ថ្នាក់ដឹកនាំ​កីឡា​គុន​ខ្មែរ គាំទ្រ​ស​ង្រៀ​ន​ថ្មី ដោយ​កំណត់​ចំនួន អ្នកទស្សនា មិន​លើសពី ៤០ នាក់​

177
ចែករម្លែក

ភ្នំពេញ​៖ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានបង្ហាញ​ការគាំទ្រ​ពេញ ទំហឹង ចំពោះ​ស្ថានីយ៍ទូរទស្សន៍ BTV ដែល​បាន​សហការ​ជាមួយ វិស័យ​ឯកជន​បង្កើត​សង្វៀន ថ្មី​មួយ ឈ្មោះថា “​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ ស្រា​បៀរ​ម៉ា​ទ្រី​ត​” តែ​លោក​បាន​រំឭកថា មិន​អនុញ្ញាត ឲ្យ​មាន អ្នកចូលរួម​លើសពី ៤០ នាក់​ឡើយ ដើម្បី​រួមចំណែក​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​កម្មវិធី​ប្រដាល់​ថ្មី​នេះ បាន​សម្ពោធ​ជា​ផ្លូវការ និង​ចាប់ផ្ដើម​ការប្រកួត កាលពី​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ នៅ​សង្វៀន​បាយ័ន ស្ទឹងមានជ័យ ហើយ​មាន​កីឡាករ​ជើង​ខ្លាំង ៤​គូ បាន​ចូលរួម​ប្រកួត​លក្ខណៈ​មិត្តភាព​ជាតិ ។ ប៉ុន្ដែ​លោក នាង ស៊ី​វុត្ថា អ្នកគ្រប់គ្រង​កម្មវិធី បាន​អះអាងថា បន្ទាប់ពី​ស្ថានភាព ជំងឺ​កូ​វីដ​-១៩ ធូរស្រាល ព្រឹត្តិការណ៍ រៀងរាល់​ព្រឹក​ថ្ងៃ សៅរ៍​នេះ​មិន​ត្រឹមតែ​មានការ​ប្រកួត​មិត្តភាព​ជាតិ​នោះទេ តែ​ក៏​នឹងមាន​រៀបចំ​គូ​មិត្តភាព​អន្ដរជាតិ ជាច្រើន​ផងដែរ ។​

​ថ្លែង​ក្នុង​ពិធី​ស​ន្នី​សីទ​កាសែត ប្រកាស​បើក​កម្មវិធី ប្រដាល់​ថ្មី​នេះ ប្រធាន​សហព័ន្ធ លោក តែម ម៉ឺន បាន​ចាត់ទុកថា នេះ​ជាការ​រួមចំណែក​ដ៏​សំខាន់ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​កម្ពុជា គ្រប់ កម្រិត បានបង្ហាញ​សមត្ថភាព និង​ពង្រឹងសមត្ថភាព ឆ្ពោះទៅរក​ភាព​រីកចម្រើន និង​ការប្រកួត អន្ដរជាតិ​នានា ពិសេស​គឺ​រួមចំណែក​អភិវឌ្ឍន៍ ធនធាន​កីឡាករ ដើម្បី​សម្រិតសម្រាំង​អ្នកមាន សមត្ថភាព និង​ទេពកោសល្យ ត្រៀម​ដំណើរ​ឆ្ពោះ ទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ។​

​យ៉ាងណាមិញ ក្នុង​កាលៈទេសៈ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅតែ​គំរាមកំហែង​ពិភពលោក ទោះ​កម្ពុជា គ្រប់គ្រង​មិនទាន់​កើត មាន​ការរីក​រាលដាល ក្នុង​សហគមន៍​ក្ដី​តែ​លោក​បាន អំពាវនាវ ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​គ្រប់​សង្វៀន​ប្រដាល់ ត្រូវ​បន្ដ​រៀបចំ​លក្ខណៈ​បិទទ្វារ តាម​អនុសាសន៍​ណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​មន្ដ្រី​បច្ចេកទេស និង​កីឡាករ ចូលរួម មិនត្រូវ​ពី ៤០ នាក់​ឡើយ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព និង​ការពារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។​

​លោក តែម ម៉ឺន បាន​បញ្ជាក់ថា “​ចំពោះមុខ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ដែល​មិនទាន់​ធូរស្រាល នាពេល​បច្ចុប្បន្ន សូម​រក្សា​ចំនួន អ្នកចូលរួម មិន​ឲ្យ​លើសពី ៤០ នាក់​ដាច់ខាត​រួមមាន​មន្ដ្រី បច្ចេកទេស និង​កីឡាករ ហើយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ពិសេស​អនុវត្តតាម​សេចក្ដីណែនាំ របស់​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក ក៏ដូចជា អនុសាសន៍​ណែនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​បាន​ដាច់ខាត ដើម្បី​ចូលរួម​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩” ។​

​ក្រឡេក​មក​ចាប់អារម្មណ៍ លទ្ធផល ៤ ប្រកួត នៃ​ការបើកឆាក​សង្វៀន​ថ្មី ខាងលើ រួមមាន កីឡាករ រិ​ន ដេវីត វាយ​ឈ្នះ​កីឡាករ ពេជ្រ ប៊ុន​សិទ្ធ ដោយ​ពិន្ទុ ។ កីឡាករ ប៊ុន សុធា​វាយ​ឈ្នះ កីឡាករ ឯម សុធី ដោយ​ពិន្ទុ ។ កីឡាករ ម៉ិ​ល សារុន វាយ​ឈ្នះ​កីឡាករ សូត្រ សាណូ ដោយ​ពិន្ទុ និង​គូ​ឯក​កីឡាករ ថៃ រិទ្ធី ផ្ដួល​កីឡាករ ឈឿង ល្វែ ឲ្យ​សន្លប់​ធំ​នៅ​ចុង​ទឹក​ទី​២ ៕ ដោយ​៖ បូ​រិ​ន​