ម្នាក់​ទៀត​ស្លាប់​ដោយកូវី​ដ​១៩​នៅ​វៀតណាម​

263
ចែករម្លែក

​ស្ត្រី​វ័យ​៦២​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយកូវី​ដ​១៩​នៅ​ក្រុង​ដា​ណាំង កាលពី​ថ្ងៃ​អង្គារ​ទី​០៤​សីហា ដែល​ធ្វើអោយ​គាត់​ក្លាយជា​អ្នក​ជនរងគ្រោះ​ដល់​ជីវិត​ទី​៧​ពី​ជំងឺឆ្លង​នេះ​នៅ​វៀតណាម​។​

​បើ​តាម​ក្រសួង​សុខាភិបាល​វៀតណាម ស្ត្រី​រូប​នេះ​បាន​ស្លាប់​ដោយ​ការ​ខូច​ក្រលៀន និង​ខូច​គ្រឿងក្នុង​ជា​ច្រើន​ទៀត ហើយ​គាត់​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​អស់​ពេល​១០​ឆ្នាំ​មកហើយ​។​

​ជនរងគ្រោះ​បាន​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដា​ណាំង​ចាប់ពី​ថ្ងៃ​១៨​ដល់​២៧​កក្កដា​សំរាប់​ជំងឺ​ខូច​ក្រលៀន​។​គាត់​ត្រូវបាន​ពិនិត្យ​ឃើញ​ឆ្លងកូវី​ដ​១៩​នៅ​ថ្ងៃ​២៧​កក្កដា​ហើយ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ពេទ្យ​ធំ​​នៅ​ខេត្ត​ធួ ធៀន វ៉េ ក្បែរ​នោះ​កាលពី​ថ្ងៃ​៣០​កក្កដា​។​

​នៅ​ថ្ងៃ​បន្ទាប់​អ្នកជំងឺ​ពិបាក​ដកដង្ហើម និង​នៅ​ថ្ងៃ​០១​សីហា​ត្រូវបាន​ពេទ្យ​ប្រើ​ឧបករណ៍​ជំនួយ​ដង្ហើម​នៅពេល​គាត់​ធ្លាក់​ខ្លួន​សន្លប់​លែង​ដឹង​ខ្លួន​។​គាត់​បាន​ស្លាប់​នៅ​ម៉ោង​២​កន្លះ​ជិត​ភ្លឺ​ថ្ងៃ​អង្គារ​ទី​០៤​សីហា​។​

​សូមបញ្ជាក់​ថា វៀតណាម​បាន​កត់ត្រា​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​លើកដំបូង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន និង​អ្នកស្លាប់​៦​នាក់​ទៀត​មាន​វ័យ​ពី​៥៣​ដល់​៨៦​ឆ្នាំ​ដែល​សុទ្ធតែ​មាន​ជំងឺ​រ៉ា​រ៉ៃ​ច្រើន​មុខ​។​ប្រទេស​នេះ​មាន​​អ្នក​កើតកូ​វីដ​១៩​សរុប​៦៥២​នាក់ តែ​នៅសល់​អ្នកជំងឺ​សកម្ម​តែ​២៧១​នាក់ ដោយ​៣៧៤​នាក់​បាន​ជាសះស្បើយ​អស់ហើយ​៕​ប្រែ​សម្រួល​៖​វាសនា​

​បុគ្គលិក​វេជ្ជសាស្ត្រ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តំបន់​ជុំវិញ​មន្ទីរពេទ្យ​ដា​ណាំង កន្លែង​ដែល​ផ្ទុះ​កូវី​ដ​១៩​ថ្មី​នៅ​វៀតណាម​

ទីតាំងផ្សាយពាណិជ្ជកម្ម