នាយិកាគ្រប់គ្រង វីសា ៖នៅកម្ពុជា ៤២ភាគរយនៃចំនួនប្រតិបត្តិការ របស់Visaត្រូវបានធ្វើឡើងដោយ ការទូទាត់ប្រាក់តាមរយៈបច្ចេក វិទ្យា Contactless

257
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ការទូទាត់តាមរយៈបច្ចេកវិទ្យាcontactless មានការកើន ឡើងនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយ៤២​ភាគរយ នៃប្រតិបត្តិការកាតទាំងអស់ត្រូវបានធ្វើឡើងដោយដោយគ្រាន់តែប៉ះកាតជាមួយ ម៉ាស៊ីន ឆូតកាតភ្លាម ទូទាត់បានភ្លាម “ ប៉ះដើម្បីបង់ប្រាក់” ។

ចាប់តាំងពីខែមីនាឆ្នាំ២០២០មកVisaបានបើកយុទ្ធនាការលើកកម្ពស់ការទូទាត់ ប្រាក់ តាមរយៈបច្ចេកវិទ្យាcontactlessដោយចាប់ដៃគូជាមួយក្រុមហ៊ុនដែលមានស្លាក សញ្ញាល្បីៗមួយចំនួនរួមមានផ្សារទំនើប DFI Lucky,AEONនិងAEON MaxValu និង ស្ថានីយប្រេងឥន្ធនៈCaltexជាដើម។តាមរយៈការដាក់ឲ្យប្រើប្រាស់ការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យាcontactlessនៅតាមបណ្តាសាខាផ្សារនិងហាងទំនើបទាំងអស់ នេះVisaសង្ឃឹមថានិងអាចផ្តល់ជូនអតិថិជននូវការអប់រំស្តីពីអត្ថប្រយោជន៍នៃវិធី សាស្រ្តទូទាត់ប្រាក់ថ្មីៗក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19​ ដែលស្ថិតការអនុវត្តគម្លាតសង្គមជាងពេលណាៗទាំងអស់។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់​គ្រង វីសាប្រចាំប្រទេសកម្ពុជា

ទាក់ទងនឹងការទូទាត់តាមរយៈContactless(ប៉ះដើម្បីបង់លុយ)ប្រតិបត្តិការរបស់​វីសា​នៅកម្ពុជា និងកិច្ចសហការជាមួយដៃគូពាណិជ្ជកម្ម អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់​គ្រង វីសាប្រចាំប្រទេសកម្ពុជាបានផ្តល់បទសម្ភាសន៍ដល់អ្នកសារពត៌មានដែល​មានខ្លឹម​សារ​ដូចខាងក្រោម៖

សំណួរ១៖ដើម្បីជាប្រយោជន៍ដល់អ្នកអានរបស់យើងតើអ្នកស្រីអាចពន្យល់បានទេថាការទូទាត់តាមរយៈបច្ចេកវិទ្យាcontactless គឺជាអ្វីហើយវាដំណើរការ​យ៉ាង​ដូចម្តេច​?

ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactlessគឺជាមធ្យោបាយទូទាត់ថ្មីមួយ​ដែ​ល​មានភាពងាយស្រួលជាងមុន រហ័ស និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រាន់តែប៉ះ Visa កាត នៅជិតម៉ាស៊ីនគិតប្រាក់ដើម្បីធ្វើប្រតិបត្តិការក្នុង​ការទិញទំនិញ​រហូតដល់​៥០​ដុល្លារដោយមិនតម្រូវឲ្យមានការចុះហត្ថលេខាអ្វីឡើយ​។តែប្រសិនបើការទិញ​លើ​ស​ពីទឹកប្រាក់ ៥០ដុល្លារ អតិថិជននឹងតម្រូវឲ្យចុះហត្ថលេខាឬ បញ្ចូលលេខ​សម្ងាត់​ដើម្ម្បី​ធ្វើប្រតិបត្តិការ។បច្ចេកវិទ្យា Contactless នេះប្រើប្រាស់បន្ទះឈីបបំពាក់ដោយ​អង់តែន​​តូចៗដែលផ្តល់លក្ខណៈងាយស្រួលដល់ម៉ាស៊ីនគិតប្រាក់អាច​ទទួលសញ្ញា​បាន​នៅក្នុងរយៈចំងាយជិត ៤ សង់ទីម៉ែត្រ ឬ តិចជាងនេះ។ ក្នុងអំឡុងពេល​ប្រតិ​បត្តិ​តិការ កាតរបស់អ្នកនឹងស្ថិតនៅក្នុងដៃជានិច្ច ហើយវាជាការទូទាត់ដ៏ឆាប់រហ័សបំផុត តាមរយៈការប្រើបច្ចេកវិទ្យា Contactless ម៉ាស៊ីនគិតប្រាក់អាចទទួល​រលកសញ្ញា​ពីកាតរបស់អ្នក ដោយប្រើពេលតិចជាងកន្លះវិនាទី​ប៉ុណ្ណោះ។

