រយៈពេល០៧ខែមកនេះ កម្ពុជានាំអង្ករចេញមានចំនួនជាង៤២ម៉ឺន​តោន

99
ចែករម្លែក

ដោយ:ពៅនិមល/ភ្នំពេញ: យោងតាមរបាយការណ៍នៃការនាំចេញអង្កររបស់កម្ពុជា បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ការនាំអង្ករចេញទៅទីផ្សារអន្តរ ជាតិមានចំនួនប្រមាណជាង៤២ម៉ឺនតោន ក្នុងទំហំទឹកប្រាក់សរុប (គិតជាចំណូលដុល) ចំនួនប្រមាណជាង២៨៥លានដុល្លារអាម៉េរិក។

តាមការលើកឡើងរបស់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងរបាយការណ៍ខាងលើ បានឱ្យដឹងទៀតថា ការនាំចេញអង្ករគិតចាប់ពីខែមករា រហូតខែកក្កដាកន្លងទៅនេះ ក្នុងនោះកម្ពុជាសម្រេចបានចំនួន៤២៦,០៧៣តោន កើនឡើងប្រមាណជាង៣៨ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។ បើប្រៀបធៀបកំណើនក្នុងរយៈពេល០៥ឆ្នាំចុងក្រោយនេះ (២០១៥-២០១៩) កត់សម្គាល់ឃើញថា កំណើនការនាំចេញក្នុងរយះពេលដូចគ្នាខាងលើ ទៅនឹងឆ្នាំ២០២០នេះ មានភាពមិននឹងនរដែលមានមធ្យមភាគ ក្រោម០១ភាគរយ។

ប្រភពដដែល បានលើកឡើងបន្តថា ដោយឡែក ការនាំចេញអង្ករប្រចាំខែកក្កដា ជាទូទៅគឺជាខែដែលការនាំចេញបានចំនួនតិចជាងគេនៃចំនួនខែទាំងអស់ប្រចាំឆ្នាំ គិតជាមធ្យមក្នុងខែកក្កដានេះ មានប្រហែលជា២៦, ០០០តោន ក្នុង១ខែៗ ដោយសារខែកក្កដាជាខែចុងរដូវនៃស្តុកស្រូវស្រាល ដូចជាសែនក្រអូប, សុមាលី និងពពួកស្រូវប្រកាន់រដូវ ដូចជាផ្ការំដួលផងដែរ។ ប៉ុន្តែសម្រាប់ខែកក្កដា ឆ្នាំ២០២០នេះវិញ កម្ពុជាបាននាំអង្ករចេញចំនួន២៨,៤១៣តោន ដែលមានបរិមាណប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០១៥ ដោយក្នុងឆ្នាំនោះ បាននាំចេញចំនួន២៨,៤៩២តោន តែខុសគ្នាត្រង់ថា ក្នុងខែកក្កដា ឆ្នាំ២០២០ នេះ ភាគច្រើនបាននាំចេញជាអង្ករក្រអូប អង្ករសរីរាង្គ ខណៈដែលឆ្នាំ២០១៥ ភាគច្រើនជាអង្ករសធម្មតា។

គិតចាប់តាំងពីឆ្នាំ២០១៦មក សហព័ន្ធស្រូវអង្ករកម្ពុជាសង្កេតឃើញថា កំណើននៃការនាំចេញអង្ករក្រអូបមានកំណើនជាលំដាប់ ចំណែកអង្ករស និងអង្ករចំហុយបានធ្លាក់ចុះជាគំហុកចាប់ពីឆ្នាំ២០១៨មក តែមានកំណើនវិញខ្លះៗនៅឆ្នាំ២០២០ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩។ រីឯអង្ករសរីរាង្គ នៅមានកំណើនហក់ឡើងជាបណ្តើរៗ។ ជាក់ស្តែងសម្រាប់​រយៈពេល០៧ខែ ឆ្នាំ២០២០នេះ ការនាំចេញអង្ករក្រអូបបានកំណើនជិត៣២ភាគរយ អង្ករសកើនជាង៨២ភាគរយ និងអង្ករសរីរាង្គមានកំណើនជាង១៦ភាគរយ ធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៩៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម