កូ​វីដ ១៩ នៅកម្ពុជា ៖ ថ្ងៃ ០៤ សីហា មាន​អ្នកជា​សះស្បើយ៣ នាក់ អ្នក​ឆ្លង​ថ្មី១នាក់

124
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​អះអាង​ថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២០ នេះ ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា មាន​ដូចតទៅ ៖


១. ករណី​ឆ្លង​ថ្មី ៖ ១ នាក់ គឺជា​បុរស​ជនជាតិអាម៉េរិកាំង ជា​មន្ត្រីការទូត​ជាន់ខ្ពស់​ស្ថានទូត​អាម៉េរិក ប្រចាំ កម្ពុជា មាន​អាសយដ្ឋាន​ស្នាក់​នៅក្នុង​ស្ថានទូតអាម៉េរិក ។ គាត់​បានធ្វើ​ដំណើរ​មក​ពីសហរដ្ឋ អាម៉េរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស កូរ៉េខាងត្បូង មក កម្ពុជា ដែល​លទ្ធផល​តេស្ត​សំណាក​លើក​ទី ៣ នៅ​ថ្ងៃទី ១៥ នៃ ការធ្វើ​ច​ត្តា​ឡី​ស័ក របស់គាត់ ។ អ្នកជំងឺ​រូបនេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​នៅ​បន្ទប់​ដាច់ដោយឡែក​ក្នុង​ស្ថានទូតអាម៉េរិក និង ព្យាបាល​ដោយ​គ្រូពេទ្យ នៃស្ថានទូត​នេះ ។​


២. អ្នក​ឆ្លង​សរុប ( គិត​ទាំង​អ្នកជា​សះស្បើយ​ផង ) ៖ ២៤១ នាក់ ក្នុងនោះ ស្ត្រី ៤៦ នាក់​បុរស ១៩៥ នាក់
៣. អ្នកជា​សះស្បើយ​ថ្មី ៖ ៣ នាក់ ក្នុងនោះ​បុរស​ជនជាតិខ្មែរ ២ នាក់ និង បុរស​ជនជាតិ អាម៉េរិកាំង១ នាក់ ។ ចំពោះ​បុរស​ជនជាតិខ្មែរ អាយុ ២៥ ឆ្នាំ និង ២៧ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខេត្ត ព្រះសីហនុ និង ខេត្ត សៀមរាប ដែល​អ្នក​ទាំង ២ នេះ គឺជា​អ្នកដំណើរ​មកពី​ប្រទេស រុស្ស៊ី បន្ត​ជើងហោះហើរ​ពី​ប្រទេស ម៉ាឡេស៊ី មក​ប្រទេស កម្ពុជា ។ ចំណែក​បុរស​ជនជាតិ អាម៉េរិកាំង គឺជា​មន្ត្រីការទូត​ជាន់ខ្ពស់ អាម៉េរិក ដែល​បុរស​រូបនេះ បានធ្វើ​ដំណើរ​មកពី​ស​ហរ​ដ្ឋ អាម៉េរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស កូរ៉េ ខាងត្បូង មក​ប្រទេស កម្ពុជា ហើយ​អ្នក​ទាំង ៣ នាក់ ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ និងបន្ទប់​ព្យាបាល ។​


៤. អ្នកជា​សះស្បើយ​សរុប ( គិច​ចាប់ពី​ខែ មករា ) ៖ ២០០ នាក់ ស្មើនឹង ៨២ , ៩៩ ភាគរយ ក្នុងនោះ​ស្ត្រី ៤៣ នាក់ បុរស ១៥៧ នាក់


៥. អ្នក​កំពុង​សម្រាក​ព្យាបាល ៖ នៅ​មន្ទីរពេទ្យ​រដ្ឋ ៣៩ នាក់ និង កំពុង​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​ដាច់ដោយឡែក​ក្នុង​ស្ថានទូត អាម៉េរិក ប្រចាំ កម្ពុជា ចំនួន ២ នាក់ គឺជា​ស្ត្រី ១ នាក់ និង បុរស ០១ នាក់ នៃ ជនជាតិ អាម៉េរិកាំង ។​


​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ព្រមាន​ថា យើង​មិនត្រូវ​មើលរំលង​លទ្ធភាព នៃ ការចម្លង​វីរុស​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ឡើយ ។ ដូច្នេះហើយ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​បន្ត​កិច្ចការពារ​ខ្លួន​ជាប់​ជានិច្ច កុំ​ភ្លេចខ្លួន និង សូមកុំ​សន្តិភាព​និយម​ជាមួយ​វីរុស​កូ​វីដ​-១៩ នេះ​ឲ្យ​សោះ ។


​ជា​បន្តបន្ទាប់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ក្រសួងសុខាភិបាល និង អង្គការ សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា តែងតែបាន​ក្រើនរំឭក​ឱ្យ​សាធារណជន​បន្ត​ការប្រុងប្រយ័ត្ន អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការបង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ជា​អ្វីដែល​ក្រសួងសុខាភិបាល​ហៅថា រស់នៅ “ តាមបែប​ធម្មតា ក្នុង​គន្លង​ថ្មី “ ដូចជា​លាងដៃ​ដោយ​អាល់កុល ជែ​ល និង សាប៊ូ ពាក់​ម៉ាស់ ( ក្នុងករណី​ចាំបាច់ ) និង នៅ​ឱ្យ​ឃ្លាត​ពីគ្នា​ចាប់ពី ១ ម៉ែត្រ​កន្លះ ជាដើម ព្រោះ​ប្រទេស​កម្ពុជា ពិតជា​មិនទាន់មាន​សុវត្ថិភាព​ពី​ជំងឺ​នេះ​នៅឡើយ​ទេ ខណៈ​ប្រទេសជិតខាង ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​រង​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ ១៩ នេះ​នៅឡើយ ហើយ​ថា ប្រសិនបើ​សាធារណជន កម្ពុជា ហ៊ាន​តែ​ធ្វេសប្រហែស​នោះ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ ដែល​ពេលនោះ អាច​នឹង​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែ កម្ពុជា បាន​ពើប​នាពេល​កន្លងមកនេះ ។​


​តាមរយៈ​សេចក្តីប្រកាស​ដដែល​នេះ ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​សុខាភិបាល និង ក្រុមគ្រូពេទ្យ​ទូទាំងប្រទេស ក៏ដូចជា​ស្ថាប័ន និង អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក ម​ជ្ឈ​ម​មណ្ឌល​គ្រប់គ្រង និង បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ខិតខំ​បំពេញការងារ​នា​គ្រាកន្លងមក ហើយ​ថា​ក្រសួង​នឹង​បន្ត​ជូនដំណឹង​ដល់​សាធារណជន​អំពី​ស្ថានភាព​ទូទៅ នៃជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ៕ Kh/Ha

ថ្ងៃនេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ថ្មី នៃ ជំងឺ​កូ​វីដ ១៩ ចំនួន ០១ នាក់ និង​មាន​អ្នកជា​សះស្បើយ ០៣ នាក់ ( រូបៈ ឯកសារ )

ទីតាំងផ្សាយពាណិជ្ជកម្ម