ប៉ូលិសបង្ក្រាបគ្រឿងញៀនជិត​២០០គីឡូ និងសារធាតុគីមី​សរុបជាង៣០០០គីឡូសម្រាប់ផលិតគ្រឿងញៀន

872
ចែករម្លែក

ដោយ:វង្ស សុភាព/ភ្នំពេញ ៖ ប្រតិបត្តិការដ៏ធំមួយក្រោមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលសន្តិសុខបានបើកការស៊ើបអង្កេត និងស្រាវជ្រាវករណី​ជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ បម្រុងនាំចេញទៅបរទេស ចំនួន ១៨៥,០២គីឡូក្រាម ដោយសហការជាមួយអង្គភាពគយនៃ ប្រទេសចិន តាមរយៈអង្គការ UNODC ប្រចាំប្រទេសថៃ និងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានកណ្តាលសន្តិសុខបានដឹកនាំបើក កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញ​ដូរគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ដោយសហការជាមួយអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វា ដោយឃាត់ជនសង្ស័យចំនួន ០១នាក់ ជនជាតិខ្មែរ និងវត្ថុតាងគ្រឿងញៀនចំនួន១៩៨ដុំ លាក់បង្កប់ក្នុងកេស​ការ៉ូឈើបន្លំជាគ្រឿងសង្ហារឹម។

ក្រោយនាំខ្លួនជនសង្ស័យមកសាកសួរ នាយកដ្ឋានកណ្តាលសន្តិសុខ បានសហការ ជាមួយមន្ទីរប្រឆាំងគ្រឿងញៀនបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជន​ជាតិចិន​បានម្នាក់ទៀត ដែលជាមុខសញ្ញាកែច្នៃគ្រឿងញៀន និងរឹបអូសបានគ្រឿងញៀន​ប្រភេទមេតំហ្វេតាមីនចំនួន ៨,៤៥គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់​កែច្នៃគ្រឿងញៀនចំនួន ២០,១៦គីឡូក្រាម ព្រមទាំងឧបករណ៍សម្រាប់កែច្នៃមួយចំនួន ក្នុងបន្ទប់ខុនដូរបស់ជនសង្ស័យ។

ដោយមានការឯកភាពពីលោក ព្រះរាជអាជ្ញារង សាយ ណូរ៉ា នៃអយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញពាក់ព័ន្ធបានបន្តចុះឆែក ឆេរទីតាំង​លាក់ទុកនូវសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនមួយកន្លែងនៅក្នុងខណ្ឌកំបូល ដោយដក ហូតបាននូវសារធាតុគីមីចំនួន ១១មុខ។ សរុបមានទម្ងន់ ៣១៤៦,១៩​គីឡូក្រាម និងបន្តចុះឆែកឆេរទីតាំង រក្សាទុកម៉ាស៊ីនសម្រាប់​ផលិតគ្រាប់ថ្នាំញៀន​មួយកន្លែងទៀត ស្ថិតក្នុងខណ្ឌដង្កោ ដោយរឹបអូសបានម៉ាស៊ីនអុកគ្រាប់ថ្នាំញៀនចំនួន ០២គ្រឿង និងពុម្ពគ្រាប់ថ្នាំញៀនចំនួន ១៤សម្រាប់។

តាមការបញ្ជាក់ ករណីជួញដូរគ្រឿងញៀននេះ គឺជាករណីឧក្រិដ្ឋកម្មឆ្លងដែន ដែលមាន​អង្គការចាត់តាំងច្បាស់លាស់ និងមានមេខ្លោងនៅបរទេស ហើយមាន​បំណងនាំចេញទៅកោះតៃវ៉ាន់។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរ បាលជាតិ កំពុងបន្តស្រាវជ្រាវ​មុខសញ្ញាមេខ្លោងនៅបរទេស និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីនាំខ្លួនមកផ្តន្ទា ទោសតាមផ្លូវច្បាប់៕/B,សរន

ទីតាំងផ្សាយពាណិជ្ជកម្ម