ស្លាប់ ៨ របួស ១៩ ក្នុងការបាញ់គ្នា កាលពីចុងសប្តាហ៍នៅទីក្រុងឈីកាហ្គោ

279
ចែករម្លែក

ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យទី២សីហាថា អំពើហិង្សាដោយកាំភ្លើង បានបន្តញាំញីទីក្រុងឈីកាហ្គោ ដោយមានមនុស្ស ៨ នាក់បានស្លាប់ រួមទាំងក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ និង របួសយ៉ាងហោចណាស់ ១៩ នាក់ កាលពីចុងសប្តាហ៍។

យោងតាមនាយកដ្ឋានប៉ូលិសក្រុងឈីកាហ្គោ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមករារហូតដល់ចុងខែកក្កដា មានករណីឃាតកម្មចំនួន ៤៤០ លើកនៅក្នុងទីក្រុងឈីកាហ្គោ និង មនុស្ស ២.២៤០ នាក់ត្រូវបានបាញ់ រួមទាំងអ្នកដែលគេបាញ់សម្លាប់ចោល។

ការបាញ់សម្លាប់កាលពីចុងក្រោយនេះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យទី២សីហា នៅពេលដែលបុរសពីរនាក់ត្រូវបានសម្លាប់ ខណៈពួកគេកំពុងអង្គុយនៅក្នុងរថយន្ដ ចតនៅលើផ្លូវវេសសាយ នៃទីក្រុងឈីកាហ្គោ។ យោងតាមប៉ូលិសបានឱ្យដឹងថា អ្នកទាំងពីរត្រូវបានបាញ់ចំក្បាលជាច្រើនគ្រាប់។

ការបាញ់សម្លាប់ដំបូងបង្អស់កាលពីចុងសប្តាហ៍បានកើតឡើងនៅល្ងាចថ្ងៃសុក្រក្នុងសង្កាត់ខាប្រ៊ីនីហ្គ្រីន កន្លែងដែលក្មេងប្រុសឈ្មោះ ចាណារី រីក អាយុ ៩ ឆ្នាំកំពុងលេង នៅពេលក្មេងនេះត្រូវគេបាញ់ចំទ្រូង។ ប៉ូលិសនិយាយថា ក្មេងប្រុសនោះមិនមែនជា គោលដៅដែលគេគ្រោងសម្លាប់ចោលនោះទេ។ ក្នុងករណីនេះគ្មានការចាប់ខ្លួន ជនណាម្នាក់នោះទេ។

ម្តាយរបស់ក្មេងប្រុស គឺលោកស្រី ចាលីសា ហ្វត បានប្រាប់កាសែត Chicago Sun-Times ថា “កូនប្រុសនេះចង់ជួយកសាងសហគមន៍ឡើងវិញ កសាងអ្វីដែលក្មេងៗ អាចរីករាយនៅពេលអនាគត។ វាបានបាត់ទៅហើយ កូនត្រូវគេសម្លាប់បាត់ហើយ”។

អំពើឃាតកម្មនិងការបាញ់ប្រហារបានកើនឡើងនៅទីក្រុងឈីកាហ្គោក្នុងអំឡុងពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ។ ករណីឃាតកម្មចំនួន ៤៤០ និងមនុស្ស ២.២៤០ នាក់ដែលត្រូវបានបាញ់នៅចុងខែកក្កដានេះបើប្រៀបធៀបទៅនឹងករណីឃាតកម្មចំនួន ២៩០ និងមនុស្ស ១.៤៨០ ដែលគេបាញ់នៅទីក្រុងឈីកាហ្គោក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ខែកក្កដាគឺជាខែសម្បូរអំពើហិង្សាខ្លាំងជាងគេ ដោយទីក្រុងនេះបានកត់ត្រា ករណីឃាតកម្មចំនួន ១០៥ និងការបាញ់ប្រហារចំនួន ៥៨៤ ករណី៕ ដោយ៖ កញ្ញាដាលីស/Ha

ចាប់ពីថ្ងៃទី ១ ខែមករារហូតដល់ចុងខែកក្កដាមានករណីឃាតកម្មចំនួន ៤៤០ លើកនៅក្នុងទីក្រុងឈីកាហ្គោ និង មនុស្ស ២.២៤០ នាក់ត្រូវបានបាញ់ រួមទាំងអ្នកដែលគេបាញ់សម្លាប់ចោល

ទីតាំងផ្សាយពាណិជ្ជកម្ម