ថ្ងៃ​៧​សីហា គ​.​ជ​.​ប​.​អ នឹង​ប្រកាស​ជ័យលាភី និង​រាប់​ថយក្រោយ ១.០០០ ថ្ងៃ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​

227
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បានកំណត់​យក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ ខាងមុខ​ឆាប់ៗ​នេះ ដើម្បី​ប្រារព្ធ​កម្មវិធី​ដ៏​ធំ​មួយ ស្តីពី​ការប្រកាស​ពានរង្វាន់ ជូន​ជ័យលាភី ស្លាក​សញ្ញា -​និមិត្តសញ្ញា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ និង អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ និង​ពិធី​រាប់​ថយក្រោយ ១.០០០ ថ្ងៃ ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដោយ​គ្រោង​នឹងធ្វើ​ឡើង នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​គូសបញ្ជាក់ថា តាម​ការគ្រោងទុក ពិធី​នេះ នឹងត្រូវ​ធ្វើឡើង នា​វេលា​ម៉ោង ៥ ល្ងាច ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC

​ចំពោះ​របៀបវារៈ សំខាន់ៗ រួមមាន​៖ ការគោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, របាំ​ជូនពរ​, សន្ទរកថា​ស្វាគមន៍ ដោយ​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេស ចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC, មតិ​សំណេះសំណាល និង​ការផ្តល់​អនុសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​, ពិធី​ប្រកាស​បេក្ខជន បេ​ក្ខ​នារី ដែលជា​ម្ចាស់​ជ័យលាភី ស្លាក​សញ្ញា -​និមិត្តសញ្ញា ស៊ី​ហ្គេម និង​អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ និង​ជូន​រង្វាន់​លើកទឹកចិត្ត​។ ចំណាប់អារម្មណ៍ របស់​ជ័យលាភី ការសម្តែង​សិល្បៈ និង​ពិធី​រាប់​ថយក្រោយ ១.០០០​ថ្ងៃ សន្ធឹក​ស្គរជ័យ​។ ចំពោះ​បាវចនា​របស់​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម គឺ «​កីឡា​រស់ក្នុង​សន្តិភាព​-SPORT LIVE IN PEACE»​។​

​សូមបញ្ជាក់ថា ដំណើរ​ឆ្ពោះទៅ​រៀបចំ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​ចាប់​រាប់​ពីថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ តទៅ រហូតដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​ពិធី​បើក​ជា​ផ្លូវការ មាន​ចំនួន ១.០០០ ថ្ងៃ​គត់​។ រីឯ​ការទទួល​រៀបចំ ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន ប៉ា​រ៉ា​ហ្គេម (​កីឡា​ជនពិការ​) លើក​ទី​១២ ឆ្នាំ​២០២៣ បន្ទាប់ពី​បញ្ចប់​ស៊ី​ហ្គេម លើក​ទី​៣២ រយៈពេល​ជាង ១០ ថ្ងៃ ដែលមាន​កាលបរិច្ឆេទ ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៣ ៕​v

ទីតាំងផ្សាយពាណិជ្ជកម្ម