Microsoft កំពុងចរចាទិញ TikTok ពីចិន ក្រោយពេលលោកត្រាំពិចារណាហាមឃាត់កម្មវិធីបណ្តាញសង្គមនេះនៅសហរដ្ឋអាម៉េរិក

418
ចែករម្លែក

ខណៈប្រធានាធិបតីដូណាល់ ត្រាំកំពុងពិចារណាហាមឃាត់កម្មវិធីវីដេអូ TikTok ដែលគ្រប់គ្រងដោយចិននៅសហរដ្ឋអាម៉េរិក ឥឡូវស្រាប់តែក្រុមហ៊ុនអាម៉េរិកមួយកំពុងពិចារណាទិញយកវេទិកាបណ្តាញសង្គមមួយនេះ។

កាសែតញូវយ៉កថែមស៍បានរាយការណ៍ថា ក្រុមហ៊ុន Microsoft កំពុងពិភាក្សាទិញយក TikTok នេះយោងតាមប្រភពជាច្រើនដែលកត់សម្គាល់ថាកិច្ចព្រមព្រៀងនេះអាចនឹងផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិលើកម្មវិធីមួយនេះ។

ព័ត៌មាននេះកើតឡើងខណៈដែលលោកត្រាំគ្រោងនឹងប្រកាសការសម្រេចចិត្តនៅថ្ងៃសុក្រ (ព្រឹកថ្ងៃសៅរ៍នៅកម្ពុជា) ដែលអាចនឹងតម្រូវឱ្យដកហូតកម្មសិទ្ធិចេញពីក្រុមហ៊ុន ByteDance របស់ចិន បើចង់បន្តជីវិតនៅអាម៉េរិក។

TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណ ៨០០ លាននាក់នៅជុំវិញពិភពលោក បានបង្កើនការព្រួយបារម្ភក្នុងចំណោមមន្រ្តីនៅទូទាំងពិភពលោកនិងមន្ត្រីអាម៉េរិកជុំវិញលទ្ធភាពគំរាមកំហែងផ្នែកសន្តិសុខរួមជាមួយការអះអាងថា រដ្ឋាភិបាលចិនកំពុងប្រើប្រាស់បច្ចេកវិជ្ជានេះដើម្បីស៊ើបការណ៍លើពលរដ្ឋ។

លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃសុក្រថា “យើងកំពុងសម្លឹងមើល TikTok។ យើងអាចនឹងហាមឃាត់ TikTok។ យើងកំពុងស្វែងរកជម្រើសជាច្រើនទាក់ទងនឹង TikTok”។

ទោះយ៉ាងណា វាហាក់ដូចជាផែនការរបស់លោកត្រាំអាចនឹងជួបឧបសគ្គ ព្រោះថាបច្ចុប្បន្ននេះក្រុមហ៊ុន Microsoft កំពុងចរចាជាមួយក្រុមហ៊ុន ByteDance ដើម្បីក្លាយជាម្ចាស់ថ្មីលើ TikTok។

ប្រភពអនាមិកជាច្រើនបានប្រាប់កាសែតញូវយ៉កថែមស៍ថា​ កិច្ចព្រមព្រៀងកំពុងត្រូវបានចរចា ប៉ុន្តែមិនដឹងច្បាស់ទេថាតើគេចរចាគ្នាដល់ណា៕ ដោយ៖ កញ្ញាដាលីស

Microsoft កំពុងចរចាទិញ TikTok ពីចិន