តារាហូលីវូដលោក ស៊ន ផេន អាយុ ៥៩ ឆ្នាំរៀបការជាមួយតារាសម្តែង ឡីឡា ចច អាយុ ២៨ ឆ្នាំ

841
ចែករម្លែក

តារាសម្តែងហូលីវូដលោក ស៊ន​ ផេន បានរៀបការជាមួយមិត្តស្រីជាតារាសម្តែងជនជាតិអូស្ត្រាលីកាត់អាម៉េរិក នាង ឡីឡា ចច អាយុ ២៨ ឆ្នាំ។

តារាសម្តែង ដែលនឹងមានអាយុ ៦០ ឆ្នាំនៅខែសីហានេះ មានអាយុច្រើនជាងភរិយាថ្មីរបស់គាត់ ៣២ ឆ្នាំ និង មានអាយុស្មើនឹងម្តាយក្មេករបស់គាត់ គឺ តារាសម្តែងអ៊ីតាលីកាត់អូស្ត្រាលី លោកស្រី ហ្គ្រេតា ស្កាចស៊ី ។

វេបសាយ Entertainment Tonight បានរាយការណ៍កាលពីថ្ងៃសៅរ៍ទី១សីហាថា ព័ត៌មានអំពីអាពាហ៍ពិពាហ៍របស់ពួកគេបានបែកធ្លាយ បន្ទាប់ពីមិត្តភក្តិម្នាក់បានបង្ហោះអំពីអបអរនៅលើបណ្តាញសង្គម Instagram ដោយអបអរសាទរពួកគេនិងបង្ហោះរូបថតអ្នកទាំងពីរកាន់ដៃគ្នានិងរូបចិញ្ចៀនរៀបការ។

តារាសម្តែងក្នុងរឿង Avengers លោក ចូស ប្រូលីន បានអបអរសាទរលោកផេន និងនាងចច នៅក្នុងប្រអប់បញ្ចេញយោបល់ផងដែរ។ សារបង្ហោះនោះក្រោយមកត្រូវបានលុបចោល។

គូស្នេហ៍នេះបានទាក់ទងគ្នាអស់រយៈពេលប្រហែលជា ៤ ឆ្នាំមកហើយ និងបានរក្សាភាពស្ងាមស្ងាត់អំពីទំនាក់ទំនងនេះ។

នាងចច ដែលធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តល្បីដូចជារឿង Mortal Engines ឆ្នាំ ២០១៨ គឺជាកូនស្រីរបស់តារាសម្តែងនិងជាផលិតករភាពយន្តលោកវីនសិន ឌីអូណូហ្វ្រីអូ និង តារាសម្តែង ស្កាចស៊ី។

លោកផេនមុននេះធ្លាប់បានរៀបការពីរដងមកហើយ។ ចំណងអាពាហ៍ពិពាហ៍ដំបូងបង្អស់ដ៏លេចធ្លោជាមួយតារាចម្រៀងប៉ុប ម៉ាដូណា បានបញ្ចប់ក្នុងឆ្នាំ ១៩៨៩ បន្ទាប់ពីរស់នៅជាមួយគ្នាបាន ៤ ឆ្នាំ។ ពួកគេគ្មានកូនជាមួយគ្នាទេ។

អាពាហ៍ពិពាហ៍លើកទីពីររបស់គាត់គឺជាមួយតារាស្រីក្នុងរឿង House of Cards (២០១៣ – ២០១៨) នាង រ៉ូប៊ីន រ៉ាយ ដែលគាត់មានទំនាក់ទំនងឡើងចុះជាមួយឥតឈប់ឈរ។ អ្នកទាំងពីរបានរៀបការក្នុងឆ្នាំ ១៩៩៦ ប៉ុន្តែបានលែងលះគ្នាក្នុងឆ្នាំ ២០១០។ ពួកគេមានកូនស្រីជាតារាសម្តែងនិងជាតារាបង្ហាញម៉ូតឈ្មោះ ឌីឡាន ប្រានសេស អាយុ ២៩ ឆ្នាំនិងកូនប្រុសម្នាក់ទៀតឈ្មោះ ហូបភើ ជែក អាយុ ២៧ ឆ្នាំ។

មុនពេលមាននាងចច លោកផេនបានទាក់ទងជាមួយតារាសម្តែង ឆាឡាយ ថេរ៉ូន ប៉ុន្តែពួកគេបានបែកគ្នាក្នុងឆ្នាំ ២០១៥៕ ដោយ៖ កញ្ញាដាលីស

លោក ស៊ន ផេន និងនាង ឡីឡា ចចរៀបការជាមួយគ្នាហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម