ប្រទះឃើញរថយន្តកាមរីHYBRID ចតប្លុងចោលមុខផ្ទះពលរដ្ឋ៤ថ្ងៃ សមត្ថកិច្ចស្ទូចយកទៅរក្សាទុក

126
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្តកាមរីHYBRITមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចតប្លុងទុកចោលមុខផ្ទះពលរដ្ឋអស់រយៈពេល៤ថ្ងៃទៅហើយរងចាំមើលម្ចាស់ តែមិនឃើញមកយកចេញ ទើបរាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យ និងស្ទូចលើកយកទៅរក្សាទុក នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅផ្លូវបេតុង ក្រុម៣ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

រថយន្តដែលប្រទះឃើញ ម៉ាកកាមរី ហាយប្រីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-5881 ចតប្លុងទុកចោលមុខផ្ទះប្រជាពលរដ្ឋដោយចាក់សោបិទជិត មិនស្គាល់ម្ចាស់ អ្នកបើក។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា អស់រយៈពេល៤ថ្ងៃហើយ គេឃើញរថយន្តខាងលើចតទុកចោលខាងមុខផ្ទះពលរដ្ឋ ដំបូងឡើយនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ គ្រាដែលបងប្អូនភ្ញាក់ពីដំណេក ឃើញរថយន្តចតឈប់រួចស្រេចទៅហើយ គិតនឹកស្មានថាជារថយន្តភ្ញៀវចូលដេកសម្រាកនៅសណ្ឋាគារ លាភ ហ៊ាង នៅទល់មុខហ្នឹង ទើបរងចាំពីមួយថ្ងៃ ទៅមួយយប់ រហូតដល់៤ថ្ងៃទៅហើយ សាកសួរទៅរកម្ចាស់មិនឃើញ ហើយអ្នកនៅម្តុំ ជុំវិញនោះក៏គ្មានអ្នកណាស្គាល់ ទើបនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នេះ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ និងស្ទូចលើកយករថយន្តទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីស្រាវជ្រាវ ប្រកាសស្វែងរកម្ចាស់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម