ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ពា​វ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩

125
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ /​ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ខណៈ​កម្ពុជា​មាម​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៤០​នាក់​។ នេះ​យោងតាម​ផេ​ច​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​អំពាវនាវ​នៅ​ព្រឹក​ថ្ងៃទី​២​សីហា​នេះ​។​

​សម្ដេច​បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​សបុ​កថាៈ “​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​? សូម​អំពាវនាវ​សារជាថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស សូម​ថែរក្សា​សុខភាព​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ តាម​ការសង្កេតមើល​ពេលនេះ គឺ​ឃើញថា​ចំនួន​អ្នក​ពាក់​ម៉ាស​កាន់តែ​តិច​ទៅៗ ហើយ​មានការ​ធ្វេសប្រហែស​ទៀត​ផង​។​

​ថ្ងៃនេះ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ពិភពលោក​ក្នុង​២១៦ ប្រទេស គឺ​បាន​កើនឡើង​ដល់ ១៧,៣៩៦,៩៤៣​នាក់ ហើយ​ចំនួន​អ្នកស្លាប់​គឺ​កើន​ដល់ ៦៧៥,០៦០​នាក់ និង​ចំនួន​កើតឡើង​ថ្មី​គឺ ២៨៩,៣២១ ករណី​។ កម្ពុជា​យើង​មាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩ ចំនួន ២៣៩​នាក់ អ្នក​ព្យាបាល​បានជា​សះស្បើយ​មាន​ចំនួន​១៦៤​នាក់ ហើយ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន ៧៥​នាក់​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច កុំ​មើលស្រាល​ជំងឺ​កូ​វីដ​-១៩ ឲ្យ​សោះ ព្រោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ គឺជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សហាវ​បំផុត ដែល​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។

​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល (gel sanitizer) សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល ហើយ​ប្រើប្រាស់​ម៉ាស​ឲ្យ​បានជា​ប្រចាំ​បើ​ចាំបាច់​។ គ្រប់​ទីកន្លែង​ទាំងអស់​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​អោយបាន​ដាច់ខាត ដើម្បី​សុវត្ថិភាព​សុខភាព​ទាំងអស់គ្នា​”​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ម៉ោង ០៧:០០​ព្រឹក ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​នៅ​កម្ពុជា មាន​ចំនួន​១៩៦​នាក់ ដែល​ស្មើនឹង ៨១,៦៧% នៃ​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៤០​នាក់ (​ស្ត្រី ៤៦​នាក់ និង​បុរស ១៩៤​នាក់​) ហើយ​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​ពេលនេះ មាន​ចំនួន​សរុប ៤២​នាក់​៕ ល​