រថយន្ត​ដឹក​ទឹកកក​បុក​រថយន្ត​ដឹក​ទូ​កុង​ទឺ​ន័​រ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

156
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​ដឹក​ទូ​កុង​ទឺ​ន័​រ​ធុន​ធំ​មួយគ្រឿង​ស៊ីញ៉ូ​បត់​ឆ្លងផ្លូវ ស្រាប់​តែមាន​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​ទៅបុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​រថយន្ត​ទាំងសងខាង​យ៉ាងដំណំ​។ កាលពី​វេលា​ម៉ោង ៣​និង​៤០​នាទី​ទៀបភ្លឺ​ថ្ងៃអាទិត្យ ទី​២ ខែសីហា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ វេ​ង​ស្រេង ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​ដឹក​ទូ​កុង​ទឺ​ន័​រ​ធុន​ធំ ពណ៌​ខៀវ​មួយគ្រឿង ពាក់​ផ្លាកលេខ​ខាងមុខ ភ្នំពេញ 3B 8398 ផ្លាកលេខ​ខាងក្រោយ​ភ្នំពេញ 4A 6151 បើក​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ទិសដៅ​ពី​លិចទៅ​កើត ស៊ីញ៉ូ​បំរុង​បត់​ត្រឡប់ក្រោយ ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហ៊ី​យន់​ដាយ​ដឹក​ទឹកកក​មួយគ្រឿង​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 3A 0039 បើកបរ​ដោយ​បុរស​២​នាក់ រថយន្ត​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ហើយ​មិនមាន​ភ្លើង​បំភ្លឺ​ទៀត បើកបរ​ដោយ​បុរស​២​នាក់ ស្រប​ទិសដៅ​គ្នា​បើក​ក្នុង​ល្បឿន​លឿន​ពេក​ជ្រុល​ទៅបុក​រថយន្ត​កុង​ទឺ​ន័​រ​ខាងលើ ដែល​កំពុងតែ​បត់​នោះ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​រថយន្ត​ដឹក​ទឹកកក​ផ្នែក​ខាងមុខ ស្ទើរតែ​ទាំងស្រុង រីឯ​រថយន្ត​កុង​ទឺ​ន័​រ​វិញ​បាក់​កាង​បែក​ធុង​ប្រេង​ហូរ​ចេញមកក្រៅ និង​បង្ក​ឲ្យ​តៃកុង​រថយន្ត​ដឹក​ទឹកកក​រងរបួស​ស្រាល ចំណែក​ព្រូ​រថយន្ត​ដឹក​ទឹកកក​វិញ​គៀប​ជើង​ជាប់​កា​បី​ន​រថយន្ត​រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សា​ម៉ុ​យ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ឲ្យ​មក​វាស់វែង និង​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​និតិ​វិធី​នៅពេល​ក្រោយ​៕ ល​