កូ​វីដ​១៩ នៅ​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​!

112
ចែករម្លែក

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​កម្ពុជា រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៣៣​នាក់​។ ក្នុងនោះ ព្យាបាល​ជាសះស្បើយ ចំនួន ១៥៤​នាក់ និង​កំពុង​សម្រាក​ព្យាបាល ចំនួន ៧៩ នាក់​។ នៅ​កម្ពុជា មិនមាន​អ្នកស្លាប់ ដោយ​ជំងឺ​កូ​វីដ​១៩ ទេ​។ តែមាន​បុរស​ខ្មែរ​ម្នាក់ បាន​ស្លាប់ ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ នៅ​ខេត្ត​ត្បូងឃ្មុំ​។​
​ ​
​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានប្រកាស​ពី​ការរកឃើញ​អ្នក ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី ចំនួន​ប្រាំពីរ​នាក់ និង​មាន​អ្នក​ព្យាបាល​ជាសះស្បើយ ចំនួន ៧​នាក់​ដែរ​។ អ្នកជំងឺ​កូ​វីដ​១៩ ដែល​ត្រូវបាន​រកឃើញ​ថ្មីៗ​នេះ សុទ្ធតែជា​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស​។​
​ ​
​ចំពោះ​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី ជា​អ្នកដំណើរ​មកពី​ក្រៅប្រទេស​នេះ ត្រូវបាន​លោក ស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា​បច្ចុប្បន្ន ស្ថានភាព​កូ​វីដ​១៩ នៅ​កម្ពុជា ស្ថិតក្នុង​ស្ថានភាព រំលឹក​ដាស់តឿន​(Alarming )​នៅឡើយ​ទេ​។ មានន័យថា ជា​ស្ថានភាព ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​! ព្រោះថា យើង​បាន​រកឃើញ ជា​បន្តបន្ទាប់​នូវ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ក្នុងចំណោម​អ្នកដំណើរ ដែល​គាត់​ចូលមកក្នុង ប្រទេស​កម្ពុជា​យើង​។ កំណើន គឺ​កើន​ច្រើន​មែនទែន​!​។

​ទន្ទឹមនឹងនេះ លោកស្រី ឱ វណ្ណឌី​ន ក៏បាន​អំពាវនាវ សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​បង្កើន​ការ ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​បន្ត​នូវ​ការប្រុងប្រយ័ត្ន​។ សូមកុំ​ទាន់​ភ្លេច​អំពី​លទ្ធភាព​នៃ​ការចម្លង វីរុស​កូ​វីដ​១៩ ដែល​អាច​កើតមានឡើង​គ្រប់​កាលៈទេសៈ គ្រប់ពេលវេលា ហើយ​គ្រប់​ទីកន្លែង ទាំងអស់ ហើយ​សូម​បងប្អូន​យើង លោក​បន្ត​អនុវត្ត​នូវ​វិធានការ​ការពារ​ឲ្យ​បានជា​និច្ច​។​

​ដើម្បី​ការពារ កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ សូម​បងប្អូន​ប្រជាពលរដ្ឋ ចងចាំ និង​អនុវត្ត​នូវ​វិធានការ សាមញ្ញៗ ចំនួន​បី​ចំណុច រួមមាន​៖ ១-​ធ្វើ​អនាម័យ​សម្អាត​ខ្លួនប្រាណ ជាពិសេស​ការលាង សម្អាត​ដៃ ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ជាមួយ​អាល់កុល ឬ​ទឹក​ជែ​ល​សម្លាប់ មេរោគ ឲ្យ​បាន​ញឹកញាប់​ជាទីបំផុត ជាប្រចាំ​ថ្ងៃ​។ ទី​២-​ត្រូវ​ប្រើប្រាស់​ម៉ាស់​ក្នុងករណី​ចាំបាច់ ហើយ​បើ​មាន​ក្អក​ក្រដាស់ ត្រូវ​ខ្ទប់មាត់ ដោយ​ប្រើ​ក្រមា កន្សែង ឬ​ក្រដាស់​ជូត​មាត់ ដើម្បី​ខ្ទប់ មាត់​ច្រមុះ​យើង កុំ​ឲ្យ​តំណក់​ទឹកមាត់​យើង ខ្ទាត​ទៅ​ប្រឡាក់​អ្នកដទៃ ហើយ​ប្រើប្រាស់​ម៉ាស់ ជាប់​ជានិច្ច នៅពេលដែល​យើង​ចេញ​ដើរ​ទៅណា​មក​ណា នៅពេល​ជួប​មនុស្ស​ច្រើន​ហើយ នៅពេល​យើង​ធ្វើដំណើរ​តាម​មធ្យោបាយ​យានយន្ត​សាធារណៈ ចាំបាច់​ត្រូវ​ពាក់​ម៉ាស់ និង​ទី​៣-​ជា​ចំណុច ដែល​មិនអាច​ខ្វះ​បាន គឺ​ត្រូវ​រក្សា​គម្លាត​បុគ្គល ឲ្យ​បាន​ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ ហើយ​ទៅ​ទីណា​មក​ណា ត្រូវតែ​ចងចាំ​នូវ​ចំណុច​ទាំង ៣​នេះ ដើម្បី​លោកអ្នក​ជៀសផុត​ពី​ការ ចម្លង​នូវ​កូ​វីដ​១៩​។​
​ ​
​ជាមួយគ្នានេះ អាជ្ញាធរ​សមត្ថកិច្ច មេត្តា​បន្ត​ចូលរួម​អនុវត្ត​នូវ​វិធានការ​នានា ដែល​បាន​ដាក់ចេញ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​។ ក្នុងនោះ នៅតាម​សណ្ឋាគារ នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ហើយ​នៅតាម​ទីកន្លែង​ផ្សេងៗ ដែល​បងប្អូន​ប្រជាពលរដ្ឋ អាច​នឹងធ្វើ​ដំណើរ​ទៅ​កម្សាន្ត ជាដើម ដើម្បី​សុខ​សុវត្ថិភាព​ទាំងអស់គ្នា​។​

​ក្នុងនោះ ស​ម្ចាស់​សណ្ឋាគារ ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​អាហា​រដ្ឋា​ន ត្រូវតែ​គិត និង​អនុវត្ត​ឲ្យ បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​នានា ដូចជា ត្រូវមាន​អាល់កុល​បាញ់​លាង​សម្អាត​ដៃ សម្លាប់​មេរោគ និង​វាស់​ស្ទង់​កម្លាំង​លើ​អតិថិជន មុននឹង​ចូលក្នុង​សណ្ឋាគារ ហាង​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ធ្វើយ៉ាងណា​កុំ​ឲ្យ​ទីកន្លែង​របស់ខ្លួន​ក្លាយទៅជា​កន្លែង​ចម្លង​នូវ វីរុស​កូ​វីដ​១៩​។​
​ ​
​មន្ត្រី​ជំនាញ​សុខាភិបាល ក៏បាន​ផ្តាំ​ហើយ​ផ្តាំ​ទៀត ឲ្យ​មហាជន ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន ព្រោះ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ កើតឡើង​គ្រប់​បុគ្គល គ្រប់​កាលៈទេសៈ គ្រប់ពេលវេលា ហើយ​គ្រប់ ទីកន្លែង​ទាំងអស់ ជាពិសេស នៅពេល​បុគ្គល​ចល័ត ឬ​បុគ្គល​ធ្វើដំណើរ​។ ដូច្នេះ​នៅពេល យើង​ចល័ត នៅពេល​យើង​ធ្វើដំណើរ​ទៅណា​មក​ណា យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន ហើយ​អនុវត្ត​នូវ​វិធានការ​ការពារ​ខ្លួន ឲ្យ​បាន​គ្រប់ៗ​គ្នា​។ មានតែ​ការពារ​ទេ​ទើប​ប្រសើរ​ជាង ព្យាបាល​៕ ដោយ​: ម៉េង​ឆៃ​