មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បើក​ដំណើរការ​មជ្ឈមណ្ឌល​មួយ​នៅ​ខេត្តតាកែវ អំពី​របប​ខ្មែរក្រហម និង​ផលវិបាក​នៃ​របប​នេះ​

229
ចែករម្លែក
លោកស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង កីឡា ចូលរួម​ជា​គណអធិបតី​ក្នុង​ពិធី​បើកសម្ពោធ «​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​» ខេត្តតាកែវ ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​។
(​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​មី​ឆែ​ល វ៉ា​ជុន​/ភ្នំពេញៈមជ្ឈមណ្ឌល​នេះ​នឹង​ជួយ​បណ្តុះបណ្តាល​គ្រូបង្រៀន​ប្រវត្តិសាស្ត្រ ដែល​នឹង​បង្រៀន​ប្រវត្តិសាស្ត្រ​នៃ​របប​នេះ នៅតាម​បណ្តា​សាលា​រដ្ឋ ព្រមទាំង​ព្យាយាម​ជួយ​ឲ្យ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ចែករំលែក​រឿងរ៉ាវ​រប​ស់​ខ្លួន​ទៅកាន់​កូនចៅ​របស់គាត់​។

​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ នៅពេលដែល​ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​សង្គ្រាមស៊ីវិល ខេត្តតាកែវ​បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ខ្មែរក្រហម​ទៅហើយ​។​ជំរំ​ការងារ​ដំបូងបង្អស់ ដែល​ក្រោយមក​ត្រូវបាន​បង្កើតឡើង​នៅ​ទូទាំងប្រទេស​ក្នុង​របប​នោះ បាន​បើក​ដំណើរការ​ប្រហែល​ឆ្នាំ​១៩៧៣ អម​ជាមួយ​គុក​និង​មន្ទីរ​សម្លាប់​គ្រប់គ្រង​ដោយ តា​ម៉ុក ដែល​បន្ទាប់​មកជា​អ្នកពាក់ព័ន្ធ​នឹង​បន្សុទ្ធកម្ម​ដ៏​អសោច​របស់​ខ្មែរក្រហម​ជាច្រើន​ទៀត​។ បន្សុទ្ធកម្ម​ទាំងនោះ ក៏​ចាប់​ផ្តើមចេញពី​ខេត្តតាកែវ​ដែរ​។
​ ​ហេតុនេះហើយ​ទើប​កាលពី​ឆ្នាំមុន នៅពេលដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សម្រេចចិត្ត​បើក​ដំណើរ​មជ្ឈមណ្ឌល​នៅ​ខេត្តតាកែវ ដោយ​រួមសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន​និង​កីឡា បានគ្រោង​ដាក់បញ្ចូល​ព្រឹត្តិការណ៍​ជាក់លាក់​នានា ដែល​ធ្លាប់បាន​កើតឡើង​នៅក្នុង​ខេត្ត​នេះ​ក្នុងអំឡុង​របប​ខ្មែរក្រហម​។

កង​កុមារី​វ័យ​ជំទង់ កំពុង​ជញ្ជូន​សម្ភារ និង​គ្រាប់រំសេវ​។ រូបថត​ប្រហែល​ក្នុង​ឆ្នាំ​១៩៧៧​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​ឆ្លុះបញ្ចាំង​ពី​ផលវិបាក​ដែល​ប្រទេស​កម្ពុជា​បាន​ទទួលរង​បន្ទាប់ពី​សង្គ្រាម និង​ជម្លោះ​ជាច្រើន​ទសវត្សរ៍ ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ព្រមទាំង​បទពិសោធន៍​ឆ្លងកាត់ ដែល​អ្នក​រស់រានមានជីវិត​ជាច្រើន​ក្នុង​ព្រឹ​ត្ត​ការណ៍​ទាំងនោះ នៅ​មិនទាន់​អាច​ទទួលយកបាន​ទាំងស្រុង​នៅឡើយ​។​
.​ការបង្រៀន​គ្រូ​អំពី​វិធីសាស្ត្រ​បង្រៀន​អំពី​ប្រវត្តិសាស្ត្រ​នៃ​របប​នេះ​ដែល​ទើបតែ​បញ្ចប់ទៅ​ថ្មីៗ​
​ ​មជ្ឈមណ្ឌល​នេះ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ដោយមាន​វត្តមាន​រប​ស់លោក​ស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​នៅក្នុង​ពិធី​បើកសម្ពោធ​ថា ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ កម្មវិធី​នេះ​មាន​វត្តមាន​ភ្ញៀវ​ចូលរួម​ប្រមាណ​២០​នាក់​តែប៉ុណ្ណោះ ដោយ​ភ្ញៀវ​កិ​ត្ត​យស​ទាំងអស់​ត្រូវ​ពាក់​ម៉ាស​ការពារ និង​វាស់​កម្ដៅ​នៅពេល​អញ្ជើញ​មកដល់ ព្រមទាំង​ត្រូវគោរព​តាម​គោលការណ៍​រក្សា​គម្លាត​។​

ដោយសារតែ​តួនាទី​មួយ​ក្នុងចំណោម​តួនាទី​ទាំងអស់​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​ជួយ​បណ្តុះបណ្តាល​គ្រូ​ដែល​បង្រៀន​ក្នុង​មុខវិជ្ជា​ប្រវត្តិសាស្ត្រ​នៅតាម​បណ្តា​សាលា​រដ្ឋ មជ្ឈមណ្ឌល​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ​។ លោក ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​ស្រាវជ្រាវ និង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​មានប្រសាសន៍ថា «[​យើង​]​មិន​ចង់​ឲ្យ​គ្រូបង្រៀន បង្រៀន​ពី​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ខុស​»​។

​លោក​បាន​ពន្យល់ថា គ្រូ​ផ្នែក​ប្រវត្តិសាស្ត្រ​ដែល​បង្រៀន​នៅតាម​សាលារៀន​ទូទាំងប្រទេស​កម្ពុជា មាន​ពីរ​ក្រុម​។ ក្រុម​ទីមួយ គឺជា​គ្រូបង្រៀន​ដែល​ធ្លាប់បាន​ឆ្លងកាត់​របប​នេះ (​ពី​ខែមេសា ឆ្នាំ​១៩៧៥ ដល់ ខែមករា ឆ្នាំ​១៩៧៩) ឬ​សង្គ្រាមស៊ីវិល​ដែល​បាន​កើតមានឡើង​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ។ លោក រ៉ាស៊ី បាន​លើកឡើងថា «​អ្នក​ទាំងនេះ មាន​អារម្មណ៍​ខឹងសម្បារ ហើយ​បានដាក់​កំហឹង​នេះ​ទៅក្នុង​ការបង្រៀន​របស់​ខ្លួន​។ ចំណែកឯ​សិស្សានុសិស្ស​ក៏មាន​អារម្មណ៍​ថា​ខឹង​ដែរ​។​»
​ ​លោក​បាន​បន្តថា «​គ្រូបង្រៀន​មួយក្រុម​ទៀត គឺជា​អ្នកជំនាន់ក្រោយ​ដែល​កើត​ក្រោយ​របប​ខ្មែរក្រហម​។ គ្រូបង្រៀន​ទាំងនោះ មិនបាន​ដឹង​អំពី​ខ្មែរក្រហម​ឬ​ពី​វិធីសាស្ត្រ​បង្រៀន​ប្រវត្តិសាស្ត្រ​នៃ​របប​នេះ​ទេ​។ ដោយសារតែ​មូលហេតុ​នេះ យើង​ចង់​ប្រមូលផ្តុំ​គ្រូ​ទាំងពីរ​ក្រុម ដើម្បី​ពន្យល់​បកស្រាយ​អំពី​វិធីសាស្ត្រ​បង្រៀន​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ក្នុង​គោលបំណង​ពិភាក្សា​ខ្លឹមសារ​ប្រវត្តិសាស្ត្រ ព្រមទាំង​ផ្តល់​ជា​វិធីសាស្ត្រ​បង្រៀន​ដល់​គ្រូ​ទាំងនោះ​។​»


.​បង្ហាញ​អំពី​ព្រឹត្តិការណ៍​នានា ដែល​លងបន្លាច​ប្រជាជន​រហូតដល់​សព្វថ្ងៃ​
​ ​មជ្ឈមណ្ឌល​ខេត្តតាកែវ ត្រូវបាន​រៀបចំឡើង ដើម្បី​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​នេះ​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​។​
​ ​លោក រ៉ាស៊ី បាន​និយាយថា “​ប្រសិនបើ​អ្នក​ទៅ​ទស្សនា​ការិយាល័យ​នេះ អ្នកនឹង​ឃើញ​រូបថត​របស់​មនុស្ស​ចំនួន​៣០​នាក់ ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅ​ក្នុងស្រុក​អន្លង់វែង​។ អ្នក​ទាំងនេះ​មាន​ដើមកំណើត​មកពី​ខេត្តតាកែវ ហើយ​គាត់​គឺជា​សាច់ញាតិ​របស់​អតីត​សមាជិក​ខ្មែរក្រហម ដែល​បាន​ផ្លាស់​ទៅ​នៅ​ស្រុក​អន្លង់វែង​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​មិនដែល​ត្រឡប់មកវិញ​ទេ​។

លោក រ៉ាស៊ី បាន​បន្តទៀតថា មាន​រូបថត​នៃ​អតីត​អ្នកទោស​ខ្មែរក្រហម​មកពី​ខេត្តតាកែវ​ចំនួន​៣៦​សន្លឹក​ទៀត​ដែរ​។ «​រូបថត​ទាំងអស់នេះ​ត្រូវបាន​ថត​នៅ ទួលស្លែង [​ជំរំ​សម្លាប់​ក្នុង​ទីក្រុង​ភ្នំពេញ​] នៅ​ចន្លោះ​ឆ្នាំ​១៩៧៦​និង​ឆ្នាំ​១៩៧៨​។ នេះ​មានន័យថា​ប្រជាជន​ទាំងអស់​នៅក្នុង​បណ្តុំ​រូបថត​នេះ បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​។
​ ​លោក រ៉ាស៊ី បាន​បន្ថែមថា «​មនុស្ស​ទាំង​២​ក្រុម​ខាងលើ មាន​ដើមកំណើត​មកពី​ខេត្តតាកែវ​»​។​

​បណ្តុំ​រូបថត​ទាំងពីរ​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​ស្មុគស្មាញ ដែល​បន្សល់ទុក​ដោយរ​បប​ខ្មែរក្រហម និង​សង្គ្រាម​ដែល​កើតមាន​នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ ហើយ​មនុស្ស​ជាច្រើន​បាន​បន្ត​ប្រឈម​តទល់​នឹង​ស្ថានភាព​ស្មុគស្មាញ​ទាំងអស់នោះ​។​
​ ​អ្នកស្រី សូ ហ្វា​រី​ណា នាយករង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​មានប្រសាសន៍ថា «​នៅ​ឆ្នាំ​១៩៧៣ ប្រហែល​ជាង​៧០​ភាគរយ​នៃ​ផ្ទៃ​ប្រទេស (​រួមទាំង​ខេត្តតាកែវ​) ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ខ្មែរក្រហម​។ ប្រជាជន​ត្រូវបាន​បង្ខំ​ឲ្យ​ចូលរួម​ក្នុង​ចលនា​ខ្មែរក្រហម ហើយ​ក្នុងអំឡុងពេល​នៃ​ការ​បោសសម្អាត​ដែល​ធ្វើឡើង​ដោយ​របប​នេះ នៅ​រវាង​ឆ្នាំ​១៩៧៧ ដល់ ឆ្នាំ​១៩៧៨ អ្នក​ដែល​បាន​ចូលរួម​ជាមួយ​ខ្មែរក្រហម​ជាច្រើន បាន​ទៅ​រស់នៅ​ក្នុងស្រុក​អន្លង់វែង ដែល​ក្រោយមក​ក្លាយទៅជា​តំបន់​កាន់កាប់​របស់​ខ្មែរក្រហម​នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ អ្នក​ទាំងនោះ​មិនដែល​វិលត្រឡប់​ទៅ​ស្រុក​វិញ​ទេ ដោយសារ​មូលហេតុ​ថា អ្នក​ទាំងនោះ​ខ្លាចរអា​ចំពោះ​ការ​សងសឹក​ប្រសិនបើ​ខ្លួន​វិលត្រឡប់​ស្រុកកំណើត​វិញ ឬ​ដោយសារតែ​អ្នក​ទាំង​នោះបាន​កសាង​ជីវិត​របស់ខ្លួន​នៅ​ស្រុក​អន្លង់វែង​រួចទៅហើយ​។​

