រឿងព្រំដែន : តុលាការ ចោទប្រកាន់លោក ឈុន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

199
ចែករម្លែក
រឿងព្រំដែន : តុលាការចោទប្រកាន់លោក ឈុន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម 

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ តុលាការបានចោទប្រកាន់សម្រេចលោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ពីបទញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដោយលោកសេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ 

លោករ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការកាលពីយប់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២០ បន្ទាប់ពីចោទប្រកាន់គ្មានមូលដ្ឋានថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីទៅខាងភាគីវៀតណាមជាច្រើនរយហិចតា នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺជាការប្រឌិតរឿងក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានទទួលសំណុំរឿងពីសមត្ថកិច្ចនគរបាលយុត្តិធម៏នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង សេង ហៀង បានសាកសួរតាមនីតិវិធី និងបានសម្រេចចោទប្រកាន់ឈ្មោះ រ៉ុង ឈុន ពីបទញុះញង់បង្កអោយមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី ។

អ្នកនាំពាក្យបានបញ្ជាក់ថា “ក្រោយពីសាកសួរតាមនីតិវិធីរួចរាល់ ចៅក្រមស៊ើបសួរលោកវណ្ណសែនវិសុទ្ធ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើឈ្មោះ រ៉ុង ឈុន”។

យោងតាមមាត្រា ៤៩៥. បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ៈ អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោណាមួយ ក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀលទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។

ចំណែកអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បានថ្លែងប្រាប់រស្មីកម្ពុជាថា ការចាប់ខ្លួនលោករ៉ុង ឈុន គឺអនុវត្តតាមដីការបស់តុលាការពាក់ព័ន្ធការបំភ្លៃព័ត៍មានរឿងព្រំដែន ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។

រីឯលោកសំ សុគង់ មេធាវីការពារលោករ៉ុង ឈុន បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅមុខតុលាការថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនលោករ៉ុង ឈុន ដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្ន។ហើយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

លោកមេធាវី សំ សុគង់ បានបញ្ជាក់ថា “ការចោទប្រកាន់នេះ មិនអាចទទួលយកបានទេដោយសារកូនក្តីរបស់ខ្លួនគាត់បានទៅធ្វើការងារសង្គម ហើយអ្វីដែលគាត់បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់គាត់នេះ គឺជាការរកឃើញរបស់គាត់ និងជាសម្តែងមតិដែលធានាដោយរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ”។

លោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី៣១ ខែសីហា នៅផ្ទះរបស់លោកនៅចាក់អង្រែ។ លោករ៉ុង ឈុន ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់។ ហើយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានបញ្ជូនខ្លួនលោករ៉ុង ឈុន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យព្រះរាជអាជ្ញា និងចៅក្រមធ្វើការសាកសួរ។

ចំណែកនៅមុខតុលាការក្រុងភ្នំពេញក៏មានអ្នកគាំទ្រលោករ៉ុង ឈុន ប្រមាណ១០០នាក់ មកប្រមូលផ្តុំដោយមមានការលើកបដារនិងស្រែកទាមទារដើម្បីទាមទារឲ្យមានការដោះលែងលោករ៉ុង ឈុន។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានច្រានចោលចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលបានផ្សាយព័ត៍មាន និងបានចោទប្រកាន់គ្មានមូលដ្ឋានថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគីវៀតណាមជាច្រើនរយហិចតា និងថា អាជ្ញាធរវៀតណាមបានបណ្ដេញ និងប្រជាពលរដ្ឋខ្មែរដែលរងគ្រោះពីដីធ្លីចូលប្រមាណជាង ២០០ម៉ែត្រក្នុងដីខ្មែរ ដែលអាជ្ញាធរខ្មែរមិនបានទប់ស្កាត់ ចំពោះទង្វើអាជ្ញាធរយួនធ្វើមកលើពលរដ្ឋរងគ្រោះនៅឃុំត្រពាំងផ្លុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺជាការប្រឌិតរឿងក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ៕សរន