បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅតែមាន​អ្នក​បំផ្លើស​!

175
ចែករម្លែក

​កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ លោក រ៉ុង ឈុន អតីត​សមាជិក​គ​.​ជ​.​ប និង​ជា អតីត ប្រធាន​សមាគម​គ្រូបង្រៀន ក្នុងនាម​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បានចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​លើកឡើងថា ការបោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម លេខ ១១៤ ដល់បង្គោល​ព្រំដែន​លេខ ១១៩ នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់ទឹកដី​។

​ប៉ុន្តែ​នៅ​ថ្ងៃទី​៣១ ខែកក្កដា គណៈកម្មាធិការ​ជាតិ​ចម្រុះ​កិច្ចការ​ព្រំដែន បានចេញ សេចក្តី​ថ្លែងការណ៍ ច្រានចោល​ទាំងស្រុង​នូវ​ការលើកឡើង​របស់លោក​រ៉ុង​ឈុន​។ នៅ យប់​ថ្ងៃទី​៣១ ខែកក្កដា លោក រ៉ុង ឈុន ក៏​ត្រូវបាន​ចាប់ខ្លួន​។ លោក រ៉ុង ឈុន ត្រូវបាន​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ង​រ​ដល់​សន្តិសុខ​សង្គម ហើយ​បាន​បញ្ជូនទៅ​ឃុំឃាំង នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​សៅរ៍ ទី​១ ខែសីហា ។​
​ ​
​ក្រោយពី​មានការ​អនុវត្ត​វិធានការ​ច្បាប់ ចំពោះ​ជន​ត្រូវ​ចោទ ឈ្មោះ រ៉ុង ឈុន ពាក់ព័ន្ធ​នឹង​អំពើ ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម យើង​សង្កេតឃើញថា មាន​បុគ្គល​មួយចំនួន បានមក​ប្រមូល​ផ្តុំគ្នា ធ្វើការ​ទាមទារ​ឲ្យ​មានការ​ដោះលែង​ជន​ត្រូវ​ចោទ ឈ្មោះ រ៉ុង ឈុន នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​សកម្មភាព​ក្នុងការ​ប្រមូលផ្តុំ​មនុស្ស នៅមុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ទាមទារ ឲ្យ​ស្ថាប័ន​តុលាការ ដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ុង ឈុន ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង យុត្តិធម៌ បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​រសៀល​ថ្ងៃទី​៣ ខែសីហា ថា ពុំមែន​ជា​ទង្វើ​ត្រឹមត្រូវ​តាមច្បាប់​នោះទេ​។ ប៉ុន្តែ​គឺជា​ទង្វើ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ ដែល​អាច​ប្រឈមមុខ​នឹង​ការចោទប្រកាន់​អំពី​បទល្មើស​ព្រហ្មទណ្ឌ តាម​មាត្រា ៥២២ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៏បាន​បន្ថែមថា ក្នុងសង្គម​នីតិរដ្ឋ ការការពារ​ខ្លួន​ពី​ការចោទប្រកាន់ អំពី​បទល្មើស​ណាមួយរ​បស់​អង្គការ​អយ្យការ ត្រូវធ្វើឡើង​តាមផ្លូវ​ច្បាប់​នៅ​ចំពោះមុខតុលាការ​។ ក្នុងន័យនេះ ជន​ត្រូវ​ចោទ ឈ្មោះ រ៉ុង ឈុន មាន​សិទ្ធិ​ពេញលេញ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ស្វែងរក​និង​ពឹងពាក់មេធាវី​ពូកែៗ មួយរូប ឬ​ច្រើន​រូប ដើម្បី​ការពារ​សុចរិត​ភាព និង​ភាពត្រឹមត្រូវ​របស់ខ្លួន​តាមផ្លូវច្បាប់ ស្របតាម​នីតិវិធី ជា​ធរមាន នៅ​ចំពោះមុខ​ស្ថាប័ន​តុលាការ​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៏បាន​អំពាវនាវ​ដល់​បងប្អូន ដែល​កំពុង​ធ្វើ​សកម្មភាព​ខុសច្បាប់ខាងលើនេះ សូម​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​របស់ខ្លួន មុននឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​តាមច្បាប់​។​
​ ​
​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែសីហា លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ ទទួលបន្ទុក​កិច្ចការ​ព្រំដែន បានប្រកាសថា ផែនទី​ព្រំដែន កម្ពុជា​-​វៀតណាម សម័យ​ទំនើប បាន​មកដល់​កម្ពុជា​ហើយ​។ នេះ​ជា​ផែនទី​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ខ្នាត ១ លើ ២៥ ០០០ ដែល​បានបង្ហាញ​ពេញលេញ​នូវ​លទ្ធផល​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន បាន​ប្រមាណ​ជា​៨៤ ភាគរយ ដែល​ប្រទេស​ទាំងពីរ សម្រេចបាន មកដល់ពេលនេះ​។​
​ ​
​លោកស្រី កុយ ពិសី បន្តថា គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង​និង​គណៈប្រតិភូវៀតណាម ដឹកនាំ​ដោយ​លោក ឡេ ហួយ​ទ្រុង អនុរដ្ឋមន្ត្រី នៃ​ក្រសួង ការបរទេស បាន​ជួបពិភាក្សា​ការងារ និង​ប្រគល់​-​ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត ១ លើ ២៥ ០០០ រវាង​កម្ពុជា និង​វៀតណាម នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ ម៉ុក​បាយ ខេត្ត​តៃនិញ​ប្រទេស វៀតណាម កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០​។​
​ ​
​ក្រុម​អ្នកជំនាញ​ព្រំដែន ដែលជា​តំណាង​របស់​កម្ពុជា ដឹកនាំ​ដោយ​លោកស្រី កុយ ពិសី និង​ភាគី​វៀតណាម បាន​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​ឯកភាព ទទួលយក​សៀវភៅ​ផែនទី ឋានលេខា​ព្រំដែន ដែល​បាន​ចងក្រង​រួច ចំនួន ៥០០ ច្បាប់ដើម​។ ក្នុងនោះ ភាសា​ខ្មែរ -​វៀតណាម ចំនួន ២៥០​ច្បាប់ និង​ភាសា​វៀតណាម​-​ខ្មែរ​ចំនួន ២៥០​ច្បាប់ ដែល​បាន​ចង​ជាអាល់​ប៊ុ​ម (album) បានល្អ ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ដើម្បី​ទុក​ប្រើប្រាស់​ក្នុងប្រទេស​រៀងៗ ខ្លួន​តទៅ​។​
​ ​
​លោកស្រី កុយ ពិសី បាន​គូសបញ្ជាក់ថា ផែនទី​ឋានលេខា​ព្រំដែន​កម្ពុជា​-​វៀតណាម មាត្រដ្ឋាន ១ លើ ២៥ ០០០ នេះ បានបង្ហាញ​ពេញលេញ​នូវ​លទ្ធផល​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ប្រមាណ​ជា ៨៤​ភាគរយ ដែល​ប្រទេស​ទាំងពីរ សម្រេចបាន​។ ផែនទី​នេះ ជា​ផែនទី​ទំនើប សម័យ​ឌីជីថល ៤.0 ដែល​បង្ហាញ​យ៉ាង​ច្បាស់លាស់​ខ្សែ​ព្រំដែន បង្គោល​ព្រំដែន រួម​នឹង​ស្ថានភាព​ភូម​មិ​សាស្ត្រ នៅ​លើដី​ជាក់ស្តែង​បាន​យ៉ាង​ជាក់លាក់ ងាយស្រួល​ក្នុងការ​ប្រើប្រាស់ មិន​ដូច​ផែនទី​បោ​ន​ខ្នាត ១ លើ ១០០ ០០០ ដែល​មានតែ​ខ្សែ​ព្រំដែន មិនមាន​អ្វី​ច្រើនជាង​នេះ នោះទេ​។​
​ ​
​ជាការ​ពិត កន្លងមក រហូតដល់​បច្ចុប្បន្ន ក្រុមប្រឆាំង តែងតែ​យក​ប្រធានបទ​រឿង​ព្រំដែន ពិសេស​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​វាយប្រហារ ចោទប្រកាន់​លើ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ថា​បានធ្វើ​ឲ្យ​បាត់បង់​ទឹកដី ទៅ​ឲ្យ​វៀតណាម​។​
​ ​
​ប៉ុន្តែ​ការលើកឡើង ដែលជា​ការចោទប្រកាន់ ក្នុង​បំណង​វាយបំបាក់​រាជរដ្ឋាភិបាល និង បំផុស​ឲ្យ​ប្រជាជនស្អប់​រាជរដ្ឋាភិបាល លើ​បញ្ហា​ព្រំដែន​នោះ គឺ​ត្រូវ​ទទួលរង​នូវ​ការអនុវត្តន៍ច្បាប់​ជា​បន្តបន្ទាប់ ដោយ​រាប់​ចាប់ពី​ឆ្នាំ​២០០៥ មាន​លោក​រ៉ុង​ឈុន លោក​ម៉ម​សូណង់ដូ ព្រមទាំង​អ្នក​តាំងខ្លួន​ជា​អ្នក​ស្នេហា ដោយសារតែ​ជឿ​ការឃោសនា​របស់​បក្សប្រឆាំង ជាច្រើន​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន ព្រោះតែ​លើកឡើង​មិន​ពិត លើ​រឿង​ព្រំដែន​នេះឯង​។​
​ ​
​ក្នុងនោះ កាលពី​ឆ្នាំ​២០០៩ លោក សម រង្ស៊ី ក៏បាន​នាំ​អ្នកស្រុក ទៅ​ដក​បង្គោល​តម្រុយ​ព្រំដែន នៅ​ខេត្តស្វាយរៀង ដោយ​អះអាងថា ការបោះបង្គោល​នោះ រំលោភ​ចូល​ដីស្រែ​របស់​អ្នកស្រុក​។ ដោយសារតែ​ទង្វើ​ចង់​ចំណេញ​នយោបាយ​ពេក ក្រោម​ហេតុផល​ស្នេហា​ជាតិ​នេះ នាំ​ឲ្យ​លោក​សមរង្ស៊ី ត្រូវ​រត់ចោលស្រុក ។ រីឯ​អ្នកស្រុក​ពីរ​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ពន្ធនាគារ ជាច្រើន​ខែ​។​
​ ​
​នៅពេលនេះ​ទៀត ក្នុងពេល​រាជរដ្ឋាភិបាល ខិតខំ​ដំណើរការ​បោះបង្គោល​ព្រំដែន​ឲ្យ​បានច្បាស់លាស់ ជាមួយ​ប្រទេស​វៀតណាម ក៏​នៅតែមាន​ការលើកឡើង​ពី​ការបាត់បង់​ទឹកដី​កម្ពុជា ទៅខាង​វៀតណាម​។
​ ​
​ការបាត់បង់​ទឹកដី​កម្ពុជា​យើង​ទៅ​វៀតណាម គឺ​ល្មម​គ្រប់គ្រាន់​ហើយ​។ នោះ​គឺ​ទឹកដី​កម្ពុជា ក្រោម​ដ៏​ធំ​ល្វឹង​ល្វើយ​ត្រូវបាន​អាណានិគម​បារាំង កាត់​ទៅ​ឲ្យ​វៀតណាម កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​១៩៤៩​។ ដូច្នេះ​ទឹកដី​កម្ពុជា ដែលមាន​ផ្ទៃក្រឡា ១៨១ ០៣៥ គីឡូម៉ែត្រ​ក្រឡា នាពេលនេះ យើង​គួរតែ​រួមគ្នា រក្សា​ការពារ​ឲ្យ​បាន​គង់វង្ស ដោយមាន​ព្រំដែន​ច្បាស់លាស់ សម្រាប់​ជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។

