4GLTE របស់សែលកាត ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Opensignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម

184
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រុមហ៊ុនសែលកាតនាថ្ងៃនេះ ត្រូវបានប្រកាសទទួលស្គាល់ដោយស្ថាប័ន OpenSignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថាOpensignal គឺជាស្ថាប័នឯករាជ្យមួយ ដែលបានបង្កើតស្តង់ដារពិភពលោក សម្រាប់ការវិភាគទៅលើបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទចល័តរបស់អតិថិជន។

តាមរយៈរបាយការណ៍ចុងក្រោយរបស់ស្ថាប័ននេះស្តីអំពីប្រទេសកម្ពុជា បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករថ្នាក់ជាតិតែមួយគត់ ដែលអ្នកប្រើប្រាស់ទទួលបាន បទពិសោធន៍នៃការលេងហ្គេមកម្រិតខ្ពស់ជាងគេបំផុតក្នុងបណ្តាញ4G។

បទពិសោធន៏នៃការលេងហ្គេមរបស់សែលកាត នៅលើបណ្តាញ 4GLTE ទទួលបានពិន្ទុ 47.2 ក្នុងចំណោមពិន្ទុផ្តល់ជូន ១០០ ខណៈក្រុមហ៊ុនមិត្តហ្វូនទទួលបានពិន្ទុ 39.9 ហើយក្រុមហ៊ុន Smart Axiata ទទួលបាន 38.8 ពិន្ទុ ។ (ពិន្ទុក្រោម ៤០ត្រូវបានចាត់ទុកថាស្ថិតនៅក្នុងកម្រិត “អន់បំផុត”។)

លោក អៀន វ៉ាតសុននាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា ប្រទេសកម្ពុជា ត្រូវតែខិតខំបង្កើនកម្រិតគុណភាពបន្តទៀត ទើបអាចឈានទៅដល់កម្រិតប្រដំប្រសងគ្នាជាមួយនឹងទីផ្សារកីឡាអេឡិចត្រូនិចឈានមុខគេផ្សេងទៀតដូចជាប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម ដែលទីផ្សារទាំងពីរនេះ ទទួលបានពិន្ទុសម្រាប់បទពិសោធន៍នៃការលេងហ្គេម ច្រើនជាង ៧០ (ពោលគឺឋិតនៅក្នុងកម្រិត “បង្គួរ”) ។

លោក វ៉ាតសុន បានឱ្យដឹងបន្ថែមថា៖ “សែលកាតបានចាប់ផ្តើមផ្តោតទៅលើវិស័យកីឡាអេឡិចត្រូនិច ចាប់តាំងពីឆ្នាំ ២០១៨មកម្ល៉េះ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីប្រកួត ក៏ដូចជាចាប់ដៃគូសហការ ដើម្បីជួយបំពេញសេចក្តីត្រូវការរបស់សហគមន៍កីឡាអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ដែលតាមរយៈការប៉ាន់ស្មាន គឺមានប្រហែលជាង ២លាននាក់ ក្នុងពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះលោកបានបង្ហាញការកោតសរសើរជាខ្លាំង ចំពោះស្ថាប័នឯករាជ្យអន្តរជាតិ ដែលក្នុងនោះរួមមានស្ថាប័ន Opensignal ជាដើម ដែលបានខិតខំប្រឹងប្រែងក្នុងការស្វែងយល់ពីតម្រូវការ និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ក្នុងសម័យដ៏ជឿនលឿនបំផុតបែបនេះ ដើម្បីណែនាំនូវកម្រិតវាស់ស្ទង់ថ្មី តួយ៉ាងដូចជា បទពិសោធន៍នៃការលេងហ្គេមនេះជាដើម។

លោក វ៉ាតសុន បានឱ្យដឹងដែរថា៖ “ក្នុងចំណោមកីឡាករហ្គេមទាំងអស់ ពិតជាមិនមាននរណាដែលចង់ចាញ់ការប្រកួត ដោយសារតែបណ្តាញអ៊ីនធើណិតដំណើរការយឺតនោះឡើយ។

ជាពិសេសសម្រាប់កីឡាអេឡិចត្រូនិច ដែលជាប្រភេទហ្គេមទាមទារឱ្យប្រើប្រាស់ជំនាញខ្លាំងនេះតែម្តង គឺបណ្តាញអ៊ីនធើណិតមានតួនាទីសំខាន់ខ្លាំងណាស់ ពោលគឺវាអាចមានឥទ្ធិពលកំណត់ជោគវាសនាអ្នកនាំមុខគេនៅក្នុងតារាងចំណាត់ថ្នាក់តែម្តង”។

លោកបានបញ្ជាក់បន្ថែមថា ដើម្បីអបអរសាទរនូវសមិទ្ធិផលដែលទទួលបាននេះ ក្រុមហ៊ុនសែលកាត នឹងធ្វើការរៀបចំកម្មវិធីផ្សាយរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី ១៤ ខែសីហាខាងមុខនេះ ដើម្បីឱ្យអ្នកលេងហ្គេមអាចស្វែងយល់បន្ថែមអំពីកីឡាអេឡិចត្រូនិច ក៏ដូចជាដើម្បីឱ្យពួកគាត់បានទស្សនា នូវការប្រកួតប្រជែងគ្នាដោយផ្ទាល់របស់កីឡាករហ្គេមអាជីព នៅលើបណ្តាញទូរស័ព្ទចល័តសែលកាតផងដែរ។

ចំពោះព្រឹត្តិការណ៍ប្រកួតប្រជែងនេះ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកថ្មីរបស់សែលកាត ដែលមានឈ្មោះថា PlayGame ដោយក្នុងនោះ នឹងមានការចូលរួមពីសំណាក់កីឡាករ និងអ្នកអត្ថាធិប្បាយល្បីៗ រួមមានដូចជា ក្រុម Orange Esports, Henaa, Ice Frogz, Ream Angkor, Private Plork និងក្រុមកីឡាករផ្សេងៗជាច្រើនទៀតផងដែរ៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម