អភិបាលខេត្ត​ជួបនិងប្រាប់​កងទ័ព​ប្រតិបត្តិ​មណ្ឌលសីមា កុំ​ជឿ​ដាច់ខាត​ព័ត៌មាន​បំពុល​តាម​ហ្វេ​ស​ប៊ុ​ក​

1468
ចែករម្លែក

​ដោយៈ សុ​ផានី​តា​/​កោះកុងៈអភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូ​ថង បានរំលឹក​ដល់​កងកម្លាំង​ទ័ព​ប្រតិ​បត្តិ​​សឹក​រង​ស្រុក​មណ្ឌលសីមាថា សូមកុំ​ជឿជាក់​ដាច់ខាត​លើ​ព័ត៌មាន​ដែល​បំពុល​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ព័ត៌មាន​ផ្សព្វផ្សាយ​ក្នុងន័យ​ញុះញុង់​ទាំងនោះ គឺ​នាំឱ្យមាន​ការបាក់​សាមគ្គីភាព អសន្តិសុខ​ក្នុងសង្គម និង​បំផ្លាញ​ភាព​សុខ​សាន្ត​ប្រជាពលរដ្ឋ​។

លោកស្រី មិថុនាភូថងអភិបាលខេត្តកោះកុងក្នុងពេលជួបសំណេះសំណាលជាមួយកងទ័ព(រូបសុផានីតា)


លោកស្រីបន្តថា​នាយទាហាន និង​ពលទាហាន ដែល​កំពុង​ឈរជើង​ប្រចាំការ​ការពារ​ទឹកដី​តាម​ខ្សែបន្ទាត់​ព្រំ​ដែន​​ស្រុក​មណ្ឌលសីមា ត្រូវ​បង្កើន​កិច្ច​ចូលរួម​ទប់ស្កាត់​រាល់​សកម្មភាព​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​គ្រប់​រូបភាព​ទាំងអស់​នៅ​មូលដ្ឋាន​គ្រប់គ្រង របស់ខ្លួន​ឲ្យបាន​រឹងមាំ​ល្អ។

​នេះ​ជាការ​​លើកឡើងរ​បស់​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ក្នុងពេលជួប​សំណេះសំណាល​ជាមួយនឹង​កងទ័ព​នៅ​ទីបញ្ជាការ​ប្រតិបត្តិ​សឹក​រង​ស្រុក​មណ្ឌលសីមា រសៀល​ថ្ងៃទី​៦ ខែមេសា​។​
​អភិបាលខេត្ត​កោះកុងបានបន្ថែមថា សូម​​កងទ័ព ចាំបាច់​មានការ​ពិចារណា​ឱ្យ​ច្បាស់លាស់ ចៀសវាង​កុំ​ជឿជាក់​ទៅលើ​ព័ត៌មាន​ដែល​បំពុល​បរិយាយ​សង្គម​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេងៗ ខណៈ​ក្រុម​អ្នក​ប្រឆាំង​នៅតែ​ចិញ្ចឹមចិត្ត​ចង់​ធ្វើ​សកម្មភាព​បដិវត្តន៍​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​កើតចេញពី​ការបោះឆ្នោត​គាំទ្រ​របស់​ប្រជាពលរដ្ឋ​។ ទោះយ៉ាងណា កម្ពុ​ជាមាន​ប្រមុខ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ដទៃទៀត បានដឹង​ពី​សកម្មភាព​ដ៏​អាក្រក់​របស់​ពួក​អ្នកប្រឆាំង​ដោយ​ទប់ស្កាត់ និង​បង្ក្រាប​ទាន់ពេលវេលា​។​

​ទន្ទឹម​នោះ លោកស្រីក៏បាន​ស្នើឲ្យ​កម្លាំង​ទ័ព និង​កម្លាំងប្រដាប់អាវុធ ទាំងអស់ រួបរួមគ្នា​ថែរក្សា​អោយបាន​នូវ​សន្តិសុខ​សន្តិភាព ស្ថិរភាព​សណ្តាប់ធ្នាប់ ប្តេជ្ញាចិត្ត​ខ្ពស់ ចំពោះ​តួនាទី​ភារកិច្ច​ការពារ​បូរ​ណ​ទឹកដី​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​។

​ចំណែក​កងទ័ព​ដែល​ឈើ​ជើង​ប្រចាំការ​នៅ​ទីបញ្ជាការ​ប្រតិបត្តិ​សឹក​រង​មណ្ឌលសីមា​ម្នាក់ សុទ្ធតែ​បង្ហាញ​ការ​គោរព​បទបញ្ជា​រាល់​ការលើកឡើង​របស់​អភិបាលខេត្ត​កោះកុង​។ ដោយ​ពួកគេ នឹង​ខិតខំ​ពង្រឹងសមត្ថភាព​រក្សា​សន្តិភាព​តាម​បន្ទាត់​ព្រំដែន​ឱ្យ​ល្អប្រសើរ ព្រមទាំង​បង្កបង្កើន​ការដាំដុះ​ដំណាំ​កសិកម្ម ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​អង្គភាព​ថែមទៀត​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម