រលកថ្មីនៃកូវីដ១៩នឹងគំរាមកំហែងដល់ឧស្សាហកម្មកាត់ដេរដែលកំពុងត្រដាបត្រដួស

196
ចែករម្លែក

ជាមួយនឹងរលកទី២នៃកូវីដ១៩ ឧស្សាហកម្មវាយនភណ្ឌនិងស្បែកជើងរបស់វៀតណាម ដែលកំពុងរងផលប៉ះពាល់ពីរលកដំបូងនោះ ទំនងជានឹងឃើញរឿងអាក្រក់ៗជាងនេះ។

ក្រុមហ៊ុន TNG Investment និង ក្រុមហ៊ុន Trading JSC ដែលផលិតសម្លៀកបំពាក់និងស្បែកជើងសម្រាប់ម៉ាកក្នុងស្រុកនិងអន្តរជាតិផ្សេងៗ បានរាយការណ៍ថា ប្រាក់ចំណូលនិងប្រាក់ចំណេញសុទ្ធនៅឆមាសទី១បានធ្លាក់ចុះ ១០ ភាគរយ និង ២៩ ភាគរយ គឺស្មើនឹង ១,៨៤ លានលានដុង (៧៩,៣ លានដុល្លារ) និង ៦៦ ពាន់លានដុង (២,៨៤ លានដុល្លារ)។

ក្រុមហ៊ុនវាយនភណ្ឌនិងកាត់ដេរជាតិវៀតណាម (Vinatex) បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូល ១៥ ភាគរយនិងប្រាក់ចំណេញថយចុះ ២៥ ភាគរយបើទោះបីជាផ្នែកខ្លះត្រូវបានប្តូរទៅផលិតម៉ាស់និងឈុតការពារកូវីដ និង រក្សាបានកម្មករទាំងអស់ក៏ដោយ។

លោក ខៅ ហ៊ូ ហ៊ីវ អគ្គនាយករងក្រុមហ៊ុន Vinatex បាននិយាយថា ស្ថានភាពនេះ “ល្អប្រសើរជាងការព្យាករណ៍” ដែលមុននេះក្រុមហ៊ុនព្យាករណ៍ថាខាតបង់ ៣០ ទៅ ៥០ ភាគរយ។

ក្រុមហ៊ុន Song Hong Garment JSC បានរាយការណ៍ថា ប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះ ៤៤ ភាគរយស្មើនឹង ១២២ ពាន់លានដុង (៥,២៦ លានដុល្លារ) ។

ក្រុមហ៊ុន RTW Retailwinds Inc ដែលជាដៃគូមួយក្នុងចំណោមដៃគូធំរបស់ខ្លួននៅសហរដ្ឋអាម៉េរិក បានដាក់ពាក្យក្ស័យធន ប៉ុន្តែនៅតែជំពាក់បំណុលគេប្រហែល ១៦៦ ពាន់លានដុង (៧,១៦ លានដុល្លារ)។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ផលិតកម្មសម្លៀកបំពាក់របស់វៀតណាមនៅខែកក្កដាបានកើនឡើង ១៣,២ ភាគរយពីខែមិថុនា ប៉ុន្តែបានធ្លាក់ចុះជិត ៥ ភាគរយធៀបនឹងឆ្នាំមុន។

ការនាំចេញវាយនភណ្ឌនិងស្បែកជើងបានធ្លាក់ចុះ ២១ ភាគរយនិង ៨ ភាគរយក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ។

ខណៈការងាកមកផលិតម៉ាស់និងឈុតការពារមេរោគត្រូវគេចាត់ទុកថាអាចសង្គ្រោះអាយុជីវិតសម្រាប់ក្រុមហ៊ុនកាត់ដេរក្នុងឆមាសទី ១ ឆ្នាំនេះ ការផ្គត់ផ្គង់ហួសតម្រូវការនៃផលិតផលទាំងនេះលើសកលលោកបានធ្វើឱ្យតម្លៃធ្លាក់ចុះ។ ក្រុមហ៊ុនដូចជា TNG ថែមទាំងឈប់ផលិតម៉ាស់និងចាប់ផ្តើមផ្តោតលើផលិតផលដែលមានតម្លៃខ្ពស់វិញ។

ជាមួយនឹងបណ្តាប្រទេសជាច្រើនរួមទាំងវៀតណាមកំពុងរងគ្រោះដោយរលកថ្មីនៃកូវីដ១៩ ការស្វែងរកអ្នកបញ្ជាទិញបានក្លាយជាការងារដ៏លំបាកសម្រាប់ក្រុមហ៊ុនកាត់ដេរភាគច្រើន។ យោងតាមក្រសួងបានឱ្យដឹងថារោងចក្រជាច្រើនមិនបានទទួលការបញ្ជាទិញសូម្បីតែមួយសម្រាប់ផលិតផលមានតម្លៃខ្ពស់នៅក្នុងឆមាសទី ២ នៃឆ្នាំនេះ។

បញ្ហាប្រឈមមួយទៀតដែលឧស្សាហកម្មកាត់ដេរកំពុងប្រឈមគឺអាកប្បកិរិយាអ្នកប្រើប្រាស់មានការផ្លាស់ប្តូរយ៉ាងខ្លាំងដោយសារតែជំងឺរាតត្បាត។

ការស្ទង់មតិថ្មីៗរបស់ក្រុមហ៊ុនសេវាកម្មជំនាញសកល Deloitte សម្រាប់ទីផ្សារអន្តរជាតិ និងក្រុមហ៊ុនផលិតសម្លៀកបំពាក់វៀតណាម Vinatex សម្រាប់ទីផ្សារក្នុងស្រុក បានបង្ហាញថា អាទិភាពកំពូលសម្រាប់អតិថិជននៅពេលនេះគឺថ្នាំពេទ្យ ម្ហូបអាហារ និង ការសន្សំសំចៃ៕ ដោយ៖ កញ្ញាដាលីស

រោងចក្រកាត់ដេរវៀតណាមរកមិនបានអ្នកបញ្ជាទិញសូម្បីតែមួយក្នុងឆមាសទី២នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម