“ក្តីរន្ធត់មិនអាចពន្យល់បាន” ៖ ជប៉ុនកំពុងត្រៀមប្រារព្ធខួបលើកទី ៧៥ នៃការវាយប្រហារដោយគ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគិ

205
ចែករម្លែក

ជប៉ុននៅសប្តាហ៍នេះនឹងប្រារព្ធខួបលើកទី ៧៥ នៃការវាយប្រហារដោយគ្រាប់បែកបរមាណូទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ានិងទីក្រុងណាហ្គាសាគិ ដែលសម្លាប់មនុស្សជាង ២០០.០០០ នាក់និងបន្សល់ទុកនូវភាពតក់ស្លុតឥតឧបមានិងថែមទាំងការប្រមាថមាក់ងាយទៀតផង។

នេះជាការពិតមួយចំនួនអំពីការវាយប្រហារដ៏សាហាវនេះ ៖

  • គ្រាប់បែកបរមាណូ

គ្រាប់បែកបរមាណូដំបូងបង្អស់ត្រូវបានទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៅភាគខាងលិចប្រទេសជប៉ុននៅថ្ងៃទី ៦ ខែសីហាឆ្នាំ ១៩៤៥ ដោយយន្តហោះទម្លាក់គ្រាប់បែកអាម៉េរិកឈ្មោះ Enola Gay ។

គ្រាប់បែកទម្ងន់ ១៣-១៦ គីឡូតោន ត្រូវបានគេដាក់រហស្សនាមថា “Little Boy” ប៉ុន្តែឥទ្ធិពលរបស់វាមានទំហំតូចទេ។

វាបានផ្ទុះនៅចម្ងាយប្រហែល ៦០០ ម៉ែត្រពីដី ជាមួយនឹងកម្លាំងផ្ទុះស្មើនឹងម្សៅ TNT ១៥.០០០ តោន និងសម្លាប់មនុស្ស ១៤០.០០០ នាក់។

មនុស្សរាប់ម៉ឺននាក់បានស្លាប់ភ្លាមៗ ខណៈអ្នកផ្សេងទៀតបានស្លាប់ដោយសារការរងរបួសឬជំងឺនៅប៉ុន្មានសប្តាហ៍ខែនិងឆ្នាំក្រោយការទម្លាក់គ្រាប់បែកបរមាណូ។

បីថ្ងៃក្រោយមកសហរដ្ឋអាម៉េរិកបានទម្លាក់គ្រាប់បែកទី ២ ដែលមានឈ្មោះថា “Fat Man” ទៅលើទីក្រុងណាហ្គាសាគិ ដោយសម្លាប់មនុស្ស ៧៤.០០០ នាក់ផ្សេងទៀត។

ជប៉ុនជាប្រទេសតែមួយគត់ដែលរងការវាយប្រហារដោយគ្រាប់បែកបរមាណូនាសម័យសង្គ្រាម។

  • ការវាយប្រហារ

នៅពេលដែលគ្រាប់បែកបរមាណូត្រូវបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា រឿងដំបូងដែលមនុស្សបានកត់សម្គាល់គឺ “ដុំភ្លើងដ៏ធំសម្បើម” នេះយោងតាមគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ។

សីតុណ្ហភាពនៅចំណុចកណ្តាលនៃការផ្ទុះនោះបានឈានដល់កម្រិតប៉ាន់ស្មាន ៧០០០ អង្សាសេ ដែលបណ្តាលឱ្យឆេះធ្ងន់ធ្ងរក្នុងរង្វង់ចម្ងាយប្រហែល ៣ គីឡូម៉ែត្រ។

ក្រុមអ្នកជំនាញ ICRC បាននិយាយថាមានករណីពិការភ្នែកបណ្តោះអាសន្នឬអចិន្រ្តៃយ៍ដោយសារពន្លឺភ្លើងខ្លាំងក្លានិងការខូចខាតពាក់ព័ន្ធជាបន្តបន្ទាប់ដូចជា ជំងឺភ្នែកឡើងបាយជាដើម។

