ទឹម រដ្ឋា កើតទុក្ខ​ធំ​បាត់បង់​ម្តាយ ទាំង​មិនបាន​ត្រៀម​ចិត្ត​ទុកជាមុន​

418
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង និង​បង្ហាញ​ម៉ូត កញ្ញា ទឹម រដ្ឋា កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ បានឱ្យដឹងថា ម្តាយ​របស់​នាង បានទទួល​មរណៈ​ទាំង​នាង និង​ក្រុមគ្រួសារ ស្ទើរតែ​មិន​ជឿ និង​មិនបាន​ត្រៀម​ចិត្ត ចំពោះ​ការបាត់បង់​សមាជិក​សំខាន់​រូបនេះ​។​

​កញ្ញា ទឹម រដ្ឋា បាន​យំ​ស្ទើរតែ​ហើម​ភ្នែក ប៉ុន​ពងមាន់​ទៅហើយ នៅពេល​គ្រូពេទ្យ​ថា ម្តាយ របស់​នាង បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ កាលពី​វេលា​រំលងអធ្រាត្រ ចូល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​។ តាម​ការបញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​ម្តាយ​នាង​ដោយសារតែ​ជំងឺ​គាំងបេះដូង​។

តារា​ស្រី​រូបនេះ បាន​ប្រាប់ថា កាលពី​ម៉ោង​ប្រមាណ ១១ យប់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ នាង​វិលត្រឡប់​មកពី​ថត​វិញ បើកទ្វារ​ចូល​ផ្ទះ ស្រាប់តែ​ឃើញ​ម្តាយ​របស់​នាង​ដួល​នៅក្បែរ ជណ្តើរ​ក្នុងផ្ទះ ហើយ​នាង​ក៏​ស្ទុះ​ទៅ​មើល ស្មានតែ​ម្តាយ​សន្លប់ ហើយ​តេ​រក​បងប្អូន និង​គ្រូពេទ្យ មើល ប៉ុន្តែ​ម្តាយ​បាន​ដាច់ខ្យល់​ទៅហើយ ដោយសារ​គាំងបេះដូង​។ ការ​គាំងបេះដូង​នេះ មកពី​ម្តាយ ទឹម រដ្ឋា ចូលចិត្ត​ញាំ​អំបិល​ច្រើនពេក បង្ក​ឱ្យលើស​ជាតិ​ប្រៃ​ក្នុង​ខ្លួន​ប៉ះពាល់​ដល់ បេះដូង​។

ពិធីបុណ្យ​និង​កាន់ទុក្ខ​ម្តាយ ទឹម រដ្ឋា ធ្វើឡើង​នៅផ្ទះ​របស់​នាង​ផ្ទាល់ ក្នុង​បុរី​មេគង្គ​រ៉ូ​យា​ល់ ក្នុង​ខណ្ឌ​ជ្រោយចង្វា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា​។ ក្នុង​ពិធី​បុណ្យសព​នោះ​ផងដែរ ឃើញ​មាន​វត្តមាន​តារា​ច្រើន​នាក់ មក​កំដរ​សព និង​ចូលរួម​លែ​ក​ទុក្ខ​ជាមួយ​កញ្ញា ទឹម រដ្ឋា​៕ ដោយ​៖ បូ​រិ​ន​