ទិវា​ជាតិ នៃ ការបង្កើត​សម្ព័ន្ធ ស្វី​ស​

163
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាជន​ស្វី​ស ប្រារព្ធ​ទិវា​ជាតិ នៃ​ការបង្កើត​សម្ព័ន្ធ​របស់ខ្លួន​នៅ​ថ្ងៃទី​១ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងៃ​រួបរួមគ្នា​ដំបូង នៃ​ដែនដី ចំនួន​៣ ចងសម្ព័ន្ធភាព​គ្នា​រហូត​វិវឌ្ឍន៍ បង្កើតបានជា​ប្រទេស​ស្វី​ស សព្វថ្ងៃនេះ ។

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សម្ព័ន្ធ​សាធារណរដ្ឋ​ស្វី​ស កើត​ពី​ការរួបរួម​សម្បាច់​គ្នា នៃ​ដែនដី ចំនួន ២៦ មាន​ផ្ទៃដី​សរុប ៤១.២៨៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប​កណ្តាល ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ីតាលី អាល្លឺម៉ង់ បារាំង លិច​ថេ​ន​ស្តេ​ន និង​អូទ្រីស​។ ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជាង ៨ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់​គ្រិស្តសាសនា កាតូលិក ភាសាផ្លូវការ​របស់​ប្រទេស មាន​បួន​គឺ ភាសា អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​ភាសា​រ៉ូ​ម៉ាំង រដ្ឋធានី គឺ​ទីក្រុង​ប៊ែ​ន ។​

ប្រវត្តិសាស្ត្រ​
​ដោយ​ខ្លា​ចការ​លុកលុយ​របស់​អាណាចក្រ​អាល្លឺម៉ង់ ដ៏​មានអំណាច នៅ​ថ្ងៃទី​១ ខែ សីហា ឆ្នាំ​១២៩១ ដែនដី​នៃ​អាណ​ចក្រ​រ៉ូ​ម៉ាំង ចំនួន​៣ គឺ​តំបន់ Uri តំបន់ Schwyz និង Unterwalden បាន​ចងសម្ព័ន្ធភាព​គ្នា ហើយ​ថា​នឹង​ការពារ​គ្នា​ទៅវិញទៅមក ពី​ការ​បៀតបៀន​ណាមួយ ហើយ​ឱ្យឈ្មោះ​សម្ព័ន្ធ​នេះ​ថា “ សហព័ន្ធ​ស្វី​ស​ចាស់ “ ។ ខែវិច្ឆិកា ឆ្នាំ​១៣១៥ កងទ័ព​របស់ សហព័ន្ធ​ស្វី​ស​ចាស់ បាន​បើក​ការវាយប្រហារ ទៅលើ​កងទ័ព​អូទ្រីស នៅ​តំបន់ Morgarten ដណ្តើម​យកបាន​តំបន់​នោះ បាន​ពង្រីក​នូវ​តំបន់​ស្វ័យភាព​ពី​អាល្លឺម៉ង់ ។

​ឆ្នាំ​១៣៥៣ សម្ព័ន្ធភាព នៃ​តំបន់ Uri តំបន់ Schwyz និង Unterwalden ត្រូវបាន​ចូល​រួបរួម បន្ថែមទៀត ដោយ​តំបន់ Glarus តំបន់ Zug តំបន់ Lucerne តំបន់ Zürich និង តំបន់ Bern បង្កើតបានជា​សហព័ន្ធ​ស្វី​ស​ចាស់ ដែលមាន​រដ្ឋ​ជា​សមាជិក​ចំនួន ៨ ។

​អ្នកគ្រប់គ្រង​តំបន់ Toggenburg បាន​ស្លាប់​នៅ​ឆ្នាំ​១៤៣៦ ។ អ្នកដឹកនាំ​នៅ​តំបន់ Zürich បាន​ដណ្តើមយក​តំបន់ Toggenburg មក​ធ្វើជា​របស់ខ្លួន ប៉ុន្តែ​ត្រូវបាន​សមាជិក ៧ ផ្សេងទៀត នៃ​សហព័ន្ធ​ចាស់ បដិសេធ​មិន​ទទួលស្គាល់​នូវ​ទង្វើ​បែប​នោះ ក៏​បង្កើតបានជា​ទំនាស់​យ៉ាង ខ្លាំងក្លា ប៉ុន្តែ Zürich នៅតែ​បន្ត​ត្រួតត្រា​តំបន់ Toggenburg ដោយ​មិន​អើពើ​នឹង​ការជំទាស់ របស់​សមាជិក​ដទៃ​ឡើយ ។ ទីបំផុត Zürich ត្រូវបាន​បណ្តេញ​ចេញពី សហព័ន្ធ​ស្វី​ស​ចាស់ នៅ​ឆ្នាំ​១៤៤០ ហើយ​បាន ប្រកាស​សង្គ្រាម រវាង​សមាជិក​ទាំង ៧ ប្រឆាំង Zurich ។ ដោយ​ដឹងថា ខ្លួន​ម្នាក់ឯង មិនអាច​ទប់ទល់​នឹង​តំបន់​ទាំង ៧ បាន ទើប Zurich បាន​ទៅជា​សម្ព័ន្ធភាព​ជាមួយ អាណាចក្រ​អាល្លឺម៉ង់​វិញ ដែល​ដើមឡើយ គឺ​អាល្លឺម៉ង់ នោះ​ហើយ​ដែលជា​ប្រភព​ភ័យខ្លាច របស់​ស​សហព័ន្ធ​ស្វី​ស ។

​កងទ័ព​សម្ព័ន្ធមិត្ត នៃ​សហព័ន្ធ​ស្វី​ស​ចាស់ បាន​យកជ័យ​ជម្នះ និង​លុកលុយ​ទីក្រុង មួយចំនួន របស់ Zurich ហើយក៏​តែងតែ​ជួបប្រទះ​នូវ​ការវាយប្រហារ​បក​វិញ ដោយ Zurich ដែល​បង្កើត បានជា​ភាពមិន​ឈ្នះ មិន​ចាញ់ គឺ​បានត្រឹមតែ​មានប្រៀប​លើ​គ្នា ទៅវិញទៅមក​ម្តងម្នាក់​ប៉ុ​ណ្នោះ ហើយ​ទីបំផុត ភាគី​ទាំងសងខាង បាន​ខាតបង់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​យ៉ាងច្រើន​ក៏​ខ្សោះ អស់​ទឹកចិត្ត​ធ្វើសង្គ្រាម ទើប​ពួកគេ​បញ្ចប់សង្គ្រាម នៅ​ឆ្នាំ​១៤៤៦ ។ លុះដល់​ឆ្នាំ ១៤៥០ Zurich ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ជា​សមាជិក​សហព័ន្ធ​ចាស់​វិញ ។​

​នៅ​ឆ្នាំ​១៤៩៩ កងទ័ព​ស្វី​ស បាន​ប្រយុទ្ធ​ដណ្តើមយក​ទឹកដី​មួយចំនួនទៀត​ពង្រីក​បាន​ជា​តំបន់ ស្វ័យភាព នៅក្នុង​តំន់​អាណាចក្រ​រ៉ូ​ម៉ាំង ហើយ​សមាជិក​នៃ​សហព័ន្ធ​ចាស់​បាន​កើនឡើង​ដល់ ទៅ ១៣ រដ្ឋ និង​ដែនដី ។ នៅ​ឆ្នាំ​១៥០៦ សម្តេច​ប៉ាប ជូ​លី​យើ​ស ទី​២​បាន​ចងសម្ព័ន្ធភាព​ជាមួយ កង​អង្គរក្ស​ស្វី​ស នៅឯ​បរទេស (​កងទ័ព​ស៊ីឈ្នួល​បំពេញការងារ​ជា​កង​អង្គរក្ស​នៅឯ​បរទេស​) ។​

សង្គ្រាម​កាតូលិក​-​ប្រូ​តិ​ស្តង់​-​ឯករាជ្យ​លើក​ទី​១
​នៅ​ឆ្នាំ​១៥១៨ Zürich បាន​ក្លាយជា​រដ្ឋ​កាន់សាសនា​គ្រិស្ត និកាយ​ប្រូ​តិ​ស្តង់ ហើយ​រដ្ឋ Berne, Basel និង Schaffhausen ក៏​ទទួលយក​និកាយ​ប្រូ​តិ​ស្តង់​ដែរ ខណៈ​រដ្ឋ Lucerne, Uri, Schwyz, Nidwalden, Zug, Fribourg និង Solothurn នៅតែ​ជា​រដ្ឋ​កាន់​និកាយ​កាតូលិក ។ ចំណែក​រដ្ឋ Glarus និង Appenzell ដែល​នៅតែ​រក្សា​និកាយ​កាតូលិក បាន​ដកខ្លួន​ចេញពី​សហព័ន្ធ គឺ​ដោយ សារ​តែ​ការប្រកាន់​សាសនា​គ្រិ​ស្តិ ដូចគ្នា គ្រាន់តែ​ខុស​និកាយ​គ្នា​នេះ ។ ទំនាស់​សាសនា គ្រិស្ត ដូចគ្នានេះ នៅ​ឆ្នាំ​១៥២៩ បាន​ប្រែក្លាយជា​សង្គ្រាម​យ៉ាង​សន្ធោ សន្ធៅ រវាង​រដ្ឋ​កាតូលិក និង​រដ្ឋ​ប្រូ​តិ​ស្តង់ ដែលជា​អតីត​សមាជិក នៃ​សហព័ន្ធ​ស្វី​ស​ចាស់ ជាមួយគ្នា ។ សង្គ្រាម​នេះ បាន​ផ្ទុះឡើង​ម្តងទៀត នៅ​ឆ្នាំ​១៥៣១ ។​

​សង្គ្រាម​ទំនាស់​សាសនា​គ្រិស្ត រវាង​រដ្ឋ​ប្រូ​តិ​ស្តង់ និង​រដ្ឋ​កាតូលិក នៅ​អឺរ៉ុប​កណ្តាល​នេះ ក៏​ចេះតែ​រីក​រាលដាល​ធំ​ទៅៗ រហូត​អូសទាញ​អាណាចក្រ មហាអំណាច​នៅ​អឺរ៉ុប ចូលមក​ពាក់ ព័ន្ធ​យ៉ាង​ស្មុគស្មាញ ពាសពេញ​អឺរ៉ុប ដែល​ត្រូវបាន​គេ​ហៅថា សង្គ្រាម ៣០ ឆ្នាំ (១៦១៨-១៦៤៨ ) គឺជា​សង្គ្រាម​ដ៏​វិនាសកម្ម​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប ។​

​ទីបំផុត សន្ធិសញ្ញា​សន្តិភាព​មួយចំនួន ដែល​គេ​ហៅ​ជា​សរុប​ថា សន្ធិសញ្ញា​សន្តិភាព Westphalia ត្រូវបាន​ចុះហត្ថលេខា ជា​បន្តបន្ទាប់​នៅ​ទីក្រុង Osnabruk ទីក្រុង Munster ប្រទេស​អាល្លឺម៉ង់ ចាប់ពី​អំឡុង​ខែឧសភា និង​ខែតុលា ឆ្នាំ​១៦៤៨ ។

​សន្ធិសញ្ញា​សន្តិភាព​នេះឯង​ហើយ ដែល​បានបញ្ចប់​នូវ​សង្គ្រាម ៣០ ឆ្នាំ នៅក្នុង​ដែនដី អាណាចក្រ រ៉ុ​ម៉ាំង ឬ​អឺរ៉ុប​កណ្តាល ឬ​ពួក​រដ្ឋ​ជា​សមាជិក​សហព័ន្ធ​ស្វី​ស​ចាស់ ហើយ​តាមរយៈ សន្ធិសញ្ញា​សន្តិភាព​នេះដែរ ស្វី​ស ទទួលបាន​ឯករាជ្យភាព ពី​អាណាចក្រ​រ៉ូ​ម៉ាំង​ផង និង បានបញ្ចប់​សង្គ្រាម ៨០ ឆ្នាំ (១៥៦៨-១៦៤៨) រវាង អេ​ស្ប៉ា​ញ និង​សាធារណរដ្ឋ​ហុ​ល្លង់ ដោយ​ជា​ផ្លូវការ អេ​ស្ប៉ា​ញ ទទួលស្គាល់ ឯករាជ្យភាព របស់​សាធារណរដ្ឋ​ហុ​ល្លង់ ផង​។​

ឯករាជ្យ​ពេញលេញ​
​នៅក្នុង​អំឡុង​សង្គ្រាម​បដិវត្តន៍ ខែកក្កដា របស់​បារាំង ( ១៧៨៩- ១៧៩៩ ) ដែល​បាន​ពង្រីក ចូលទៅក្នុង​អឺរ៉ុប ជា​បន្តបន្ទាប់​នោះ កងទ័ព​បារាំង បាន​ចូល​កាន់កាប់​ទឹកដី​ស្វី​ស ហើយ​នៅ​ឆ្នាំ ១៧៩៨ (​ដល់​ឆ្នាំ​១៨០៣ ) បារាំង បានដាក់​ស្វី​ស បញ្ចូល​ទៅជា​សម្ព័ន្ធភាព​មួយ​ដែលមាន​ឈ្មោះ ថា សាធារណរដ្ឋ Helvetic ។

​ក្រុម​តស៊ូ​ដែលមាន​កម្លាំង​ខ្លាំង​បំផុត នៅក្នុង​ពិភព​កាតូលិក នៅ​ស្វី​ស​កណ្តាល​បាន​ផ្ទុះឡើង ជាមួយនឹង​ការបះបោរ​ប្រដាប់អាវុធ ប្រឆាំង​បារាំង នៅ​ឆ្នាំ​១៧៩៨ ប៉ុន្តែ​ត្រូវបាន​បារាំង​បង្ក្រាប ទៅវិញ ដោយសារ​ពេលនោះ ស្វី​ស មិនទាន់​រឹងមាំ ដ្បិតអ្វីៗ​ជាច្រើន​ស្ថិតនៅក្នុង​កណ្តាប់ ដៃ​មេដឹកនាំ​សាសនា​ទាំងអស់ ។ ណាប៉ូឡេអុង​បាន​បើក​យុទ្ធនាការ​យោធា​ជាច្រើន​នៅ ក្នុងប្រទេស​ស្វី​ស ហើយ​បាន​បំផ្លិចបំផ្លាញ​ប្រទេស​ស្វី​ស​យ៉ា​ខ្ទេចខ្ទាំ ។ ភ្លើងសង្គ្រាម​បដិវត្តន៍ បារាំង និង​សង្គ្រាម ណាប់​ប៉ូ​ឡេ​អុង បាន​ឆាបឆេះ​ពាសពេញ​ទ្វីបអឺរ៉ុប ហើយ​មហាអំណាច​នានា ភ័យ​បារម្ភ​អំពី​អតុល្យភាព នៃ​អំណាច ។​

​ទីបំផុត ពួកគេ​បាន​ព្រមព្រៀងគ្នា ជួបពិភាក្សា​នៅក្នុង​សន្និសីទ​មួយ នាទី​ក្រុង​វៀ​ណា ប្រទេស​អូទ្រីស ចាប់ពី​ខែកញ្ញា ដល់​ខែមិថុនា ឆ្នាំ​១៨១៥ ដោយ​ឱ្យ​ឈ្មោះថា សន្និសីទ​ទីក្រុង វី​យែ​ន ចូលរួម​ដោយ​អគ្គរដ្ឋទូត នៃ​បណ្តា​រដ្ឋ នៅ​អឺរ៉ុប ដើម្បី​ស្វែងរក​សន្តិភាព យូរអង្វែង សម្រាប់​អឺរ៉ុប ដោយ​ការលើកឡើង​នូវ​បញ្ហាសំខាន់ៗ​ដែល​កើតចេញពី​សង្គ្រាម​បដិវត្តន៍​បារាំង និង​សង្គ្រាម​ណាប់​ប៉ូ​ឡេ​អុង និង​ការរៀបចំ​បែងចែក​ដែនដី​មួយចំនួន ដើម្បី​ឱ្យមាន​តុល្យភាព អំណាច​គ្នា ទើប​ពួកគេ​អាច​នៅ​រក្សា​សន្តិភាព​បាន ។​

​សន្និសីទ​ក្រុង​វី​យែ​ន ប្រទេស​អូទ្រីស ឆ្នាំ​១៨១៥ នេះ ឯករាជ្យភាព​របស់​ស្វី​សត្រូវ​បាន​បង្កើត ឡើងវិញ ក្នុង​សភាព​យ៉ាង​ពេញលេញ ហើយ​មហាអំណាច​អឺរ៉ុប បាន​ព្រមព្រៀងគ្នា​ទទួល ស្គាល់​នូវ​អ​ព្យា​ក្រឹត្យ​ភាព​អចិន្ត្រៃយ៍ ។ នៅពេលនេះ តំបន់ Valais តំបន់ Neuchatel និង តំបន់ Geneva ក៏បាន​ចូល​រួបរួម​ជាមួយ​ស្វី​ស ក្នុងនាម​ជា​ដែនដី​ថ្មី​ផងដែរ​ក៏បាន​ពង្រីក​ព្រំ​ដែនទឹក ដី​ស្វី​ស ឱ្យមាន​វិសាលភាព ដល់​កម្រិត​បច្ចុប្បន្ននេះ ។​

​នៅ​ចុង​សតវត្សរ៍​ទី​១៩ ថ្ងៃទី​១ ខែសីហា ត្រូវបាន​ជ្រើសរើស ធ្វើជា​ទិវា​វិស្សមកាល​ជាតិ ដើម្បី​រំឭក​ដល់ក​ថ្ងៃ​រួបរួមគ្នា​ដំបូង នៃ​ដែនដី ចំនួន ៣ គឺ​ដែនដី Uri ដែនដី Schwyz និង​ដែន Unterwalden បាន​ចងសម្ព័ន្ធភាព​គ្នា ដែល​វិវដ្ដ​បង្កើតបានជា​ស្វី​ស សព្វថ្ងៃនេះ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

រូបថត​អនុ​រស្សាវ​រី​យ៍ នៅក្នុង​សន្និសីទ​ទីក្រុង វី​យែ​ន ដែល​ស្វ៊ី​ស​ទទួលបាន​ឯកា​រាជ​ភាព ពេញលេញ
ទីក្រុង ប៊ែ​ន នៃ ប្រទេស ស្វ៊ី​ស