សំណួរ២៖ តើម្ចាស់កាតត្រូវធ្វើដូចម្តេចដើម្បីធ្វើបច្ចុប្បន្នភាព Visa កាតដែលមាន​ស្រាប់ ឬក៏តម្រូវឲ្យដាក់ពាក្យសុំធ្វើកាតថ្មី? ចុះចំណែកម្ចាស់កាតដែលមានបំពាក់​ដោយបច្ចេកវិទ្យា Contactless នេះ អាចធ្វើការទូទាត់ប្រាក់បាននៅគ្រប់​ម៉ាស៊ីន​ឆូតកាត​ទាំងអស់ឬក៏អាចប្រើប្រាស់បានតែនៅតាមបណ្តា​ទីតាំងដែលមាន​បំពាក់​នូវបច្ចេកវិទ្យា Contactless នេះទេ?

ដើម្បីធ្វើបច្ចុប្បន្នភាព Visa កាតដែលមានស្រាប់ឬក៏ចង់ដាក់ពាក្យស្នើសុំធ្វើកាតថ្មី ដែល​មានបំពាក់បច្ចេកវិទ្យា Contactless អ្នកអាចទាក់ទងទៅកាន់ធនាគារដែល​បានចេញកាតឲ្យ នឹងសួរខាងធនាគារទាំងនោះថាពួកគាត់អាច​ទៅសុំស្នើផ្លាស់ប្តូកាត​ថ្មីនៅតាមសាខាណាមួយ ឬអាចចុះឈ្មោះស្នើសុំធ្វើកាតថ្មីតាមអនឡាញ។ ធនាគារ​នីមួយៗ មានផលិតផលកាតឥណពន្ធ និងឥណទានដែលបំពាក់ដោយច្ចេកវិទ្យា Contactless រួចជាស្រេចសម្រាប់ផ្តល់ជូនដល់អតិថិជនរបស់ខ្លួន។ នៅពេលធ្វើការ​ផ្លាស់ប្តូរកាតដែលមានបំពាក់ដោយបច្ចេកវិទ្យា Contactless នេះ ម្ចាស់កាតអាចធ្វើ​ការទូទាត់នៅគ្រប់ទីកន្លែងគិតប្រាក់ដោយគ្រាន់តែប៉ះកាតដើម្បីទូទាត់ប្រាក់នៅគ្រប់ទីកន្លែងដែលអ្នកឃើញនិមិត្តសញ្ញាបច្ចេកវិទ្យា Contactless នៅកន្លែងគិតលុយ ហើយ​ក្នុងករណីដែលអ្នកលក់ ឬអ្នកផ្តល់សេវាកម្ម មិនមានបច្ចេកវិទ្យា Contactless ដែល​ត្រូវគ្នានឹងកាតរបស់អ្នក អ្នកនៅតែអាចឆូតកាតឬបញ្ចូលលេខកូដដើម្បីបញ្ចប់​ប្រតិ​បត្តិ​ការ​ទូទាត់បានដូចគ្នា។

សំណួរ៣៖  តើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យាContactless ផ្តល់អត្ថ​ប្រយោ​ជ​ន៍​​អ្វីខ្លះដល់អ្នកប្រើប្រាស់?

ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ផ្តល់ជម្រើសជាច្រើនដល់អ្នក​ប្រើ​ប្រាស់​ក្នុងការទូទាត់សាច់ប្រាក់ ។ ជំនួសឲ្យការយកសាច់ប្រាក់តាមខ្លួនឥឡូវនេះ​អ្នក​គ្រាន់​តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាតជាការស្រេច។កាតដែលមាន​បច្ចេក​វិទ្យា Contactless អនុញ្ញាតឲ្យយើងធ្វើការទូទាត់ងាយស្រួល និងលឿនជាងមុន នឹងជា​ជម្រើសដ៏ល្អក្នុងការទូទាត់នៅពេលធ្វើដំណើរ។ មិនថាអ្នកបង់ប្រាក់នៅបញ្ឈរសេវាកម្ម ឬ ចូលចាក់សាំងនោះទេ ការទូទាត់រហ័សអាចកាត់បន្ថយការតម្រង់ជួរ និងជួយឱ្យ​អ្នក​កាន់តែមានភាពងាយស្រួលក្នុងការចាក់ប្រេងបំពេញយានយន្តរបស់អ្នក។ ជាមួយ​នឹង​ការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺ Covid-19ការទូទាត់ប្រាក់តាមរយៈ​បច្ចេក​វិទ្យា Contactlessមានអត្ថប្រយោជន៍ច្រើនជាងពេលណាៗទាំងអស់​កំលុង​ពេល​អតិថិ​ជ​ន​កំពុងសម្លឹងរកវិធីកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់លើវត្ថុនានានៅតាមទីសាធារណៈ​

សំណួរ៤៖  តើការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless មានសុវត្ថិភាព​កម្រិត​ណា​ដែរ? តើម្ចាស់កាតដែលបំពាក់ដោយបច្ចេកវិទ្យា Contactless គួរមាន​ការប្រុង​ប្រយ័ត្នបែបណានៅពេលប្រើប្រាស់?

ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យាContactless គឺមានសុវត្ថិភាពបំផុត។ តាមពិតវា​មានសុវត្ថិភាពដូចគ្នា នឹងការទូទាត់តាមរយៈកាតដែលបំពាក់​ដោយបន្ទះឈីបដូច្នោះ​ដែរ។ ដោយសារកាតស្ថិតក្នុងដៃរបស់អ្នកជានិច្ចនោះ វាបានផ្តល់នូវការគ្រប់គ្រង និង​សុវត្ថិភាពខ្ពស់នូវរាល់ប្រតិបត្តិការនីមួយៗ។រាល់ពេលមានប្រតិបត្តិការលេខកូដ​សំងាត់​​ពិសេសដែលត្រូវបានបង្កើតឡើង គឺអាចប្រើប្រាស់បានតែម្តងប៉ុណ្ណោះ  ដើម្បីបញ្ជាក់​ពីភាពត្រឹមត្រូវនៃប្រតិបត្តិការ។ដោយសារតែលេខកូដសំងាត់​នេះបង្កើតឡើង​ក្នុង​គោល​បំណងប្រើបានតែម្តង វាមិនមានផ្ទុកទិន្នន័យរបស់ម្ចាស់កាតនោះទេ វានឹងមិនអាច​ត្រូវ​បានប្រើដោយជនទុច្ចរិតក្នុងការលួចប្រាក់របស់អ្នកបានឡើយបើទោះបីពួកគេ​អាចចាប់​ទិន្នន័យនេះបានក៏ដោយ។ ប្រតិបត្តិការតាមរយៈបច្ចេកវិទ្យា Contactless ត្រូវបាន​ដំណើរការជាសកលតាមរយៈ VisaNet អនុវត្តតាមមាត្រដ្ឋាន សុវត្ថិភាព និងមាន​ទំនុក​ចិត្តខ្ពស់របស់ ក្រុមហ៊ុន Visa នៅទូទាំងពិភពលោក ដោយប្រើបច្ចេកវិទ្យាទំនើប​បំផុត ដើម្បីតាមដានរាល់ប្រតិបត្តិការគួរឲ្យសង្ស័យ និងការពារការក្លែងបន្លំ។ជាការ​ពិត​ណាស់ ការប្រុងប្រយ័ត្នពិតជាចាំបាច់សម្រាប់ម្ចាស់កាតរបស់យើង អ្នកមិនត្រូវទុកកាត ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនជាលក្ខណៈចំហរនោះដែរ ហើយប្រសិនបើអ្នកបាត់កាតអ្នក​ត្រូវទាក់ទងទៅកាន់ធនាគារជាបន្ទាន់ដើម្បីស្នើសុំផ្អាកប្រតិបត្តិការកាតរបស់អ្នក។ជា​មួ​យ​នឹងវិធានការណ៍សាមញ្ញៗមួយចំនួននេះ អ្នកអាចប្រាកដចិត្តបានថាការទូទាត់​តាម​រយៈបច្ចេកវិទ្យា Contactless គឺមានសុវត្ថិភាពបំផុត។

សំណួរ៥ តើការទទួលយកការទូទាត់តាមរយៈបច្ចេកវិទ្យាContactless នៅ​ប្រទេ​ស​កម្ពុជាបច្ចុប្បន្ននេះដំណើរការដល់ចំនុចណាហើយ?  តើ Visa មានវិធីសាស្ត្រ​អ្វីខ្លះ​ដើម្បីពន្លឿនដល់ការទទួលយកការទូទាត់ប្រាក់បែបថ្មីនេះ?

យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការណែនាំបច្ចេកវិទ្យាថ្មីនេះ ប៉ុន្តែយើង​ជឿ​ជាក់​ថាជម្រើស​នៃការទូទាត់ប្រាក់របស់ប្រជាជនកម្ពុជាយើងនឹងមានការផ្លាស់ប្តូរ។ នៅ​ក្នុងប្រទេសកម្ពុជាជុំវិញ Visa ប្រតិបត្តិការ មានចំនួន ៤២% ត្រូវបានធ្វើឡើងដោយ​ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ដូច្នេះបើយើងក្រលេក​មើលមក​វិញ ប្រជាជនយើងមានការរីកចម្រើនខ្លាំង​លើការប្រើប្រាស់វិធីសាស្រ្ត​នៃការទូទាត់​បែប​ថ្មីនេះ។

យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការទូទាត់របស់អតិថិជនប្រើប្រាស់ Visa កាតកាលពីពេលថ្មីៗនេះបានបង្ហាញថាប្រមាណមួយភាគបីនៃអតិថិជន  ចាប់​អារម្មណ៍ក្នុងការប្រើប្រាស់កាតដែលមានបច្ចេកវិទ្យា Contactless ឬ ប្រើទូរស័ព្ទដៃ​ដើម្បីធ្វើការទូទាត់ប្រាក់ ។ ៧៩% នៃអ្នកប្រើប្រាស់បាននិយាយថា​ពួកគេចាប់អារម្មណ៍​ក្នុងការប្រើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ចល័តនៅតាមផ្សារ​ទំនើបនានា នេះបញ្ជាក់ថាអតិថិជនហាក់ដូចជាមានឆន្ទៈក្នុងការប្រើប្រាស់បច្ចេកវិទ្យា Contactless សម្រាប់ការចំណាយប្រចាំថ្ងៃ។ តាមរយៈដៃគូអ្នកអាជីវកម្មដែល​យើង​មានជាមួយក្រុមហ៊ុន DFI(ផ្សារទំនើបឡាក់គី)ផ្សារទំនើប Aeon និង Aeon MaxValu ផ្សារទំនើបនានានិងស្ថានីយ៍ប្រេងឥន្ធនៈ Caltex អតិថិជននឹងបាន​យល់​ដឹង​អំពីវត្តមានព្រមទាំងអត្ថប្រយោជន៍នៃការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless បានកាន់តែច្រើន។ Visa កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយពាណិជ្ជករ​ជាដៃគូរបស់យើង ដើម្បីបង្កើនការប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ដោយបន្តយុទ្ធនាការផ្សព្វផ្សាយ និងបន្តប្រើប្រាស់ការទទួលយកវិធី​សាស្រ្តនៃការទូទាត់ថ្មីនេះទៅតាមតម្រូវការអតិថិជននៅតាមទីតាំងលក់នានា។

សំណួរ៦៖      តើខាង Visa មានធ្វើយុទ្ធនាការផ្សព្វផ្សាយប្រភេទណាខ្លះ  ដើម្បី​ជួយ​លើកកម្ពស់ដល់ការយល់ដឹងពីវិធីសាស្រ្តនៃទូទាត់តាមរយៈបច្ចេកវិទ្យា Contactless សម្រាប់ម្ចាស់កាត?

