សម្បើមម៉្លេះ?ប៉ូលិសបង្ក្រាបការជួញដូរគ្រឿងញៀន២០០គីឡូក្រាមឆ្លងដែនពីឡាវចូលមកកម្ពុជា

270
ចែករម្លែក
សម្បើមម៉្លេះ?ប៉ូលិសបង្ក្រាបការជួញដូរគ្រឿងញៀន២០០គីឡូក្រាមឆ្លងដែនពីឡាវចូលមកកម្ពុជា  

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ គ្រឿងញៀនទម្ងន់ ២០០គីឡូក្រាម និងមេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជា ចំនួនពីរនាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ធ្វើការបង្ក្រាបនៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។នេះបើយោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។

ការបង្ក្រាបគ្រឿងញៀនជាទ្រង់ទ្រាយធំនេះ ដោយអនុវត្តន៍តាមការដឹកនាំបញ្ជារផ្ទាល់របស់នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ  នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ  លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន  និងលោក សួសសុខដារា ស្នងការនគរបាលខេត្តព្រះវិហារ បានចាត់តាំងដឹកនាំស្រាវជ្រាវ និងបង្ក្រាប។

យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា កាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន  ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញ (ក១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង នាយកដ្ឋានស៊ើបការនិងបច្ចេកទេសដោយមានការសំរបសំរួលដឹកនាំពីព្រះរាជអជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវទឹក។

ជាលទ្ធផល នៃការបង្ក្រាបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ភេទប្រុស និងចាប់យកវត្ថុតាងសារធាតុញៀនប្រភេទម៉េតំហ្វេតាមីនចំនួន ២០១កញ្ចប់ធំ មានទម្ងន់២០០គីឡូក្រាម។ ម៉ូតូកង់៣ (ឥណ្ឌា) ១គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី ។

ប្រភពបានឲ្យដឹងថា សមត្ថកិច្ចកំពុងតែតាមស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀនឆ្លងដែនដ៏ធំសម្បើមនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕សរន

សម្បើមម៉្លេះ?ប៉ូលិសបង្ក្រាបការជួញដូរគ្រឿងញៀន២០០គីឡូក្រាមឆ្លងដែនពីឡាវចូលមកកម្ពុជា