អ្នកអវកាស ណាសា​បង្កើតប្រវត្តិ​សាស្ត្រ ដោយវិលត្រឡប់​មកផែន​ដីវិញ តាមយានរបស់ ក្រុមហ៊ុន SpaceX

741
ចែករម្លែក

អវកាសយានិកអាម៉េរិក បប់ បិញឃិន និង ដូក ហ៊ួលី ដែលបានហោះទៅកាន់​ស្ថានីយ​អវកាសអន្តរជាតិក្នុងយានថ្មី Crew Dragon របស់ក្រុមហ៊ុន SpaceX បានចុះមក​ផែនដី​​វិញ តាមយានដដែលនេះ នៅឈូងសមុទ្រម៉ិកស៊ិក កាលពីថ្ងៃអាទិត្យទី២ សីហា បន្ទាប់ពីការធ្វើដំណើរ រយៈពេលពីរខែ​ ដែលជាបេសកកម្មដំបូង​របស់អង្គការណាសា ចេញពីទឹកដីកំណើត ក្នុងរយៈពេល ៩ ឆ្នាំ។

លោកបិញ ឃិន និងលោក ហ៊ួ លី ដែលស្ថិតនៅទីអវកាស សរុប ៦៤ ថ្ងៃ បានចាក​ចេញ ពីស្ថានីយអវកាសអន្តរជាតិ ​កាលពីថ្ងៃសៅរ៍ ហើយបានវិលមកដល់ស្រុក​កំណើត​វិញ នៅលើផ្ទៃទឹកសមុទ្រ ស្ងប់នៅឆ្នេរ ផេនសាកូឡា រដ្ឋផ្លរីដា នៅម៉ោង ២ និង ៤៨ នាទីរសៀល បន្ទាប់ពីការធ្វើដំណើរ ២១ ម៉ោងនៅលើយាន Crew Dragon។

ការចុះចតជោគជ័យ ដំបូងបង្អស់របស់ អង្គការណាសា ក្នុងរយៈពេល ៤៥ ឆ្នាំ គឺជា​ការ​សាកល្បង មើលចុងក្រោយបំផុត ថាតើយានអវកាសរបស់លោក អេឡុន ម៉ាស នាយកប្រតិបត្តិ ក្រុមហ៊ុន SpaceX អាចដឹកអវកាសយានិក ទៅមកពីដងតារាវិថី​បានឬអត់ ដែលការសាកល្បងនេះ​ គ្មានក្រុមហ៊ុនឯកជនណាមួយ​ធ្លាប់ធ្វើពីមុនមក​នោះទេ។

លោក ជីម ប្រ៊ីដិនស្ទីន ជាអ្នកគ្រប់គ្រង​ ទីភ្នាក់ងារអវកាសណាសា បានប្រាប់អ្នកសារ​ព័ត៌មាន ក្នុងសន្និសីទកាសែតថា “នេះជាថ្ងៃដ៏អស្ចារ្យ សម្រាប់ណាសា និងជាថ្ងៃដ៏​អស្ចារ្យ សម្រាប់សហរដ្ឋអាម៉េរិក។ ថ្ងៃនេះ យើងពិតជាបានបង្កើតប្រវត្តិសាស្ត្រ”៕ ដោយ៖ កញ្ញាដាលីស

អ្នកអវកាសណាសា បប់ បិញឃិន និង ដូក ហ៊ួលី ចុះដល់ផែនដីវិញដោយសុវត្ថិភាពតាមយាន Crew Dragon កាលពីថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម