បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បុក​ក្មេង​ជិះ​កង់​ស្លាប់​, នគរបាល​បញ្ជូន​ជនបង្ក​ទៅ​តុលាការ​ថ្ងៃនេះ​

1626
ចែករម្លែក

​ដោយ​: ឆាយា​នាថ / កណ្ដាល​: បុរស​ម្នាក់​បើករថយន្ត​ក្រឡុក​ស៊ីម៉ង់ ខ្វះ​ការប្រុងប្រយ័ត្ន​បុក​ក្មេង​អាយុ​១៥​ឆ្នាំ ពីក្រោយ ដែល​កំពុង​ជិះ​កង់​បណ្តាល​ឱ្យស្លាប់​។ នគរបាល​នឹង​បញ្ជូន​ជនបង្ក​ទៅ អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ នេះ ដើម្បី​ចាត់ការ​តាមច្បាប់​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្លើងស្តុប​២១​កែង​១១០​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។​

​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការនគរបាល​ក្រុង​តាខ្មៅ ថ្លែងថា ជនបង្ក​ឈ្មោះ សូ រតនា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ​លើ ឃុំ​កញ្ជរ​ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ជនរងគ្រោះ​ឈ្មោះ ណន ធារ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ពប​វែង សង្កាត់​ព្រែក​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​លោក​អធិការ​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​រថយន្ត SANY ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 5A 2236 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត រួច​បត់​ស្តាំ​ទៅ​ត្បូង ស្រាប់​ដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​កង់ ពណ៌​ផ្កាឈូក ទិសដៅ​ពី​ជើង​ទៅ​ត្បូង បណ្តាលឱ្យ​អ្នកជិះ​កង់​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​ខេត្តកណ្តាល ដឹក​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ ដើម្បី​សង្គ្រោះ​។ បន្ទាប់មក​ជនរងគ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម