ក្រុមប្រឹក្សាធម្មនុញ្ញ​ទទួលស្គាល់​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​

1622
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្រុមប្រឹក្សាធម្មនុញ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧​នេះ​បានប្រកាស​ទទួលស្គាល់​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​សមា​​ជិ​ក​ព្រឹទ្ធសភា ដែល​ទើប​ធ្វើ​វិសោធនកម្ម​ថា​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​។
​ ​
​ច្បាប់បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ត្រូវបាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ហើយ​បានអនុម័ត​នៅក្នុង​កិច្ចប្រជុំ​សភាពេញអង្គ​នៅ​ថ្ងៃ​​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ក្រោម​សំឡេងគាំទ្រ ៩៧ លើ​១០៨​។ ការស្នើ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​នេះ​ត្រូវបាន​ព្រឹទ្ធសភា​ពិនិត្យ​និង​ឲ្យ​​យោបល់​ឯកភាព​ទាំងស្រុង​លើ​ទម្រង់ និង​គតិ​ច្បាប់​ដោយ​ឥត​កែប្រែ​ក្នុងសម័យ​ប្រជុំ​លើក​ទី​១០ នីតិកាល​ទី​៣ នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧​។​
​ ​
​វិ​សោធ​កម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​បន្ថែម​កៅអី ១​អ​សនៈ​ទៀត​នៅក្នុង​​ស្ថាប័នព្រឹទ្ធសភា ដែល​នឹងធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា កើន​ឡើងដល់​ចំនួន ៦២​រូប​។ ការធ្វើ​វិសោធន​កម្មនេះ​ក៏មាន​ការកែប្រែ​ប្រការ​មួយ​​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​យុទ្ធនា​ការឃោសនា និង​អង្គ​បោះឆ្នោត​ជាដើម​។​
​ ​
​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បញ្ជាក់ថា សេចក្ដីសម្រេច​នេះ ត្រូវបាន​សម្រេច​ជា​ស្ថាពរ បិទផ្លូវ​តវ៉ា​ហើយ​មាន​អានុភាព​អនុវត្ត​ទៅលើ​អំ​​ណា​ច​ទាំងអស់ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ចុះផ្សាយ​ក្នុង​រាជកិច្ច​៕ ដោយ ៖វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម