China Daily ៖ ចិននឹងមិនទទួលយកបានឡើយដែលអាម៉េរិក “ប្លន់យក” TikTok

303
ចែករម្លែក

កាសែត China Daily បានសរសេរនៅថ្ងៃអង្គារទី ៤ សីហានេះថា ចិននឹងមិនទទួលយកបានឡើយចំពោះ “ការប្លន់យក” ក្រុមហ៊ុនបច្ចេកវិជ្ជាចិន ហើយនឹងឆ្លើយតបចំពោះវិធានការរបស់របបក្រុងវ៉ាស៊ីនតោនក្នុងការជំរុញឱ្យក្រុមហ៊ុន ByteDance លក់ប្រតិបត្តិការកម្មវិធីវីដេអូខ្លីៗ TikTok នៅអាម៉េរិកឱ្យទៅក្រុមហ៊ុន Microsoft ។

កាសែតរដ្ឋចិននេះបានសរសេរនៅក្នុងបទវិចារណកថារបស់ខ្លួនយ៉ាងដូច្នេះថា “ការសម្លុតកំហែង” របស់សហរដ្ឋអាម៉េរិកទៅលើបណ្តាក្រុមហ៊ុនបច្ចេកវិជ្ជាចិនគឺជាលទ្ធផលនៃចក្ខុវិស័យផលបូកសូន្យរបស់ទីក្រុងវ៉ាស៊ីនតោនលើគោលនយោបាយ “អាម៉េរិកជាអាទិភាព” និងធ្វើឱ្យចិនគ្មានជម្រើសអ្វីក្រៅពី “ដាក់សំណើលក់ឬមិនអ៊ីចឹងត្រូវប្រយុទ្ធដល់ទីបញ្ចប់នៅក្នុងពិភពបច្ចេកវិជ្ជា”។

កាសែតនេះបានបន្ថែមថាប្រទេសចិនមានមធ្យោបាយជាច្រើនដើម្បីឆ្លើយតបប្រសិនបើរដ្ឋបាលត្រាំអនុវត្តការវាយកម្ទេចនិងប្លន់យកបែបនេះ។

ក្រុមហ៊ុន Microsoft បានឱ្យដឹងកាលពីថ្ងៃចន្ទថាខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុន ByteDance ដើម្បីទិញផ្នែកនៃកម្មវិធី TikTok បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានក្រឡាស់ផែនការហាមឃាត់កម្មវិធីនេះដោយផ្អែកលើបញ្ហាសន្តិសុខជាតិនិងបានទុកពេលឱ្យក្រុមហ៊ុនចិនរយៈពេល ៤៥ ថ្ងៃដើម្បីធ្វើកិច្ចព្រមព្រៀងលក់។

រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ បាននិយាយកាលពីចុងសប្តាហ៍នេះថា លោកត្រាំនឹងចាត់វិធានការភ្លាមៗប្រឆាំងនឹងបណ្តាក្រុមហ៊ុនសូហ្វវែចិន ដែលចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិន។

កាសែត Global Times ដែលមានការគាំទ្រពីរដ្ឋាភិបាលចិនដែរនោះ បាននិយាយថា ការប្រព្រឹត្ដរបស់អាម៉េរិកទៅលើក្រុមហ៊ុន ByteDance និងក្រុមហ៊ុន Huawei Technologies ដែលឥឡូវស្ថិតនៅក្នុងបញ្ជីខ្មៅនៃពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានបង្ហាញពីការខិតខំរបស់អាម៉េរិកក្នុងការបំបែកសេដ្ឋកិច្ចរបស់ខ្លួនពីចិន។

កាសែតនេះបានបន្តថា ប្រទេសចិនមាន “សមត្ថភាពមានកំណត់” ក្នុងការការពារក្រុមហ៊ុនចិនទាំងនេះក្នុងការសងសឹកលើបណ្តាក្រុមហ៊ុនអាម៉េរិក ពីព្រោះសហរដ្ឋអាម៉េរិកមានឧត្តមភាពខាងបច្ចេកវិជ្ជានិងឥទ្ធិពលជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។

កាសែតនេះបានសរសេរនៅក្នុងបទវិចារណកថាមួយថា “ការបើកចំហរបស់ចិនចំពោះពិភពខាងក្រៅនិងការធ្វើឱ្យបែកបាក់យុទ្ធសាស្ត្ររបស់អាម៉េរិកគួរតែជាអាទិភាព”៕ ដោយ៖ កញ្ញាដាលីស

ចិនមិនអាចទទួលយកបានឡើយការដែលអាម៉េរិកប្លន់យក TikTok

ទីតាំងផ្សាយពាណិជ្ជកម្ម