ការដ្ឋាន​លើក​ទំនប់​ជីក​ប្រឡាយ​ក្នុង​របប​ខ្មែរក្រហម​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​ការតាំង​បង្ហាញ​បណ្តុំ​រូបថត​ទាំងនេះ នៅ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ផ្សាភ្ជាប់​ក្រុម​ខាងលើ​ជាមួយនឹង​សាច់ញាតិ​របស់ខ្លួន​នៅក្នុង​ខេត្តតាកែវ​។ លោក រ៉ាស៊ី បាន​បន្តថា «​បច្ចុប្បន្ន មានតែ​រូបថត​របស់​បុគ្គល​ទាំងនោះ​តែប៉ុណ្ណោះ ដែល​បង្ហាញខ្លួន​នៅ​ខេត្តតាកែវ​។ ប៉ុន្តែ​នៅពេល​ក្រោយ បុគ្គល​ទាំងនេះ​អាច​នឹង​មកកាន់​ខេត្តតាកែវ​ដោយផ្ទាល់ ដើម្បី​ស្វែងរក ជួប និង​និយាយ​ទៅកាន់​ក្រុមគ្រួសារ​របស់ខ្លួន​។​»
​ ​ដោយសារតែ​ការផ្សះផ្សា​គឺជា​គោលដៅ​របស់​មជ្ឈមណ្ឌល​នៅតាម​ខេត្ត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​៖ អនុញ្ញាត​ឲ្យ​មាន​អន្តរ​កម្ម​រវាង​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ដែល​តស៊ូ​រស់រានមានជីវិត​ពី​របប​នេះ និង​អតីត​ខ្មែរក្រហម​, លើកទឹកចិត្ត​ឲ្យ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ទាំងនោះ​និយាយ​ទៅកាន់​កូន និង​ចៅ​របស់ខ្លួន ដោយហេតុថា​អ្នក​រស់រានមានជីវិត​ភាគច្រើន​មិន​ធ្លាប់បាន​រៀបរាប់​ពីបទ​ពិសោធន៍​របស់ខ្លួន​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ពីមុនមក​។​


