អ្នកដំណើរ​តាម​សមុទ្រ​១៦​នាក់ បាន​រួចផុត ពី​គ្រោះ​លិច​ទូក ដោយ​ព្យុះ​រលក​សមុទ្រ​វាយប្រហារ​ទូក

127
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ព្យុះ​រលក​សមុទ្រ​បាន​វាយប្រហារ​ទូក​ឈើ​មួយគ្រឿង ដែល​ផ្ទុក​អ្នកដំណើរ​ទាំង​ស្ត្រី បុរស​និង​ក្មេងៗ សរុប​១៦​នាក់ បណ្តាល​ឲ្យ​លិច​លើ​ផ្ទៃសមុទ្រ តែ​សំណាងល្អ ជនរងគ្រោះ​ត្រូវបាន​ក្រុម​សង្គ្រោះ ជួយ​ទាន់ពេលវេលា មិនមាន​មនុស្ស​បាត់​ខ្លួន​ដោយ​គ្រោះថ្នាក់​នេះ​ទេ​។ ករណីនេះ កើតឡើង​បាន​លិច​នៅ​ចំណុច ចន្លោះ​កោះរ៉ុង​សន្លឹម និង​កោះ​តូច ចម្ងាយ​ប្រមាណ​៣​ម៉ៃ​ពី​កោះ​តូច ស្ថិតនៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី​១​សីហា​២០២០​។​

​មន្ត្រី​អាជ្ញាធរ ក្រុង​កោះរ៉ុង​បាន​ប្រាប់ថា ទូក​ឈើ​០១​គ្រឿង ចេញដំណើរ​ពី​តំបន់​ទំនប់រលក ក្រុងព្រះសីហនុ​ឆ្ពោះទៅ ក្រុង​កោះរ៉ុង ក្នុង​គោលបំណង ចូលរួម​ខួបកំណើត ក្រុមគ្រួសារ តែ​សំណាង​មិនល្អ ទូក​ក៏​ខូច​ម៉ាស៊ីនបូមទឹក ហើយក៏​ជួប​ព្យុះ​កន្ត្រាក់ វាយ​បែក​ទូក​ទឹក​ចូល​លិច​តែម្តង នេះ​តាម​សម្តី​របស់​ជនរងគ្រោះ​ម្ចាស់​ទូក​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​១៦​នាក់ បាន​ដឹក​តាម​ទូក​នេសាទ​មួយគ្រឿង មកដល់​ដីគោក​ផែ​ទំនប់រលក​វិញ ហើយ​នៅ​យប់​ថ្ងៃ​ដដែល​នេះ និង​បន្ទាប់មក​បាន​បញ្ជូនបន្ត​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ជួយ​ពិនិត្យ​តាមដាន​សុខភាព​បន្ត ក្រោម​ការចាត់ចែង​រប​ស់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​លិច​ទូក​ខាងលើ​នោះ តាម​ការបំភ្លឺ​របស់​ឈ្មោះ សេង រិទ្ធី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​លិច​ទូក​នេះដែរ ឲ្យ​ដឹងថា បណ្តាលមកពី​ខូច​ប្រព័ន្ធ​បូមទឹក រួច​ត្រូវ​ទឹករលក​ខ្លាំង​បោក​បណ្តាល​ឲ្យ​បែក​ក្តារ​ទូក​ផ្នែក​ខាងមុខ បន្ទាប់មក​ទូក​ក៏ លិច​តែម្តង សំណាងល្អ​បានការ​សង្គ្រោះ​ទាន់ពេល​៕ ល​