Apple ប្រកាសពន្យារពេលចេញទូរស័ព្ទ iPhone 12 ដោយសារវីរុសកូរ៉ូណា

286
ចែករម្លែក

ក្រុមហ៊ុន Apple បានបញ្ជាក់កាលពីថ្ងៃសុក្រទី៣១កក្កដាថា កាលបរិច្ឆេទចេញលក់ iPhone 12 នឹងត្រូវពន្យារពេលរហូតដល់ខែតុលា បន្ទាប់ពីការបិទទ្វារប្រទេសជាច្រើនដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលបង្កការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។

ការប្រកាសនេះមានន័យថា បណ្តាញផលិតផលថ្មីនេះនឹងខកខានរដូវកាលបើកទីផ្សារលក់ទូរស័ព្ទរបស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះនៅខែកញ្ញា។

ការបញ្ជាក់អំពីការពន្យារពេលនេះកើតឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមផ្សព្វផ្សាយដោយអ្នកទម្លាយព័ត៌មានបច្ចេកវិជ្ជាឈ្មោះ ចន ប្រូសស័រ កាលពីដើមសប្តាហ៍នេះថា iPhone និង iPad ថ្មី នឹងត្រូវបង្ហាញខ្លួននៅខែតុលា។

ការពន្យារពេលចេញលក់ iPhone 12 ត្រូវបានប្រកាសក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទអំពីប្រាក់ចំណូលចុងក្រោយរបស់ក្រុមហ៊ុន Apple ដែលក្នុងនោះក្រុមហ៊ុនបានប្រកាសព័ត៌មានវិជ្ជមានសម្រាប់ត្រីមាសទី ៣ ក្នុងឆ្នាំនេះ។

ត្បិតមានផលប៉ះពាល់ពីជំងឺកូវីដ១៩ ដែលរំខានយ៉ាងខ្លាំងដល់ប្រព័ន្ធផ្គត់ផ្គង់ ការលក់ទូរស័ព្ទ iPhone បានកើនឡើង ២ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែល Apple និយាយថាដោយសារកំណើនការទិញម៉ូដែល iPhone SE ស៊េរី ២០២០ ។

ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថាការលក់ iPad និងកុំព្យូទ័រ Mac បានទទួលនូវកំណើន២ខ្ទង់ផងដែរ បើទោះបីជាមានផលប៉ះពាល់ពីកូវីដក្តី។

នាយកប្រតិបត្តិ Apple លោក ធីម ឃុគ បានថ្លែងតាមទូរស័ព្ទថា “យើងជឿជាក់ថាយើងនឹងមានរដូវសម្រុកទិញខ្លាំងក្លាត្រឡប់មកវិញ”៕ ដោយ៖ កញ្ញាដាលីស

iPhone 12 នឹងបង្ហាញខ្លួននៅខែតុលា ជំនួសឱ្យខែកញ្ញា