ដាប់ប៊ែលយូប៊ី ហ្វាយនែននិង លី ហួរសហការគ្នាលើសេវាហិរញ្ញវត្ថុទូទាត់កម្ចីសម្រាប់អតិថិជន

426
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ (លី ហួរ វេរលុយ) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នៃការសហការគ្នាជាផ្លូវការ ដែលអនុញ្ញាតឱ្យអតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែន ទូទាត់ប្រាក់កម្ចីប្រកបដោយភាពងាយស្រួលតាម រយៈភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងប្រទេស ដោយមិនគិតកម្រៃសេវា។

បញ្ជាក់ក្នុងពិធី ដែលបានរៀបចំឡើងនាសណ្ឋានគារសុខាភ្នំពេញ នារសៀលថ្ងៃទី៣ខែសីហានេះ លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានឱ្យដឹង ថា “ដាប់ប៊ែលយូប៊ី ហ្វាយនែន ប្តេជ្ញាអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀតសម្រាប់អតិថិជន តាមរយៈការផ្តល់នូវជម្រើសសម្បូរបែបក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងដើម្បីបំពេញតម្រូវការរបស់អតិថិជនបានកាន់តែប្រសើរ។ ភាពជាដៃគូនេះបានពង្រឹង និងពង្រីកបណ្តាញទូទាត់ប្រាក់កម្ចីឱ្យកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពសម្រាប់អតិថិជនរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្រៅពីការទូទាត់ប្រាក់កម្ចី តាមរយៈបណ្តាយសាខាទាំង ១៣៦ ទូទាំងប្រទេស សេវាធនាគារចល័ត និងភាគីដៃគូដទៃទៀត។

លោកបានបញ្ជាក់បន្ថែមថា”យើងកំពុងរង់ចាំការចាប់ផ្តើមធ្វើ ប្រតិបត្តិការសេវាហិរញ្ញវត្ថុ ជាមួយ លី ហួរ វេរលុយ ដែលនេះជាការផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ប្រសើរមួយដល់អតិថិជនរបស់យើង។ យើងនឹងបន្តចាប់ដៃគូលើកិច្ចសហប្រតិបត្តិការសេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀតនាពេលខាងមុខ”។

ដោយឡែក  លោក ឧកញ្ញ៉ា  លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ វេរលុយ  និងជាអនុប្រធានក្រុមហ៊ុន លីហួរគ្រុបបានឱ្យដឹងថា  “លី ហួរ វេរលុយ គឺជាក្រុមហ៊ុនផ្ទេរប្រាក់ដ៏ធំមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដោយឈរលើចក្ខុវិស័យ ច្បាស់លាស់ និងរឹងមាំ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុក្រៅប្រព័ន្ធធនាគារ  មានដូចជា សេវាផ្ទេរប្រាក់ ដាក់ប្រាក់ ដកប្រាក់ បង់ទឹក បង់ភ្លើង សំរាម បសស បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ទូទាត់វិក្កយបត្រ  សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ជាច្រើនទៀត ជាមួយកម្រៃសេវាសមរម្យ ។ លីហួរ វេរលុយ មានបំណងពង្រីកភ្នាក់ងារឱ្យបានចំនួន ១០.០០០ ទីតាំងនៅទូទាំងប្រទេសក្នុងឆ្នាំ២០២១។ លើសពីនេះ យើងមានគម្រោងដាក់ឱ្យដំណើរការកម្មវិធី លី ហួរ ផេ (APP) ដើម្បីឱ្យអតិថិជន និងអ្នកប្រើប្រាស់ដទៃទៀតមានជម្រើសសម្បូរបែប និងមានភាពងាយស្រួលក្នុងកាប្រើប្រាស់សេវារបស់យើង តាមរយៈទូរសព្ទដៃផ្ទាល់ខ្លួន។ យោងតាមចក្ខុវិស័យ និងបេសកម្មនេះ  យើងជឿជាក់ថា លី ហួរ ផេប្រ៉ូ និងដាប់ប៊ែលយូប៊ី ហ្វាយនែន  នឹងសហការគ្នាលើផ្នែកដទៃទៀតនៃសេវាហិរញ្ញវត្ថុដែលខ្លួនមាន ក្នុងន័យជួយសន្សំសំចៃ នឹងផ្តល់ភាពងាយស្រួលជូនអតិថិជន។

ជាមួយគ្នាដើម្បីអបអរសាទរ ការចាប់ផ្តើមកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះដែរក្រុមហ៊ុនទាំងពីរបានប្រកាសថាអតិថិជនរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលធ្វើការទូទាត់ប្រាក់កម្ចីតាមរយៈភ្នាក់ងារលី ហួរ វេរលុយ នឹងមានឱកាសឈ្នះរង្វាន់ទូរសព្ទស្មាតហ្វូនជាច្រើនគ្រឿង រយៈពេលបីខែ ចាប់ពីខែសីហា រហូតដល់ ខែតុលា ឆ្នាំ ២០២០។

          គួរបញ្ជាក់ថាដាប់ប៊ែលយូប៊ី ហ្វាយនែនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាគ្រឹះស្ថានទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ ដែលកំពុងប្រតិបត្តិការនៅ ២៥ ខេត្ត ក្រុង តាមរយៈ ១៣៦ សាខាទូទាំងប្រទេស។ ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាសមាជិកគ្រួសាររបស់ ធនាគារ អ៊ូរី ដែលជាធនាគារឈានមុខគេមួយនៅប្រទេសកូរ៉េខាងត្បូង។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាជាង ២0 ឆ្នាំ មកហើយ ជាមួយនឹងការផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែប រួមមាន ប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ និងសេវាអេធីអឹម។ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបមានចំនួន ៦១២.៩៨ លានដុល្លារអាមេរិក និងផលប័ត្រឥណទានសរុបចំនួន  ៥០៦.៣១ លានដុល្លារ អាមេរិក។ ដោយឡែកក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានលោក ឧកញ៉ា លី ហួរ ជាប្រធាន។ នៅឆ្នាំ ២០១៥ លោកបានទទួលពានរង្វាន់អន្តរជាតិ “ISQ” ស្តីពីភាពជាអ្នកដឹកនាំ និងគុណភាព អន្តរជាតិ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស និងពានរង្វាន់ “សហគ្រាសឆ្នើម” ពីចក្រភពអង់គ្លេស៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម