ខែសីហា មាន​អាយុ​ជិត​បី​ពាន់ ឆ្នាំ​ហើយ​

188
ចែករម្លែក

​ភ្នំពេញៈ សីហា មកពី​ពាក្យ​ថា “ សីហ (​សី​-​ហៈ​) “ ជា​ភាសាបាលី និង សំស្ក្រឹត ប្រែជា ខេមរភាសា​ថា​” សត្វ​សីហ ឬ​សឹង្ហ គឺ​សត្វ​តោ “ ។ សីហា ជា​ខែ​មួយ​ក្នុងចំណោម​ខែ​ទាំង ៧ ដែលមាន​រយៈពេល​៣១​ថ្ងៃ​ក្នុង​មួយខែ ហើយ​វា​ជា​ខែ​ទី​៨ នៃ​ប្រតិទិន​ហ្ក្រេ​ហ្គោ​រាន​ដែលជា ប្រតិទិន​សកល ប៉ុន្តែ​វា​ជា​ខែ​ទី​៥ នៃ​សុរិយគតិ ។ គេ​អាច​ហៅ​ខែសីហា ថា សីហ (​សី​-​ហៈ​) រាសី ក៏បាន ។​

​សីហា ត្រូវបាន​ផ្តល់កំណើត​ឱ្យ​តាំងពី ៧៥៣ ឆ្នាំមុន​គ្រិស្តសករាជ តាមរយៈ​ប្រតិទិន រ៉ូ​មូ​លូ​ស (Romulus calendar) ដែល​ប្រតិទិន​នោះ ក្នុង​មួយឆ្នាំ​មានតែ​១០​ខែ​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែ មីនា ( អាន​ថា មី ណា ) ។ ក្នុង​ប្រតិទិន រ៉ូ​មូ​លូ​ស នោះ ខែសីហា មានឈ្មោះ​ជា​ភាសា​ឡ​តាំង ថា​Sextilis ដែល​មានន័យថា ទី​៦ ដ្បិត​កាលនោះ សីហា​គឺជា​ខែ​ទី​៦ ក្នុង​ប្រតិទិន​នោះ ។ ដូច្នេះ​មកដល់​ឆ្នាំ ២០២០ នេះ ខែសីហា មាន​អាយុកាល​២៧៧៣ ឆ្នាំ​ហើយ ។​

​ឆ្នាំ​ទី​៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស (NumaPompilius) ជា​ក្សត្រ​ទី​២ ក្នុងចំណោម​ក្សត្រ​តាម​បវេណី​ទាំង ៧ អង្គ​របស់​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា (Calendar of Numa)​។ ប្រតិទិន​នេះ ក្នុង​មួយ​ឆ្នាំមាន​១២​ខែ​ដោយ​ការ បន្ថែមចំនួន ២ នៅ​ខាងដើម គឺ​ខែមករា​និង​ខែកុម្ភៈ​ហើយ​ខែសីហា​ក៏បាន​ក្លាយ ទៅជា​ខែ​ទី​៨ តាំងពី​ពេលនោះ​មកហើយ ប្រតិទិន ក្នុង​១​ឆ្នាំ ១២​ខែ ក៏​ចាប់ផ្តើម​មាននៅ​ក្នុង​លោក​តាំង ពី​ពេល​នោះឯង ។​

​ប្រតិទិន នូ​ម៉ា នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន ជូ​លាន (Julian calendar) ដោយ ព្រះ​ចៅ អ​ធិ​រាជ្យ ជូ​លី​យើ​ស សេ​ហ្សា (Julius Caesar) នៅ​៤៦​ឆ្នាំមុន​គ្រិស្តសករាជ ។ លុះដល់​ឆ្នាំ ១៥៨២ នៃ គ្រិស្តសករាជ ត្រូវបាន​សម្តេច ប៉ាប ហ្គ្រេ​ហ្កូ​រី ទី​១៣ (Pope Gregory XIII) កែប្រែ​ប្រតិទិន​ជូ​លាន​នេះ ឱ្យទៅជា​ប្រតិទិន​ហ្ក្រេ​ហ្គោ​រាន (Gregorian calendar) ដែលជា ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន ។​

​ឯកសារ​មួយចំនួន បាន​អះអាងថា ខែសីហា ជា​ខែ​ទី​៨ ក្នុង​ប្រតិទិន​ជូ​លាន និង​ប្រតិទិន​ហ្ក្រេ ហ្គោ​រាន ដែល​បានសេចក្តីថា ខែ​នេះ​បានក្លាយ​ជា​ខែ​ទី​៨ ក្នុង​ប្រតិទិន នៅត្រឹម​ចាប់តាំងពី មាន​ប្រតិទិន ជូ​លាន នៅ​៤៦​ឆ្នាំមុន​គ្រិស្តសករាជ ។ ប្រការនេះ​បានសេចក្តីថា អ្នកនិពន្ធ អត្ថបទ​ទាំងនោះ មើលរំលង ឬ ភ្លេច​គិតថា ខែសីហា​បាន​ក្លាយជា​ខែ​ទី ០៨ ក្នុង​ប្រតិទិន តាំងពី​ប្រតិទិន នូ​ម៉ា ត្រូវបាន​ប្រសូត្រ​ឡើង កាលពី​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ​ឯណោះ ។​