.​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាជន​នៅ​ទូទាំងប្រទេស ទាំង​តាម​ប្រព័ន្ធ​អន​ឡាញ​និង​ដោយផ្ទាល់​
​ ​លោក រ៉ាស៊ី បាន​និយាយថា «​នៅក្នុង​អំឡុងពេល​ជំងឺ​រាតត្បាត​ជា​សាកល​នេះ ការប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ​អន​ឡាញ​ចាំបាច់​គួរ​ធ្វើឡើង​ជាង​ការទាក់ទង​ផ្ទាល់ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែលមាន​ទីតាំងនៅ​ទីក្រុង​ភ្នំពេញ បានរៀបចំ​កន្លែង​និង​ឧបករណ៍ ដែល​អាច​ឲ្យ​មនុស្សម្នា​អាចធ្វើ​សន្និសីទ​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ប្រជាជន​នៅ​ខេត្តតាកែវ​ក៏​អាច​ចូលរួម​សន្និសីទ​នេះ​បាន​តាម​ប្រព័ន្ធ​អន​ឡាញ​ដូចគ្នា នៅឯ​មជ្ឈមណ្ឌល​ខេត្តតាកែវ​។ បន្ថែម​លើសពីនេះទៅទៀត មជ្ឈមណ្ឌល​ខេត្តតាកែវ អនុញ្ញាត​ឲ្យ​ប្រជាជន​ចូលទៅ​ប្រើប្រាស់​បណ្ណសា​រឯក​សារ​ស្តីពី​របប​ខ្មែរក្រហម​ដ៏​សម្បូរបែប​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា តាម​ប្រព័ន្ធ​អន​ឡាញ​ថែម​ទៀតផង​។​
​ ​អ្នកស្រី ហ្វា​រី​ណា បាន​និយាយថា «​ទោះបីជា​យ៉ាងណាក្តី សកម្មភាព​ទាំងអស់​មិនអាច​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំងអស់​ទេ នេះ​ជា​មូល​ហេតុដែល​ការបង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ពិតប្រាកដ គឺ​ពិត​ជាមាន​សារសំខាន់​។ ការ​ទៅ​ស្វែ​ករក​ឯកសារ​ដោយផ្ទាល់​គឺ​សំខាន់​ដូចគ្នា​ដូច​ទៅនឹង​ការប្រើប្រាស់​ឯកសារ​តាម​ប្រព័ន្ធ​អន​ឡាញ ពីព្រោះថា ដើម្បី​រំឭក​ប្រជាជន​កម្ពុជា​និង​ពិភពលោក​ពី​អំពើ​ប្រល័យពូជសាសន៍ ព្រមទាំង​ដើម្បី​ទប់ស្កាត់​ការកើតមាន​ឡើងវិញ​នៃ​អំពើហិង្សា​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅតាម​ទីតាំង​ដទៃទៀត យើង​ចាំបាច់​ត្រូវមាន​ទីតាំង​ពិតប្រាកដ និង​ការខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​។

ពីឆ្វេង​ទៅ​ស្តាំ​៖ អុល​, អ៊ី​ម​, ផេង​, អោ​, ញ៉េប (​សុខ​), សាន្ត សុខ និង​ផ្លូច​។ សាន្ត សុខ រួម​ចលនា​តស៊ូ​បដិវត្តន៍ ថត​រួមជាមួយ​ប្អូនៗ បុគ្គលិក​អង្គភាព គណកម្មាធិការ​ទទួល​ប្រជាជន​ជម្លៀស ស្រុក​ព្រៃកប្បាស (​ហៅ​ស្រុក​៥៥) ឆ្នាំ​១៩៧២​។​
(​សាន្ត សុខ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​អ្នកស្រី ហ្វា​រី​ណា បាន​បន្តថា «​ដូច្នេះ នេះ​គឺជា​ហេតុផល​សំខាន់​មួយ ដែល​យើង​បង្កើត​មជ្ឈមណ្ឌល​ខេត្តតាកែវ និង​មជ្ឈមណ្ឌល​នៅតាម​បណ្តា​ខេត្ត​នានា​។ ទន្ទឹមនឹង​នេះដែរ គឺ​ដើម្បី​បញ្ជាក់ថា​ប្រជាជន​ឬ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម មិនមែន​មាននៅ​ក្នុង​ទីក្រុង​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ហើយ​យើង​ចាំបាច់​ចូលទៅ​ជិត​គាត់​»​។
​ ​លោកស្រី​បាន​បន្ថែមថា នេះ​គឺជា​មូល​ហេតុដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គ្រោង​នឹង​បើក​មជ្ឈមណ្ឌល​មួយចំនួន​បន្ថែមទៀត ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ​។​
​ ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ អាច​បើក​ដំណើរការបាន ដោយសារ​ទទួលបាន​ជំនួយ​គាំទ្រ​ចម្បង​ពី​សំណាក់​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​។
​ ​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ក៏បានផ្តល់​ការគាំទ្រ​ចំពោះ​ការបើក​ដំណើរការ​មជ្ឈមណ្ឌល​តា​ម​បណ្តា​ខេត្ត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​ទូទាំង​ផ្ទៃ​ប្រទេស​ដែរ​៕srn