារ​ជាធម្មតា​ឡើងវិញ​ដោយ​គ្មាន​ការកាត់ទឹក​អ្វី​នោះទេ​។​

​ជាការ​ពិត សេចក្តីប្រកាស​របស់​ធ​នាគារ​ជាតិ លើ​ប្រាក់​ដុល្លារ ៣​ប្រភេទ​នេះ គឺ​ក្នុង​បំណង​លើកកម្ពស់​ការចាយ​ប្រាក់រៀល ហើយក៏​គ្មាន​បំណង​ថា ឲ្យ​ឈប់​ចាយលុយ​ដុល្លារ​ប្រភេទ​តូចៗ ទាំង​នោះទេ​។ តែ​បែរជា​អ្នកយក​សេចក្តីប្រកាស​នោះ ទៅ​អនុវត្ត​ខុស ​ដែល​នាំ​ឲ្យ​ចលាចល​ពេញផ្ទៃ​ប្រទេស​។​

​នៅពេលនេះ ការអនុវត្ត​របស់​ផ្សារ​ទំនើប​ជប៉ុន អ៊ី​អន គឺជា​ការអនុវត្ត​ន៍ត្រឹមត្រូវ និង​ជា​គំរូ សម្រាប់ ផ្សារ ធនាគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។ ពោលគឺ​មិនមែន​ផ្សារ ធនាគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​អ្នកលក់ដូរ ឈប់​ទទួល​ប្រាក់​ដុល្លារ ប្រភេទ​តូចៗ ១​ដុល្លារ ២​ដុល្លារ​៥​ដុល្លារ និង​១០ ដុល្លារ​ទេ តែ​ផ្សារ ធនាគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​អ្នកលក់ដូរ​ទាំងអស់ មិន​អាប់​លុយ​ដុល្លារ ទាំងនោះ ឲ្យ​អ្នកទិញ​វិញ​ប៉ុណ្ណោះ​។​

​ធ្វើ​ដូច្នេះ ប្រាក់​ដុល្លារ ប្រភេទ​រាយ ក្រដាស​តូចៗ​នេះ នឹងត្រូវ​ប្រមូល​យកទៅ​តម្កល់​នៅ​ធនាគារជាតិ ដើម្បី​ដឹកចេញទៅ​ក្រៅប្រទេស ដូច​អ្វីដែល​ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​កន្លងមក​។​

​រីឯ​ប្រជាពលរដ្ឋ ជា​អតិថិជន ក៏​មិន​រង​ផលប៉ះពាល់​អ្វី ឬក៏​ជ្រួលច្របល់​នឹង​រឿង​មាន​លុយ​ដុល្លារ ប្រភេទ​តូចៗ ១​ដុល្លារ ២​ដុល្លារ​៥​ដុល្លារ និង ១០​ដុល្លារ​ដោយ​ត្រូវគេ​មិន​ចាយ​ឬក៏​ត្រូវគេ​ដូរ កាត់ទឹក កាត់​ភក់​អ្វី​នោះ ក៏​ទេ​ដែរ​។​

​ការអនុវត្ត​ន៍របស់​ផ្សារ​ទំនើប​ជប៉ុន អ៊ី​អន នេះ ជា​វិធី​សាមញ្ញ ហើយ​ឈ្នះ​ឈ្នះ ទាំងអស់គ្នា​។ ពោលគឺ​ផ្សារ​ក៏​មិន​ខាតបង់​អ្វី ហើយ​អ្នកទិញ និយាយ​ដោយឡែក និង​និយាយ​ជារួម គឺ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ក៏​រីករាយ​សប្បាយចិត្ត នឹង​ចាយលុយ​រៀល​យើង​។

​គំរូ​នៅ​ផ្សារ​ទំនើប​ជប៉ុន​នេះ នឹង​អាចឈាន​ទៅដល់​ថ្ងៃមុខ ទៅជា​ការទទួល​យកតែ​លុយ​រៀល សម្រាប់​ទូទាត់​ទិដ្ឋាការ នៅ​ស្ថានទូត​ជប៉ុនជាមិនខាន​។ ស្ថាប័ន​របស់​ជាតិ​យើង​ក៏​គួរតែ​អនុវត្ត តាម​ស្ថានទូត​ជប៉ុន លើ​ការប្រើប្រាស់​ប្រាក់រៀល ដើម្បី​ឲ្យ​ស្របតាម​គោលនយោបាយ របស់​ធនាគារជាតិ ដែល​តែងតែប្រកាស​គាំទ្រ​និង​ជំរុញ​ការប្រើ ប្រាស់​ប្រាក់រៀល​ឱ្យបាន ទូលំទូលាយ ក្នុងសង្គម​កម្ពុជា​យើង​។ ការអនុវត្ត​ន៍ប្រើប្រាស់​ប្រាក់រៀល ក៏​មិនមាន​អ្វី​ធ្វើ​មិនបានដែរ ដោយ​គ្រាន់តែ​រាជរដ្ឋាភិបាល ចេញ​គោលការណ៍ កំណត់ ហើយ​ចាប់ផ្តើម​អនុវត្ត ក៏បាន​ទៅហើយ​៕ ដោយ​៖ ម៉េង​ឆៃ​/Ha