​ដំណើរការ​កំណត់ព្រំដែន​គោក​កម្ពុជា​-​វៀតណាម​នេះ ក៏ត្រូវ​បាន​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង ក៏ដូចជា សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ហើយ ប្រកាស​ទៀតថា មិនបាន​ធ្វើ​ឲ្យ​កម្ពុជាបាត់បង់​ទឹកដី សូម្បី​តែមួយ​មិលី្ល​ម៉ែត្រ​នោះទេ​។ អីចឹង ពលរដ្ឋ​ខ្មែរ​យើង គួរតែ​ស្ងប់ចិត្ត ព្រោះ​ពលរដ្ឋ​ភាគច្រើន​លើសលុបបាន​បោះឆ្នោត​ផ្តល់​សេចក្តី ទុកចិត្ត ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​។

​ផ្ទុយទៅវិញ បើសិនជា​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ពិតជា​ធ្វើ​ឲ្យ​កម្ពុជាបាត់បង់​ទឹកដី ដូច​ក្រុមប្រឆាំង​ថា​មែន នោះ​ទៅ​ថ្ងៃមុខ ប្រវត្តិសាស្ត្រ នឹង​កត់ត្រា ទុក​ឲ្យ​កូន​ខ្មែរ ជំនាន់​ក្រោយបានដឹង បានលឺ ជាមិនខាន​៕ ដោយ​:​ម៉េង​ឆៃ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម