រថយន្តកូរ៉េកៀរកិនបុរសម្នាក់ស្លាប់នៅកន្លែង

99
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ យុវជនម្នាក់សុំឪពុកចេញទៅប្រឡងតាមអនឡាញ បែជាជួបគ្រោះអកុល ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ត្រូវបានរថយន្តកូរ៉េបើកស្រប ទិសកៀរកិនស្លាប់ភ្លាមៗនៅកន្លែង រីឯរថយន្តមិនបានឈប់ភ្លាមទេ ព្យាយាមបើកទៅមុខបានចម្ងាយជាង១គីឡូម៉ែត្រ ត្រូវបានកម្លាំងប្រជាពលរដ្ឋ ប្រជាការពារ សមត្ថកិច្ច ប្រដេញតាមចាប់ឃាត់បានរួមទាំងអ្នកបើកបរ ។ ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះឈ្មោះ លន់ សៀងលី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្សសាលា រៀនថ្នាក់ ទី៧ នៃវិទ្យាល័យបណ្តុះបណ្តាលបច្ចេកទេស និងចំនេះទូទៅជម្ពូវ័ន មានទីលំនៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ក្បែរកន្លែងកើតហេតុ ។ យុវជនរងគ្រោះ មានបងប្អូនសរុបចំនួន៤នាក់ ប្រុសទាំងអស់ ហើយជនរងគ្រោះជាកូនច្បង ដែលមានឪពុកប្រកប របរ ជាជាងធ្វើសោរ នៅផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1K-7116 ដោយមានសៀវភៅផង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ចំណុះ២.៥តោន ពាក់ស្លាកលេខ កំពង់ចាម 3A-5449 បើកស្របទិសមកដល់កៀរប៉ះដៃចង្កូតបណ្តាលឲ្យដួលហើយកិន បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង រីឯរថយន្តមិនបានឈប់ភ្លាមទេ បើកបន្តដំណើរទៅមុខ រហូតដល់ការដ្ឋានរវង្វង់មូលចោមចៅ ចម្ងាយជាង១គីឡូម៉ែត្រ ត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់ឃាត់បាន រួមទាំងអ្នកបើកបរផងដែរ ។

ក្រោយកើតហេតុភ្លាមៗ វត្តមានឪពុករបស់យុវជនរងគ្រោះ នៅកន្លែងកើតហេតុ ក្នុងសភាពបង្ហូរទឹកភ្នែក ទាំងក្តីខ្សឹកខ្សួល រៀបរាប់ទាំងអួលដើមកថា មុនកើតហេតុបន្តិចកូនប្រុសរបស់គាត់បាននៅជួយការងារគាត់ នៅកន្លែងធ្វើសោរឯផ្សារកំបូល ហើយកូនប្រុសបានសុំឪពុក ដោយប្រាប់ថាទៅប្រឡងតាមអនឡាញជាមួយមិត្តភ័ក្រនៅឯសាលារៀនជម្ពូវ័ន ទើបធ្វើដំណើរដល់ចំណុចខាងលើក៏ជួបគ្រោះអកុសលបែបនេះតែម្តង ។

តែបើតាមសម្តីជនបើកបររថយន្តឈ្មោះ លួន ស៊ាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបររថយន្តដឹកទំនិញ មានទីលំនៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនរងគ្រោះជិះប៉ះរថយន្តគេផ្សេងហើយខ្ទាតចូលរថយន្តរបស់គាត់ ហើយគាត់ក៏បានដឹងដែរថាស្លាប់ តែមិនហ៊ានឈប់ខ្លាចពលរដ្ឋស្វាគមន៍ ទើបចេះតែបើកទៅមុខ ។

ករណីខាងលើ ភ្លាមៗត្រូវបានសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ សម្រួលចរាចរ ពិនិត្យស្លាកស្នាមរួច ប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯមធ្យោបាយទាំង២ រថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ប្រគល់ជូនការិយាល័យចរាចរជើងគោក ស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕/B