ហុងកុងបើកមន្ទីរពេទ្យវាលបណ្តោះអាសន្នមួយសម្រាប់អ្នកជំងឺកូវីដ១៩

142
ចែករម្លែក

ទីក្រុងហុងកុងបានបើកមន្ទីរពេទ្យវាលបណ្តោះអាសន្នមួយដែលមានគ្រែចំនួន ៥០០ កាលពីថ្ងៃសៅរ៍ទី១សីហាដើម្បីដាក់អ្នកជំងឺកូវីដ១៩ដែលមានស្ថានភាពនឹងន ខណៈទីក្រុងនេះកំពុងប្រយុទ្ធនឹងរលកថ្មីនៃមេរោគរាតត្បាតនេះ។

មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះបានទទួលការកោតសរសើរសម្រាប់ការដោះស្រាយបានជោគជ័យជាមួយជំងឺនេះ ដោយករណីឆ្លងក្នុងស្រុកទាំងអស់ត្រូវបានបញ្ចប់នៅត្រឹមដើមរដូវក្តៅ។

ប៉ុន្តែចាប់តាំងពីខែកក្កដាមក ជំងឺនេះបានវិលត្រឡប់មកវិញ ដោយករណីខ្លះបានពាំនាំតាមមនុស្សរាប់សិបពាន់នាក់ ដែលត្រូវបានលើកលែងពីការដាក់ឱ្យនៅដាច់ពីគ្នាចំពោះអ្នកមកដល់ហុងកុង។

ការបើកមន្ទីរពេទ្យនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំទីក្រុងលោកស្រី ខារី ឡាំ បានប្រកាសពន្យារពេលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខរយៈពេលមួយឆ្នាំ ដោយនិយាយថា ការសម្រេចចិត្តនេះគឺដើម្បីការពារសុខភាពសាធារណៈទាំងស្រុង និង មិនមានអ្វីពាក់ព័ន្ធនឹងនយោបាយឡើយ។

ការឆ្លងថ្មីជាង ២.០០០ នាក់ត្រូវបានរកឃើញចាប់តាំងពីដើមខែកក្កដា ពោលគឺ ៦០ ភាគរយនៃចំនួនឆ្លងសរុបចាប់តាំងពីវីរុសកូរ៉ូណាបានវាយប្រហារទីក្រុងនេះជាលើកដំបូងនៅចុងខែមករា។

មន្ទីរពេទ្យបណ្តោះអាសន្នថ្មី ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ AsiaWorld-Expo ក្បែរអាកាសយានដ្ឋាន នឹងទទួលយកអ្នកជំងឺកូវីដ១៩ ដែលមានអាយុចាប់ពី ១៨ ដល់ ៦០ ឆ្នាំ៕ ដោយ៖ កញ្ញាដាលីស

មន្ទីរពេទ្យវាលបណ្តោះអាសន្នបើកនៅហុងកុងនៅថ្ងៃសៅរ៍នេះ