តារាសម្តែងថៃដ៏ល្បីក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ មានសតិមិនគ្រប់ ក្លាយជាមនុស្សញៀនថ្នាំ រស់នៅកន្លែងចាក់សំរាម ឥឡូវស្លាប់នៅវ័យ៣៣ឆ្នាំ

328
ចែករម្លែក

វេបសាយព័ត៌មាន China Press បានរាយការណ៍ថា អតីតតារាសម្តែងថៃដ៏ល្បីឈ្មោះ នាង តៃ ម៉ានូសាណាន ប៉ានឌី អាយុ ៣៣ ឆ្នាំ ដែលធ្លាក់ខ្លួនក្រីក្រតោកយ៉ាកនៅប៉ុន្មានឆ្នាំមកនេះ ត្រូវគេប្រទះឃើញដេកស្លាប់នៅផ្ទះមួយកាលពីថ្ងៃទី ២៣ ខែកក្កដា។

ប៉ូលិសបានទទួលដំណឹងអំពីបទ្ទវហេតុនេះនៅម៉ោងប្រហែល ១០ ព្រឹក។ មិនមានសញ្ញានៃការវាយដំទាំងនៅលើរាងកាយរបស់នាងនិងនៅក្នុងផ្ទះនោះទេ ហើយនាងស្លាប់នៅក្នុងកន្លែងដេក។ នាងត្រូវបានរកឃើញស្លាប់ដោយម្ចាស់ផ្ទះដែលជាមិត្តភក្តិក្រុមគ្រួសាររបស់នាង គឺ លោក ចាន គង់កែវ អាយុ ៨១ ឆ្នាំ។

នាងគឺជាតារាសម្តែងវ័យជំទង់ថៃដ៏ល្បីល្បាញម្នាក់កាលពី ១៣ ឆ្នាំមុននិងបានសម្តែងជាតួរងនៅក្នុងរឿងភាគទូរទស្សន៍ ភាពយន្ត ពាណិជ្ជកម្ម និង ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតជាច្រើន។ ភាពយន្តល្បីៗមួយចំនួនរបស់នាងគឺរឿង “Noodle Boxer” និង រឿង “See How They Run”។ នាងក៏បានក្លាយជាអ្នកចម្រៀងលេចធ្លោនៅលើឆាកនានានៅទីក្រុងបាងកកផងដែរ។

ទោះយ៉ាងណា កាលពីឆ្នាំមុននាងត្រូវបានគេរកឃើញដើរសុំទាននៅតាមដងផ្លូវក្នុងស្រុកឈុនបុរីដោយកោរសក់ក្បាល។ នាងរស់នៅក្នុងភាពក្រីក្រនៅកន្លែងមួយនៅជុំវិញកន្លែងចាក់សំរាមហើយមានបញ្ហាផ្លូវចិត្តនិងរាងកាយផ្សេងៗ។

អ្នកខ្លះបាននិយាយថា នាងតៃបានវិវត្តទៅរកជំងឺផ្លូវចិត្តបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ហើយត្រូវបានចាប់ខ្លួនជាច្រើនដងជាមួយនឹងបទចោរកម្មនិងគ្រឿងញៀនផ្សេងៗគ្នាកាលពីឆ្នាំ ២០១៦ និង ២០១៨។ គ្រោះថ្នាក់ចរាចរណ៍នោះបានសម្លាប់មិត្តបុរសនាងជាតារាចម្រៀង ជាហេតុធ្វើឱ្យនាងបាក់ទឹកចិត្តនិងក្លាយជាមនុស្សញៀនថ្នាំរហូតមក៕ ដោយ៖ កញ្ញាដាលីស