យុទ្ធនាការ​ក្រមា​បំបែក​ឯតទគ្គ​កម្ម​ពិភពលោកៈ អ្នកចូលរួម​ត្បាញ​​ជាង​៨.០០០​នាក់ និង​ត្បាញ​បាន​ជាង​៤០០​ម៉ែត្រ​

2265
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ យុទ្ធនាការ​ក្រមា “​ការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ” ១០០០​ម៉ែត្រ​​របស់​ក្រុមការងារ GoGoCambodia ដែល​បានចាប់ផ្តើម​ដំណើរការ​ត្បាញ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ រហូត​មកដល់​ថ្ងៃទី​៦ ខែមេសា នៅ​ទីតាំង​សួនច្បារ​វាល​ព្រះមេរុ គឺ​បាន​ប្រវែង​ជាង ៤០០​ម៉ែត្រ​ហើយ និង​មាន​អ្នកចូល​រួម​ត្បាញ​ក្រមា ប្រមាណ​ជាង ៨.០០០​នាក់ និង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលរួម ទស្សនា​ជាង ១៤​ម៉ឺន​នាក់​។​​ចំពោះ​សកម្មភាព​នានា​ក្នុង​ទីតាំង​យុទ្ធនាការ​ក្រមា​នឹង​ឈប់សម្រាក​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិ​ខ្មែរ​។

សម្តេចម៉ែនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ស្តេ​ច​យាងនិងអញ្ជើញ​ចូលរួម​ត្បាញ​ក្រមា​នាពេល​កន្លងមក​(រូបឯកសារ)

​លោក​សាន វ​ឌ្ឍ​នា ក្រុមការងារ​ចលនា GOGOCAMBODIA បាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ខាងមុខនេះ នឹង​បិទ​ទីតាំង​នៃ​យុទ្ធនាការ​ក្រមា (​ទីតាំង​វាល​ព្រះមេរុ​ទាំងមូល​) ជា​បណ្តោះអាសន្ន​រយៈពេល ៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​១៧ ខែមេសា ហើយនឹង​បើក​ដំណើរការ​ជាធម្មតា​ពីថ្ងៃ​ទី​១៨ ខែមេសា តទៅ​។ រយៈកាល​កន្លងមកនេះ ចាប់​ពីថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​ត្បាញ​ក្រមា និង​ជា​អ្នក​បង្ហាត់បង្រៀន និង​សម្រួល​ដល់​ការចូលរួម​ត្បាញ​របស់​សាធារណៈជន ក៏ដូចជា យុវជន​ស្ម័គ្រចិត្ត បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ដោយ​មិន​គិត ថ្ងៃ​សៅរ៍ ឬ​អាទិត្យ​នោះឡើយ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​យុទ្ធនាការ​ក្រមា​របស់​ប្រព្រឹត្តិ​ទៅដោយ​រលូន​។ ដោយហេតុ​នេះហើយ ក្រុមការងារ​បានសម្រេច បិទ​ទីតាំង និង​ឈប់សម្រាក ក្នុងអំឡុងពេល​ចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ ក្នុង​គោលបំណង ផ្តល់​ពេលវេលា​សម្រាប់ លោក​អ៊ុំ អ្នក​មីង និង​យុវជន​ស្ម័គ្រចិត្ត ត្រលប់​ទៅ​ស្រុកកំណើត ជួបជុំ និង​រីករាយ​ជាមួយ​ក្រុមគ្រួសារ ដើម្បី​ត្រៀមខ្លួន​អបអរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ទាំងអស់គ្នា​។​

សម្តេច​កិត្តិ​ព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ចូលរួម​ត្បាញ​ក្រមា​នាពេល​កន្លងមក (​រូប​ថ​តៈ​ឯកសារ​)

​លោក​បន្តថា ស្រប​ជាមួយគ្នានេះដែរ ដើម្បី​ចូលរួម​អបអរ​សារ​ទរ បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃទី​៧-៨ ខែមេសា ចាប់ពី​ម៉ោង ៤:៣០ នាទី​ល្ងាច ក្រុមការងារ​ក្រមា បានរៀបចំ​នៅ​សកម្មភាព​កម្សាន្ត​សប្បាយ រួមមាន​ការ ការសម្តែង​របាំ ការ​លេខ​ល្បែង​ប្រជាប្រិយ​ជាច្រើន និង​ជាពិសេស​ការ​រាំលេង​នូវ​ចង្វាក់​ប្រពៃណី​ខ្មែរ ជូន​ដល់​​បងប្អូន​អ្នកចូលរួម​ទាំងអស់គ្នា​។ លើសពីនោះ​ទៅទៀត «​បង​សំណាង អូន​សំណព្វ​» ដែលជា​តួអង្គ​និមិត្ត​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ក៍​នឹងមាន​វត្ត​មាននៅ​ទីតាំង​ផ្ទាល់​ផងដែរ​។​

​យុទ្ធនាការ​ក្រមា “​ការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង ជាងគេ​លើ​ពិភពលោក​“ ១០០០ ម៉ែត្រ ត្រូវបាន​នាំមក ជូន​ប្រជាជន​ខ្មែរ ទាំងអស់គ្នា ក្នុង​គោលបំណង​ធំៗ​៣ រួមមាន ១-​លើកកម្ពស់​មោទនភាព​ជាតិ និង​កិត្យានុ​ភាព​នៅ​លើ​ឆាក​អន្តរជាតិ​។ ២-​បង្កើត​ការរួមចំណែក​ពី​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដើម្បី​រួមគ្នា​ថែរក្សា និង​លើកស្ទួយ​មរតក​វប្បធម៌​ប្រពៃណី​ខ្មែរ​។ ៣-​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព និង​ឯកភាព​ជាតិ តាមរយៈ​ការរួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ​សម្រាប់​ជាតិ​។​

​សូមជម្រាបថា យុទ្ធនាការ​ក្រមា ការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ១០០០​ម៉ែត្រ របស់​ក្រុម​ការងារ GoGoCambodia បានចាប់ផ្តើម​បើក​ដំណើរការ​ត្បាញ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីតាំង​សួនច្បារ​វាល​ព្រះមេរុ​។ យុទ្ធនាការ​នេះ គឺ​បើក​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ដោយ​មិន​ប្រកាន់​និន្នាការ​ដើម្បី​អញ្ជើញ​ចូលរួម​ត្បាញ​ក្រមា​ដោយ​ផ្ទាល់ដៃ​។​

​គួរ​បញ្ជាក់ថា GoGoCambodia គឺជា​ចលនា​ថ្នាក់ជាតិ​មួយ​ដែល​កើតចេញ ពី​ឆន្ទៈ​កូន​ខ្មែរ​ធ្វើឡើង ក្នុង​គោល​បំណង​លើកកម្ពស់​មោទនភាព​ជាតិខ្មែរ និង​បង្ហាញ​ពី​សក្ដានុពល​របស់ កម្ពុជា នៅ​គ្រប់​វិស័យ និង​ជា​វេទិកា​សម្រាប់​យុវជន​ខ្មែរ​គ្រប់រូប​អាច​បង្ហាញ​នូវ​មោទនភាព​របស់ខ្លួន​ក្នុងនាម​ជា​កូន​ខ្មែរ​ក៏ ដូចជា មោទនភាព​ជាតិ​ទៅដល់​សហគមន៍ អន្តរជាតិ​៕មន

លោក​សាន វ​ឌ្ឍ​នា ផ្តល់​សំភាសន៍​ដល់​អ្នកកាសែត​

ទីតាំងផ្សាយពាណិជ្ជកម្ម