យើងបានបង្កើតយុទ្ធនាផ្សព្វផ្សាយជាច្រើនដើម្បីជួយលើកទឹកចិត្តដល់ការទទួលយកវិធីសាស្រ្តនៃការទូទាត់ថ្មីនេះឲ្យកាន់តែទូលំទូលាយពីអ្នកប្រើប្រាស់។ ចាប់តាំងពីដើម​ខែកក្កដាមក ម្ចាស់ Visa កាត ដែលមានបំពាក់នូវបច្ចេកវិទ្យា Contactless អាច​ចាក់សាំងនៅ ស្ថានីយ៍ប្រេងឥន្ធនៈ Caltex ដែលបានជ្រើសរើសទាំង ១៨ ស្ថានីយ ពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ ០,៣ ដុល្លារភ្លាមៗ នៅពេលចំណាយ​ចាក់សាំង​ចាប់ពី២ដុល្លារឡើងទៅនៅក្នុងប្រតិបត្តិការតែមួយតាមរយៈការទូទាត់តាមបច្ចេកវិទ្យា Contactless  នេះ។ ជាមួយគ្នានេះផងដែរ ចាប់តាំងពីថ្ងៃទី ១៨ ខែមិថុនា ម្ចាស់ Visa កាត ដែលចំណាយជាលើសពី ២០ ដុល្លារ នៅផ្សារទំនើប Aeon និង Aeon MaxValu និងទទួលបានប័ណ្ណទឹកប្រាក់ដុល្លារ សម្រាប់ការទិញ​ទំនិញលើក​ក្រោយ​។ ការផ្តល់ជូននេះមានរយៈពេលកំណត់ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីផ្តល់ជូនអតិថិជន​នូវភាពងាយ​ស្រួល​សម្រាប់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless យើងក៏បាន​កំពុង​ធ្វើការទៅលើភាពជាដៃគូជាមួយអាជីវកម្មដទៃទៀត រួមជាមួយការផ្សព្វ​ផ្សាយ​ការ​លើក​ទឹកចិត្តតាមបែបផ្សេងៗគ្នាជាច្រើន។

សូមជម្រាបថា៖អ្នកស្រី ជុំ ម៉ូនីកា ជា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា និងជាអ្នកមើលការខុសត្រូវលើអាជីវកម្មរបស់ក្រុមហ៊ុនVisa ក្នុងទីផ្សារ​មួយ​ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់អាស៊ីអាគ្នេយ៍។អ្នកស្រី ម៉ូនីកា មាន​កំណត់ត្រាដ៏ល្អនៅក្នុងអាជីពជាអ្នកគ្រប់គ្រងប្រតិបត្តិ និងបទពិសោធន៍ជាង ១០ ឆ្នាំ​នៃការជម្រុញកំណើនបច្ចេកវិទ្យា វិស័យធនាគារ និងធនាគារចល័ត។

មុនពេលចូលធ្វើការជាមួយក្រុមហ៊ុនVisa អ្នកស្រីម៉ូនីកា ធ្លាប់បានបម្រើ​ការរយៈ​ពេល​បីឆ្នាំជាមួយធនាគារ ANZ Royal ជាប្រធានគ្រប់គ្រងផ្នែកកាត និងបណ្តាញ​ទីផ្សារ​ទំនើប។ ជំនាញរបស់អ្នកស្រីលើការអភិវឌ្ឍអាជីវកម្ម​នៅលើទីផ្សារប្រទេសកម្ពុជាបាន​ចាប់ផ្តើមជាមួយនឹងការអនុវត្តស្លាកសញ្ញា Fujitsu ក្នុងឆ្នាំ ២០០៧ បន្ទាប់ពីការបង្កើត Mobile Banking ដំបូងគេនៅក្នុងប្រទេសក្នុងឆ្នាំ ២០០៨ ។

អ្នកស្រី ម៉ូនីកា បានចាប់ផ្តើមអាជីព នៅក្នុងវិស័យស្រាវជ្រាវទីផ្សារដោយ​ផ្តោតលើការ​ស្រាវ​ជ្រាវគុណភាពសម្រាប់ទំនិញប្រើប្រាស់រហ័ស (FMCG) ផ្នែកទូរគមនាគមន៍ (Telco) និងការថែទាំសុខភាព។ បន្ទាប់មក អ្នកស្រីបានបម្រើការឱ្យក្រុមហ៊ុន តូតាល់​កម្ពុជា ជាប្រធានផ្នែកទីផ្សារ និងទំនាក់ទំនង៕PH