កំណួចកម្តៅដែលបង្កើតឡើងពីការផ្ទុះនេះក៏បង្កឱ្យមានអគ្គិភ័យរាប់ពាន់កន្លែងផងដែរ ដែលបានឆេះទីក្រុងព្រៃឈើនេះក្នុងទំហំរាប់សិបគីឡូម៉ែត្រការ៉េ។ ដុំភ្លើង ដែលស៊ីបំផ្លាញអុកស៊ីសែនអស់រលីងនោះ បានបណ្តាលឱ្យមនុស្សស្លាប់កាន់តែច្រើនដោយសារថប់ដង្ហើម។

គេបានប៉ាន់ស្មានថា ភ្លើងឆេះពីគ្រាប់បរមាណូនោះបានបង្កឱ្យស្លាប់ភ្លាមៗចំនួនពាក់កណ្តាលនៃអ្នកស្លាប់ទាំងអស់នោះនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។

ការផ្ទុះនោះបានបង្កឱ្យមានរលកកម្តៅដ៏ធំសម្បើម ដែលក្នុងករណីខ្លះបានបំប៉ើងមនុស្សទៅឆ្ងាយ។ អ្នកផ្សេងទៀតបានស្លាប់នៅខាងក្នុងអគារដែលដួលរលំឬរងរបួសឬស្លាប់ដោយដុំថ្មហោះត្រូវ។

លោក កយឈី វ៉ាដា ដែលមានអាយុ ១៨ ឆ្នាំនៅគ្រានៃការវាយប្រហារលើទីក្រុងណាហ្គាសាគិ បាននិយាយថា “ខ្ញុំចាំបានថា សាកសពក្មេងតូចៗដែលកំពុងឆេះនៅជុំវិញតំបន់វាយប្រហារគឺខ្លោចដូចដុំធ្យូង”។

  • ផលប៉ះពាល់នៃជាតិវិទ្យុសកម្ម

ការវាយប្រហារដោយគ្រាប់បែកបរមាណូបានបញ្ចេញសារធាតុវិទ្យុសកម្ម ដែលបណ្តាលឱ្យស្លាប់ភ្លាមៗនិងវេទនារ៉ាំរ៉ៃរយៈពេលវែង។

ជំងឺទាក់ទងនឹងវិទ្យុសកម្មត្រូវបានរាយការណ៍នៅក្រោយការវាយប្រហារដោយមនុស្សជាច្រើនដែលបានរួចរស់ជីវិតពីការផ្ទុះនិងដុំភ្លើងដំបូង។

រោគសញ្ញាវិទ្យុសកម្មស្រួចស្រាវរួមមានក្អួតឈឺក្បាលចង្អោររាគរូសហៀរសំបោរនិងជ្រុះសក់ ដោយការស្លាប់ពីជំងឺទាក់ទងនឹងវិទ្យុសកម្មបានឡើងក្នុងរយៈពេលពីរបីសប្តាហ៍ឬខែបន្ទាប់ពីនោះ។

អ្នករស់រានមានជីវិតពីគ្រាប់បែកបរមាណូ ដែលគេស្គាល់ថា ហ៊ីបាគូសា (Hibakusha) ក៏ទទួលរងផលប៉ះពាល់យូរអង្វែងផងដែររួមមានការកើនឡើងហានិភ័យនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតនិងជំងឺមហារីកឈាម ហើយទាំងទីក្រុងហ៊ីរ៉ូស៊ីម៉ានិងទីក្រុងណាហ្គាសាគិគឺមានការកើនឡើងអត្រាជំងឺមហារីកដូចគ្នា។

ក្នុងចំណោមជនរងគ្រោះដោយវិទ្យុសកម្មចំនួន ៥០.០០០ នាក់មកពីទីក្រុងទាំងពីរដែលសិក្សាដោយអង្គការមូលនិធិស្រាវជ្រាវផលប៉ះពាល់វិទ្យុសកម្មជប៉ុន – អាម៉េរិក មានប្រហែល ១០០ នាក់បានស្លាប់ដោយសារជំងឺមហារីកឈាម និង ៨៥០ នាក់បានកើតជំងឺមហារីកដែលបង្កដោយវិទ្យុសកម្ម។

ទោះយ៉ាងណា អង្គការនេះមិនបានរកឃើញភស្តុតាងណាមួយបង្ហាញពី “ការកើនឡើងគួរឱ្យកត់សម្គាល់” ចំពោះពិការភាពពីកំណើតធ្ងន់ធ្ងរក្នុងចំណោមកូនៗរបស់អ្នកនៅរស់ទាំងនោះទេ។

  • លទ្ធផលក្រោយការទម្លាក់គ្រាប់បែកបរមាណូ

ការបំផ្ទុះគ្រាប់បែកទាំងពីរបានវាយសំពងជាលើកចុងក្រោយលើប្រទេសជប៉ុន ដែលបានចុះចាញ់នៅថ្ងៃទី ១៥ ខែសីហាឆ្នាំ ១៩៤៥ ដោយនាំទៅដល់ការបញ្ចប់នៃសង្គ្រាមលោកលើកទី ២។

ពួកប្រវត្តិវិទូបានជជែកវែកញែកថាតើការបំផ្ទុះគ្រាប់បែកដ៏សាហាវបំផុតនេះនៅទីបំផុតអាចជួយសង្គ្រោះជីវិតមនុស្សដោយការបញ្ចប់ជម្លោះនិងបញ្ចៀសការលុកលុយលើដីគោកឬយ៉ាងណា។

ប៉ុន្តែការជជែកវែកញែកទាំងនោះមានន័យតិចតួចណាស់ចំពោះអ្នករស់រានមានជីវិត ដែលភាគច្រើននៃពួកគេបានប្រយុទ្ធនឹងការប៉ះទង្គិចទាំងផ្លូវចិត្តនិងផ្លូវកាយរាប់សិបឆ្នាំក៏ដូចជាការមាក់ងាយ ដែលពេលខ្លះគឺដោយសារពួកគេជា “ហ៊ីបាគូសា”។

ទោះបីជារងទុក្ខវេទនានិងឋានៈរបស់ពួកគេជាជនរងគ្រោះដំបូងនៃយុគសម័យគ្រាប់បែកបរមាណូក៏ដោយ ក៏អ្នកនៅរស់ភាគច្រើនត្រូវបានគេបោះបង់ចោលជាពិសេសសម្រាប់អាពាហ៍ពិពាហ៍ ដោយសារតែការរើសអើងជុំវិញការដែលពួកគេធ្លាប់បានប៉ះពាល់នឹងជាតិវិទ្យុសកម្ម។

អ្នកនៅរស់និងអ្នកគាំទ្ររបស់ពួកគេបានក្លាយជាសំឡេងដ៏ខ្លាំងបំផុតប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយបានជួបមេដឹកនាំពិភពលោកនៅប្រទេសជប៉ុននិងនៅបរទេសដើម្បីជំរុញករណីរបស់ពួកគេ។

កាលពីឆ្នាំមុនសម្តេចប៉ាបហ្វ្រង់ស៊ីសបានជួបជាមួយហ៊ីបាគូសាជាច្រើននាក់ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគិ ដោយសម្តែងសមានចិត្តអាណិតអាសូរចំពោះ “ភាពភ័យរន្ធត់ដែលមិនអាចពន្យល់បាន” ដែលទទួលរងដោយជនរងគ្រោះនៃការវាយប្រហារនេះ។

ក្នុងឆ្នាំ ២០១៦ លោកបារ៉ាក់ អូបាម៉ាបានក្លាយជាប្រធានាធិបតីអាម៉េរិកដំបូងគេ ដែលបានទៅធ្វើទស្សនកិច្ចនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ គាត់មិនបានសុំទោសចំពោះការវាយប្រហារនេះទេប៉ុន្តែបានឱបអ្នករស់និងអំពាវនាវឱ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម