ក្រុម​សាសនា​មួយ​នៅ​ហ្វីលីពីន​ជួល​ចោរ​ឱ្យ​លួច​បំណែក​សាកសព​ពី​កន្លែង​បញ្ចុះសព ហើយ​ដាក់​វា​ក្នុង​មាត់​ដើម្បី​បំបាំងកាយ​ពី​ភ្នែក​សត្រូវ​

1728
ចែករម្លែក

​ក្រុម​អប្បិយ​ជំនឿ​មួយ​របស់​ហ្វីលីពីន​បាន​សារភាពថា​បាន​ប្លន់​កន្លែង​បញ្ចុះសព​ដើម្បី​ទទួលបាន​បំណែក​សាកសព ដែល​ពួកគេ​អះអាងថា នឹងធ្វើ​ឱ្យ​ពួកគេ​មើលមិនឃើញ ប្រសិនបើ​ពួកគេ​ដាក់​សាច់​សាកសព​នៅក្នុង​មាត់​ពួកគេ​។​

​ក្រុម ដែលមាន​ឈ្មោះថា ហា​រីង បា​កាល់ (Haring Bakal) ឬ ស្តេច​ដែក​នេះ ជឿថា សាកសព​មនុស្ស​នឹង​ផ្តល់​ឫទ្ធិ​អំណាច​អស្ចារ្យ​ដល់​ពួកគេ ហើយ​បាន​ជួល​ចោរលួច​គាស់​ផ្នូរ ដើម្បី​លួច​បំណែក​សាកសព​សម្រាប់​ពិធីបុណ្យ​គួរឱ្យ​ព្រឺព្រួច​និង​គួរ​ឆ្អើម​របស់​ពួកគេ​។​

​វីដេអូ​គួរឱ្យ​ចង់​ក្អួត​បានបង្ហាញ “​អ្នក​ប្រសិទ្ធពរ​” ឬ “​អ្នក​ផ្សំ​ថ្នាំ​” មកពី​ក្រុម​អប្បិយ​ជំនឿ​នេះ​ត្រាំ​ទុក​នូវ​ជង្គង់​សាកសព​លួចបាន នៅក្នុង​ទឹក​ថ្នាំ​អូ​សា​វ៉ែ និង ប្រេងដូង​។​

​គ្រូ​ផ្សំ​ថ្នាំ​របស់​ក្រុម​ស្តេច​ដែក ឈ្មោះ អេ​ន​ជេ​លី​តូ “​រ៉ាំ​បូ​” អូ​រីតា បាន​និយាយថា អ្នក​គោរពបូជា​ទាំងអស់​នោះបាន​បញ្ចុះ​បំណែក​សាកសព​មនុស្ស​នៅក្នុង​ខ្សែក្រវាត់ ឬ​បៀម​បំណែក​សាកសព​ក្នុង​មាត់​ពួកគេ ដោយ​ជឿថា វា​នឹង​ជួយ​បំបាំងកាយ​ពួកគេ​មិនឱ្យ​សត្រូវ​មើលឃើញ​។​

​លោក​អូ​រីតា ដែល​ពាក់​ខ្សែក្រវាត់​ទាំងយប់​ទាំង​ថ្ងៃ​បាន​និយាយថា “​ក្នុង​ព្រះគម្ពីរ​អេ​ហ្សេ​គៀល ៣៧ អំពី​ឆ្អឹង​ស្ងួត គឺថា អ្នក​ត្រូវ​ថ្វាយ​វិញ្ញាណ​របស់​ពួកគេ​ទៅ​ព្រះ ហើយ​លាង​សម្អាត​អំពើ​បាប​របស់​ពួកគេ​តាមរយៈ​ការ​អធិស្ឋាន​ឬ​បញ្ចុះ​បំបែក​សាកសព​ពួកគេ​ក្នុង​គ្រឿងអលង្ការ​។ ព្រលឹង​សាកសព​នឹង​ធ្វើជា​អ្នក​តាម​ថែរក្សា​សម្រាប់​អ្នក ប្រសិនបើ​អ្នក​អធិស្ឋាន​ដល់​ពួកគេ ឬ​ផ្តល់​គ្រឿងអលង្ការ​ដល់​ពួកគេ​។ ពួកគេ​ថែមទាំង​ការពារ​ផ្ទះ​និង​គ្រួសារ​អ្នក​ទៀតផង​។ ប្រសិនបើ​អ្នក​មិន​អធិស្ឋាន​ទេ ពួកគេ​នឹងធ្វើ​ឱ្យ​អ្នក​ជួប​គ្រោះ​”​។​

​លោក​អូ​រីតា​និយាយថា កាន់​មន្តអាគម​គាថា​ផ្សំ​ពី​សាច់​សាកសព​ក្នុង​ដៃ នឹង​ជួយ​បង្កើន​កម្លាំង​កណ្តាប់ដៃ នៅពេល​វាយតប់​ជាមួយ​សត្រូវ​។​

​ប៉ុន្តែ​គាត់​និយាយថា មហាអំណាច​មន្តអាគម​អស្ចារ្យ​បំផុត​គឺ​បៀម​បំណែក​សាកសព​នៅក្នុង​មាត់​។​

​លោក​អូ​រីតា មកពី​ទីក្រុង​ម៉ានីល បាន​បន្ថែមថា “​ជួនកាល​អ្នក​ត្រូវដាក់​វា​នៅក្នុង​មាត់​របស់​អ្នក ដែល​នឹង​ធ្វើឱ្យ​សត្រូវ​មិនអាច​មើលឃើញ​អ្នក​បានឡើយ​។ ឬ​យ៉ាងហោចណាស់ ពួក​សត្រូវ​នឹងមិន​កត់សម្គាល់​វត្តមាន​របស់​អ្នក​ទេ​”៕ ដោយ៖ កញ្ញាដាលីស

ក្រុម​ហារី​ង បា​កាល់ ឬ ស្តេច​ដែក ជឿថា​បៀម​បំណែក​សាកសព នឹង​ជួយ​បំបាំងកាយ​ពី​ភ្នែក​សត្រូវ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