តារា​សម្តែង​ជើងចាស់ ប៉ែន សុ​ផានី បាត់បង់​ម្តាយ​

327
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​ស្រី​ជើងចាស់​ដ៏​ល្បី​គឺ​អ្នកស្រី ប៉ែន សុ​ផានី កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ មាន​អារម្មណ៍​ខូចចិត្ត​យ៉ាងខ្លាំង ដោយសារ​ម្តាយបង្កើត​របស់​អ្នកស្រី​ទទួល​មរណៈ​។

​អ្នកស្រី ប៉ែន សុ​ផានី បាន​រៀប​រាប់ទាំង​សោកសៅ​ថា ម្តាយបង្កើត​របស់​អ្នកស្រី​ទទួល​មរណៈ កាលពី​ម៉ោង​១១​ថ្ងៃត្រង់​ទី​៣១ ខែកក្កដា កន្លងមកនេះ​។ ម្តាយ​របស់​អ្នកស្រី​មក​ពេលនេះ​មាន វ័យ​៦៩​ឆ្នាំ ដោយ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក ទើប​លាចាក​កូនចៅ និង​អ្នកស្រី​។ ម្តាយ​របស់​អ្នកស្រី គឺមាន​ជំងឺមហារីក​ស្បូន អស់​រយៈ​១០​ឆ្នាំ ហើយ​មួយរយៈ​ចុងក្រោយ​នេះ​វា​ធ្វើបាប​ម្តាយ​របស់អ្នកស្រី​ខ្លាំង​រហូតដល់​ទទួលមរណភាព​តែម្តង​។

​អ្នកស្រី ប៉ែន សុ​ផានី បាន​និយាយ​ទាំង​ទឹកភ្នែក​ស្រក់​បណ្តើរ​ទៀតថា អ្នកស្រី​ស្រណោះ​សម្ត របស់​ម្តាយ ដែល​បាន​ផ្តែផ្តាំ​ចុងក្រោយ ឱ្យ​បន្ត​ភារកិច្ច​មើលថែ​ប្អូនៗ មិនឱ្យ​ឈ្លោះ​គ្នា​ប្រ​កែ​តវ៉ា ចេះ​ស្រឡាញ់គ្នា​ខ្លាំង​ឡើង​។ អ្នកស្រី​ផ្ទាល់​ក៏​នឹកឃើញ​កាល​គ្រា​នៅ​ក្រ ធ្លាប់​ឡើង​បេះ​គនិង ដើរ​ទូល​នំ​លក់​ជាមួយ​ម្តាយ​។

​តារា​សម្តែង​ជើងចាស់ ដែលមាន​ប្រជាប្រិយ​ខ្លាំង​រូបនេះ​បាន​និយាយថា ពិធី​បុណ្យសព​របស់ម្តាយ​របស់​អ្នកស្រី​ធ្វើ​រយៈពេល​បី​ថ្ងៃ​ដោយ​តម្កល់សព​មិន​បូជា​ដល់​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ ។ ពិធី​បញ្ចុះសព​របស់​ម្តាយ​នៅ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ទឹកដី​ខេត្តកំពត នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ ហើយ​ពិធីបុណ្យ​៧​ថ្ងៃ​និង​១០០​ថ្ងៃនោះ​អ្នកស្រី​មិនទាន់​សម្រេច​ថា​ថ្ងៃ​ណានៅឡើយ​៕ ដោយ​: បូ​រិ​ន​/Ha