ខែកញ្ញា ខាងមុខនេះ កីឡាករ​ប្រណាំង​កង់ ៣ រូប នឹង​ទៅ​ហាត់ នៅ​ប្រទេស​បារាំង​

63
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
បើតាម​ការ​ឲ្យ​ដឹង​ពី សហព័ន្ធ​ប្រណាំង​កង់​កម្ពុជា នោះ​ថា នៅ​ខែកញ្ញា ខាងមុខនេះ សហព័ន្ធ នឹង​បញ្ជូន​កីឡាករ ប្រណាំង​កង់​ឈុត​ធំ ទៅ​ហ្វឹកហាត់ រយៈពេល ៣ ខែ នៅ​ប្រទេស​បារាំង ។​

​ការ​ចេញទៅ​ហ្វឹកហាត់​នេះ គឺ​ដោយសារ​មាន ការជួយជ្រោមជ្រែង ពី​សមាគម​កីឡា​ប្រណាំង ទោចក្រយាន នៅ​ប្រទេស​បារាំង (Cambodia Cycling Academy) ។ កីឡាករ ទាំង ៣ រូប ដែល​ត្រូវ​ចេញ ទៅ​ហ្វឹកហាត់​នោះ មាន​កីឡាករ យឿន ភី​យុទ្ធ កីឡាករ ហួត លយ​រស្មី និង​កីឡាករ គឹម ចាន់ធូ ។ តាម​ការ​ឲ្យ​ដឹង ពួកគេ បាន​ចូលខ្លួន​សម្ភាសន៍ និង​រៀបចំ​សំណុំបែបបទ រួចរាល់​អស់ហើយៗ ពួកគេ នឹង​ចេញដំណើរ ទៅ​ហ្វឹកហាត់ នា​ខែកញ្ញា ខាងមុខនេះ ។​

​ការ​ចេញទៅ​ហ្វឹកហាត់​នេះ គឺ​ខាង​សមាគម​ទោចក្រយាន នៅ​ប្រទេស​បារាំង ជា​អ្នករ៉ាប់រង ក្នុង​ការជួយ​រៀបចំ លិខិតស្នាម​នានា រ៉ាប់រង​ការ​ស្នាក់នៅ ហូបចុក និង​ថ្លៃ​សំបុត្រ​យន្តហោះ សម្រាប់​ធ្វើដំណើរ ទាំង​ទៅ ទាំង​មក ។​

កីឡាករ​ទាំង ៣ រូប ពេល​ទៅ​បំពេញបែបបទ នៅ​ស្ថានទូត​បារាំង​

​កីឡាករ​ប្រណាំង​កង់​កម្ពុជា ទាំង ៣ រូបនេះ នឹង​ហ្វឹកហាត់ ជាមួយ​ក្រុមកីឡា​ករប​រទេស ដែលមាន​គ្រូ​ជនជាតិ​បារាំង ជា​អ្នក​បង្ហាត់ ។ ការហ្វឹកហាត់​នេះ សហព័ន្ធ មាន​ជំនឿ​ចិត្ត​ថា កីឡាករ​កម្ពុជា នឹងមាន​សមត្ថភាព កាន់តែ​ខ្ពស់ បទពិសោធន៍​កាន់តែ​ល្អ កម្លាំង ក៍​កាន់តែ​រឹងមាំ​។​

​ការហ្វឹកហាត់​នេះ ជា​ផ្នែក​មួយ នៃ​ការត្រៀមខ្លួន សម្រាប់​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម និង​ជាពិសេស ក៏​ជាការ​ត្រៀមខ្លួន សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ។ សហព័ន្ធ មិន​បានដឹង​ជាមុន​ឡើយ​ថា តើ​អំឡុងពេល​ហ្វឹកហាត់ នៅ​ប្រទេស​បារាំង​នេះ ពួកគេ​មានការ​ប្រកួត​ដែរ ឬ​អត់​នោះឡើយ ៕v