ប្រទេស​ចិន​សម្រេច​កំណើន សេដ្ឋកិច្ច​វិជ្ជមាន​នៅ​ត្រីមាស​ទី​២

107
ចែករម្លែក

តាម​ទិន្នន័យ​ចុងក្រោយ​ដែល​ប្រកាស​ដោយ​អាជ្ញាធរ​ជាតិ​ស្ថិតិ​ចិន​បានឱ្យដឹងថា​តាម​ការគិតគូរ​ជា​ជំហាន​ដំបូង​នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០២០​ប្រទេស​ចិន​បានសម្រេច​នូវ​ទំហំ​ផលិតផល សរុប​ក្នុងប្រទេស​ចំនួន​៤៥.៦៦១.៤០០​លាន​យាន់​ប្រាក់​ចិន ។ នៅ​ត្រីមាស​ទី​២ ប្រទេស​ចិន បានសម្រេច​កំណើនសេដ្ឋកិច្ច​ជា​វិជ្ជមាន​គឺ​៣,២% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៩ ។ ចំណែក​នៅ​ត្រីមាស​ទី ១​សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​៦,៨% តែ​នៅ​ត្រីមាស​ទី​២ បែរជា​បង្ហាញ នូវ​និន្នាការ​កំណើន​ឡើងវិញ ។​

​លោក​យ៉ាន ឈឹង​ភឺ​ង​ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ចជាតិ​ចម្រុះ​នៃ​គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​និង កែទម្រង់​ជាតិចិន​បាន​គូសបញ្ជាក់ថា​ទន្ទឹមនឹង​ការកែលម្អ​វិធានការ​ជា​អចិន្ត្រៃយ៍​អំពី​ការបង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​នៃ​ប្រទេស​ចិន​គោលនយោបាយ​ម៉ាក្រូ​បាន​បញ្ចេញ​នូវ​ប្រសិទ្ធ​ផល​ជា​បន្តបន្ទាប់​។ ក្នុង​ត្រីមាស​ទី ២​សេដ្ឋកិច្ច​ចិន​ចាប់ផ្តើម​ងើបឡើង​វិញ​ហើយ​មាន​តម្រូវការ​កាន់តែច្រើន​លើ វិស័យ​ឧស្សា​សហកម្ម​ផល​តិក​ម្ម​និង​មាន​កត្តា​វិជ្ជមាន​កាន់តែច្រើន​សម្រាប់​ជំ​រុញឱ្យ​សហគ្រាស​ដំណើរការ​អាជីវកម្ម​ឱ្យមាន​ភាពរលូន​។​សេដ្ឋកិច្ច​ជាតិចិន​ត្រូវបាន​ស្តារឡើងវិញ​និង​បង្ហាញ​នូវ​និ​ន្ន​ការ កើនឡើង​ដែល​ស្របទៅ នឹង​ការប៉ាន់ស្មាន​ទុកជាមុន​។​

​នៅ​ត្រីមាស​ទី​២ ក្រៅពី​អាជីវកម្ម​សណ្ឋាគារ​ភោជនីយដ្ឋាន​ការជួល​ផ្ទះ​សេវាកម្ម​ពាណិជ្ជ កម្ម និង​វិស័យ​ផ្សេងៗ​ទៀត​ដែល​បាន​រង​ការប៉ះពាល់​ច្រើន​ពី​ជំងឺឆ្លង​តម្លៃបន្ថែម​នៃ​វិស័យ​ផ្សេងៗ​នៃ​ប្រទេស​ចិន​កំពុង​សម្រេច​នូវ​កំណើន​ជា​វិជ្ជមាន​។ ក្នុងនោះ​ផលិតកម្ម​បច្ចេក ទេស​កម្រិត​ខ្ពស់ មាន​ល្បឿន​កំណើន​លឿន​ជាង​កំណើន​ឧស្សាហកម្ម​ជាធ​ម្យ​ម​។ ក្នុងអំឡុងពេល​នៃ​ការបង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​រូបមន្ត​អាជីវកម្ម​ថ្មី​ដូចជា “​ធ្វើការ​ងារ​ពី​ចម្ងាយ​” “​ការអប់រំ​អន​ឡាញ​” “​ការបញ្ជា​តាម​ប្រព័ន្ធ​វៃឆ្លាត​”​និង​“​ការដឹកជញ្ជូន​និង​ចែកចាយ​ទំនិញ​គ្មាន​មនុស្ស​ចូលរួម​”​ជាដើម​បានក្លាយ​ទៅជា​ផ្នែក​ដែលមាន​កម្លាំង​រស់​រវើក​ជាងគេ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ចិន​។​

​នៅ​ត្រីមាស​ទី​២​ប្រទេស​ចិន​បានសម្រេច​នូវ​ការ​ងើប​ឡើងវិញ​នៃ​ការបណ្តាក់ទុន​វិនិយោគ​ដោយមាន​ប្រសិទ្ធភាព​ហើយ​បាន​កែលម្អ​រចនាសម្ព័ន្ធ​វិនិយោគ​ឥតឈប់ឈរ​។ ក្រោយពី​ធ្លាក់ចុះ​យ៉ាង ច្រើន​នៅ​ត្រីមាស​ទី​១ ការវិនិយោគ​អចលន​ព្រ​ទ្យ​នៃ​ប្រទេស​ចិន​បាន​កើនឡើង​៤,៨% នៅ​ត្រីមាស​ទី​២ ។ ការវិនិយោគ​លើ​វិស័យ​បច្ចេកទេស​កម្រិត​ខ្ពស់​មាន​ទំហំ​កាន់តែ​ធំ​ឡើង ចំណែក​ផលិតផល​ដែល​ពាក់ព័ន្ធ​នឹង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ។​

​នៅ​ត្រីមាស​ទី​២​ប្រទេស​ចិន​បន្ត​ជំរុញ​ការធ្វើកំណែទម្រង់​និង​ពង្រីក​ការបើកចំហ​ឱ្យ​កាន់តែ ស៊ីជម្រៅ​ដើម្បី​ផ្តល់​កាលានុវត្តភាព​ថ្មី​ដល់​ក្រុមហ៊ុន​បរទេស​ក្នុង​ការធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ចិន​។ ក្រសួងពាណិជ្ជកម្ម​ចិន​បានប្រកាស​នៅ​ថ្ងៃទី​១៦ ខែកក្កដា ថា នៅ​ត្រីមាស​ទី​២​ទុនវិនិយោគ បរទេស​ដែល​ប្រើប្រាស់​ដោយ​ប្រទេស​ចិន​បាន​កើនឡើង​៨,៤% បើ​ប្រៀបធៀប​នឹង​រយៈពេល ដូចគ្នា​នៅ​ឆ្នាំ​២០១៩ ។ អ្នកវិនិយោគ​បរទេស​កាន់​តែមាន​ទំនុកចិត្ត​លើ​គម្រោង​វិនិយោគ​ក្នុង ប្រទេស​ចិន​។​

​អ្នកសិក្សា​ស្រាវជ្រាវ​នៃ​ប្រទេស​ច្រើន​បាន​លើក​ជាម​តិ​ថា​សេដ្ឋកិច្ច​ចិន​បាន​ឈានចូល​គន្លង​ងើបឡើង​វិញ​ដោយមាន​ស្ថិរភាព​ដែល​បាន​នាំមក​នូវ​ក្តីសង្ឃឹម​ថ្មី​សម្រាប់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​។ លោក ហ្វូ​រេ​ត​លី​ក ប៉ាល់​តាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ប្រឹក្សា យោបល់​ពាណិជ្ជកម្ម​សាយ​បែ​ស៍​ប្រទេស​បែលហ្ស៊ិក​បានបញ្ជាក់​ថា​ទិន្នន័យ​អំពី​កំណើនសេដ្ឋកិច្ច ចិន​ប្រចាំត្រីមាស​ទី​២ បាន​សបញ្ជាក់​ឱ្យឃើញថា​ប្រទេស​ចិន​មាន​ល្បឿន​លឿន​ក្នុង​ការស្តារ ឡើងវិញ​នូវ​សេដ្ឋកិច្ច​ក្នុងប្រទេស​។ សេដ្ឋកិច្ច​ចិន​មាន​ភាពស្វិត​ហើយនឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច ពិភពលោក​រួចខ្លួន​ចេញ ពី​គ្រា​លំបាក​ ៕