​នៅ​ឆ្នាំ​ទី​៨ មុន​គ្រិស្តសករាជ ខែសីហា ត្រូវបាន​ប្តូរ​ឈ្មោះ​ពី Sextilis​ទៅជា Augustus ជា​ឈ្មោះ ដែល​គេ​ដាក់​តាម​ព្រះនាម ព្រះ​ចៅ​អ​ធិ​រាជ្យ Imperator Gaius Julius Caesar Octavianus DiviFilius Augustus ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា ជូ​លី​យើ​ស សេ​ហ្សា (Julius Caesar) និង​ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ព្រះអង្គ​។ ពាក្យ​ថា Augustus នេះឯង​ហើយ​ដែល​ភាសា​អង់គ្លេស ហៅថា August រីឯ ពាក្យ​ថា August ដែល​ប្រែជា​ភាសា​ខ្មែរ​ថា ខែសីហា ក៏មាន​នៅក្នុង​លោក តាំងពី​ពេលនោះ​ឯង ។​

​នៅ​អឌ្ឍគោល​ខាងត្បូង (Southern Hemisphere) រដូវ​កាល​របស់ សីហរាសី ស្មើនឹង​ខែ កុម្ភៈ នៅ​អឌ្ឍគោល​ខាងជើង (Northern Hemisphere) ។ នៅក្នុង​ឆ្នាំ​ធម្មតា មានតែ​ខែសីហា នេះ​មួយគត់​ដែល​ខែ​ចាប់ផ្តើម​នៅ​ចំ​ថ្ងៃ​ដូចគ្នា​ជាមួយនឹង​សប្តាហ៍ (​ឆ្នាំ​លោត ខែកុម្ភៈ​ក៏​ចាប់ផ្តើម ដូចគ្នានេះដែរ​) ។​ហើយ​នៅ​រាល់​ឆ្នាំ ខែសីហា ដាច់​ខែ​នៅ​ថ្ងៃ នៃ សប្តាហ៍​ដូចគ្នា​នឹង​ខែវិច្ឆិកា ។​

​ទំនាយ​តាម​ក្បួន​ហោរា​បស្ចិម​លោក​
​គេ​អាច​ហៅ​មនុស្ស​កើត​ក្នុង​ខែសីហា​ថា សីហរាសី​បុគ្គល ក៏បាន ហើយ​តាម​ក្បួនហោ​រាប ស្ចិ​ម​លោក បុគ្គល​ដែល​ចាត់ទុកថា ជា​មនុស្ស​កើត​ក្នុង​ខែសីហា ឬ​សីហរាសី​បុគ្គល គឺ​ជនានុជន ទាំងឡាយណា​កើត​នៅ​ចន្លោះ​ថ្ងៃទី ២៣​កក្កដា – ២២​សីហា ។ តាម​ក្បួន​នេះ​ពួក​អ្នក​កើត​ក្នុង សីហរាសី គឺ​ស្មើនឹង​អ្នក​កើត​ឆ្នាំវក​ក្នុង​ក្បួន​ហោរា​ចិន​ហើយ​ឆុង​នឹង​អ្នក​កើត​ខែមករា​។​

​និម្មិត​សញ្ញា​របស់​មនុស្ស​កើត ក្នុង​ខែសីហា គឺ​សត្វ​សឹង្ហ ឬ សីហ គឺ​សត្វ​តោ​(Lion) ធាតុភ្លើង ទទួល​ឥទ្ធិពល​ពី​ភព​ព្រះអាទិត្យ ។​ភព​ដែលជា​ស្មារតី និង អារម្មណ៍​គឺ​ភព​ព្រះ​អង្គារ (Mars) និង​ភព​ព្រះ​ហ​ស្ប​តិ៍ (Jupiter) ដែលជា​ស្តេច នៃ ភព​ទាំងឡាយ​ហើយ​ភព​វាសនា ក៏​ជា​ភព ព្រះ​ហ​ស្ប​តិ៍​ដែរ ។ ពណ៌​ដែល​ស័ក្តិសម​គឺ​ពណ៌​មាស​និង​ពណ៌​ទឹកក្រូច​។ ថ្ងៃ​ល្អ​គឺ​ថ្ងៃអាទិត្យ ចន្ទ អង្គារ និង ថ្ងៃ​ព្រហស្បតិ៍ ចំណែក ត្បូង​នាំ​សំណាង​គឺ​ត្បូង​ទទឹម (ruby) ។

​ចរិតលក្ខណៈ សំខាន់ៗ​របស់​មនុស្ស​កើត​ខែសីហា គឺ​គឃ្លើន​មានះ វាយ​ប្ញ​ក​ក្រអឺតក្រទម ឫក​ដូច​ស្តេច មិនសូវ​ឩ​ស្សា​ហ៍ មិន​បត់បែន​តាម​ខ្យល់ ក្លាហាន មាន​មហិច្ឆតា​ស្មោះត្រង់ មានចិត្ត​ប្រកបដោយ​កាមរាគ ជា​មនុស្ស​ចិត្តបុណ្យ និង​មាន​ប្ញ​ក​ពា​ដំណើរ​ប្រកបដោយ សីហពិលាស គឺ​សង្ហា​ហំហែង​ខ្ពង់ខ្ពស់ ដូច​នរសីហៈ​នា ចំណោម​សត្វ​ម្រឹគ ឬ​ដូចជា​ព្រះរាជា នា​កណ្តាល​ហ្វូង​ទាសាទាសី ។​

​ជាទូទៅ មនុស្ស​កើត​ខែសីហា ពុំ​សូវ​ចេញមុខ​ចេញ​មាត់​ទេ ប៉ុន្តែ​នៅពេល​បុគ្គល​នេះ​បង្ហាញ វត្តមាន​ឡើង នរណាៗ ក៏​កត់សម្គាល់ និង​ចាប់អារម្មណ៍​ដែរ​។ គេ​ជាម​នុស្ស​ដែលមាន​ភាព ច្នៃ​ប្រតិដ្ឋ រួសរាយ​ជឿជាក់​លើ​ខ្លួនឯង​។ បុគ្គល​នេះ ចេះ​ផ្តល់​ភាពកក់ក្តៅ​ចេះ​ចែករំលែក​គំនិត យោបល់ និង​ជួយ​ជ្រោមជ្រែង​គេឯង​ដល់ទី​បំផុត​។ បរិយាកាស ឬ កន្លែង​ការងារ ដែល​ល្អ​បំផុត សម្រាប់​បុគ្គល​នេះ ទីកន្លែង​ណា ដែល​គេ​អាច​បញ្ចេញ​សមត្ថភាព ឲ្យ​អ្នកដទៃ​បានឃើញ​។​

​សីហរាសី​បុគ្គល គឺជា​មនុស្ស​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​ជ្រាលជ្រៅ​បំផុត​បើ​និយាយ​ពី​រឿង ផ្លូវភេទ គេ​មាន​ថាមពល​ខ្លាំងក្លា​ណាស់​។ គេ​មិនចេះ​ប្រច័ណ្ឌ​ទេ​ថែមទាំង​ចេះ​អត់ឱន​ឱ្យ​គូស្នេហ៍ ផងដែរ ប៉ុន្តែ​គេ​មិន​ចូលចិត្ត​ឱ្យ​គូស្នេហ៍​ដឹកមុខ​គេ​ឡើយ គឺ​បុគ្គល​កើត​ខែសីហា នេះ​វិញ​ទេ ដែល​ចូលចិត្ត​ដឹកមុខ​គូស្នេហ៍​ហើយ​ស្មោះស្ម័គ្រ​តែ​ចំពោះ​មនុស្ស​ម្នាក់​នោះ​អស់​មួយជីវិត​។​

​គេ​ជា​មិត្តភក្តិ​ដែលមាន​ចិត្ត​មេត្តាករុណា​ស្មោះស្ម័គ្រ​និង​ចេះ​អធ្យាស្រ័យ​បំផុត ហើយ​តែងតែ ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​គ្រួសារ​របស់គេ និង ការពារ​គ្រួសារ​របស់គេ​ខ្លាំងណាស់​មិនឱ្យ​នរណា ម្នាក់​បៀតបៀន​គ្រួសារ និង មិត្តភក្តិ​របស់គេ​ឡើយ ។
​ ​
​សីហរាសី​បុគ្គល​មិន​ចូលចិត្ត​ធ្វើការ​ក្រោម​ឱវាទ​អ្នកដទៃ​ឡើយ​ហើយ​គេ​តែង​អនុវត្ត​ច្រើនជាង​ការនិយាយ ។​ដោយហេតុនេះ ទោះជា​បុគ្គល​នេះ​ជាម​នុស្ស​ខ្ជិលច្រអូស​ក្តី​ក៏​គេ​កើតមក​គឺជា​មនុស្ស មមាញឹក​មិន​ឈប់ឈរ​ដែរ​ព្រោះ​គេ​ត្រូវ​ការឱ្យ​អ្វីៗ​ទាំងអស់​របស់គេ​បានល្អ​ប្រសើរ​ដាច់​លើសពី​អ្នកដទៃ​។​គេ​ជាម​នុស្ស​មិន​កំណាញ់​រឿង​លុយកាក់​ឡើយ ប៉ុន្តែ​គេ​មិន​ចាយវាយ​ខ្ជះខ្ជាយ​ទេ ពោលគឺ​គេ​មាន​របៀបរៀបរយ​ក្នុងការ​ចាយវាយ​ណាស់ ៕ ដោយៈ មេសា

គំនូរ សីហ ដែលជា​និមិត្តសញ្ញា នៃ ជន​កើត​ខែ សីហា
ត្បូង​ទទឹម​ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​មនុស្ស​កើត​ខែ សីហា

ទីតាំងផ្សាយពាណិជ្ជកម្ម