ស្នាដៃ​រឿង​ខ្លី​ពីរ​បប​ខ្មែរក្រហម​នឹង​នាំ​ឲ្យ​មានការ​ចងចាំ នឹង​ជួយ​ឲ្យ​ធូរស្បើយ​ផ្លូវចិត្ត​

514
ចែករម្លែក
ពានរង្វាន់​សម្រាប់​ម្ចាស់​ស្នាដៃ​ទាំង​៩​រូប​ដែល​ជាប់​ជ័យលាភី​ក្នុងការ​ប្រកួត​តែង​និពន្ធ​រឿង​ខ្លី​ពានរង្វាន់​អក្សរសិល្ប៍​ស្លឹករឹត លើក​ទី​១ ឆ្នាំ​២០២០ ក្រោម​ប្រ​ធាប​បទ «​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​» ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​។​
(​សន ប៊ុន​ស៊ីម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ សោម ប៊ុនថន និង ដា​រ៉ា​រដ្ឋ មេត្តា/ភ្នំពេញៈ​រឿង​ខ្លី​ទាក់ទង​នឹង​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្រោម​របប «​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​» ចំនួន​ប្រាំបួន​រឿង ក្នុងចំណោម​៦៧​រឿង ត្រូវបាន​ជ្រើសរើស​ចេញពី​ស្នាដៃ​របស់​អ្នក​តែង​និពន្ធ និង​អ្នកសរសេរ​ជនជាតិខ្មែ​រ​។ រឿង​ខ្លី​ទាំងនេះ ត្រូវបាន​សរសេរ​តាម​វិធីសាស្ត្រ​ផ្សេង​ដើម្បី​រំឭក​ឡើងវិញ​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ «​ពី​ឆ្នាំ​១៩៧៥-១៩៧៩» ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ និង​បណ្តាល​ឲ្យ​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​៣​លាន​នាក់​បាន​បាត់បង់​អាយុជីវិត​។​

កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ និង​ពានរង្វាន់ ដល់​ម្ចាស់​ជ័យលាភី​ទាំង​៩​រូប នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ក្រោម​អធិបតីភាព​របស់លោក​ជំទាវ ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​។​
(​សន ប៊ុន​ស៊ីម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


ដោយឡែក​នៅក្នុង​រឿង​ខ្លី​ទាំងនេះ​អ្នកនិពន្ធ​បាន​សរសេរ​ឡើង​ដោយ​មិន​ផ្តោត​តែ​ទៅលើ​ការឈឺចាប់ ទុក្ខវេទនា​របស់​ប្រជាជន និង​ជីវិត​ផ្ទាល់ខ្លួន​ដែល​បាន​ឆ្លងកាត់​ក្នុង​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត ទេ គឺ​អ្នកនិពន្ធ​បាន​សរសេរ​រំលេច​ឡើង​នូវ​វិធីសាស្ត្រ​ដែល​ខ្លួន​បាន​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា និង​យកឈ្នះ​លើ​រឿងរ៉ាវ​ទាំងឡាយ​ដែល​ខ្លួន​ជួបប្រទះ​ក្នុង​របប​នោះ​។ រឿង​ខ្លី​ទាំងនេះ គឺជា​ផ្នែក​មួយ ដែល​នឹង​អាចជួយ​ឲ្យ​ប្រជាជន និង​ក្មេងជំនាន់ក្រោយ គិតពិចារណា​ឡើងវិញ​ពី​ការប្រព្រឹត្ត របស់​ខ្មែរក្រហម​មកលើ​ប្រជាជន ជួយ​ឲ្យ​មានការ​ផ្សះផ្សា​នៅក្នុង​សង្គម និង​ជួយ​ឲ្យ​មានការ​ធូរស្បើយ​ផ្លូវចិត្ត​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​បាន​ឆ្លងកាត់ និង​រស់រានមានជីវិត​។ នៅក្នុង របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥-១៩៧៩) មេដឹកនាំ​ខ្មែរក្រហម​បាន​ប្រើ​វិធីសាស្ត្រ​និពន្ធ សរសេរ​សាច់រឿង ចម្រៀង ពាក្យស្លោក​ទាក់ទង​នឹង​បដិវត្តន៍ ដែល​បង្កប់​អត្ថន័យ ឈឺចាប់ គំនុំគំកួន និង​ការ​សងសឹក ដើម្បី​ឃោសនា​ដល់​ប្រជាជន ហើយ​ជា​លទ្ធផល​បាន​បណ្តាល​ឲ្យ​មានការ​សម្លាប់​យ៉ាង​រង្គាល​នៅ​ទូទាំងប្រទេស​។ កេរដំណែល​នៃ​អំពើហិង្សា និង​ឃោរ ឃៅ​ពី​របប​ខ្មែរក្រហម​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​ដល់​ប្រជាជន និង​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន​។

អំណោយ​សៀវភៅ​សម្រាប់​ម្ចាស់​ជ័យលាភី​ទាំង​៩​រូប នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​ពានរង្វាន់ នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ក្រោម​អធិបតីភាព​របស់លោក​ជំទាវ ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​។​
(​សន ប៊ុន​ស៊ីម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​កាលពី​ឆ្នាំ​២០០៣ កន្លងទៅ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​សហការ​ជាមួយ សមាគម​អ្នកនិពន្ធ​ខ្មែរ​បង្កើត «​វេទិកា​ថែរក្សា​ប្រវត្តិសាស្ត្រ​របប​កម្ពុជា​ប្រជាធិបតេយ្យ​» ក្នុង​គោលបំណង​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ក្នុងការ​ថែរក្សា​ប្រវត្តិសាស្ត្រ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​, ការរំសាយ​កំហឹង​ចំពោះ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត ដែល​ជនរងគ្រោះ​បាន​ឆ្លងកាត់​, ការចងចាំ​ដែលជា​វិធីសាស្ត្រ​អហិង្សា​ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​របប​នេះ​កើតឡើង​ម្ដងទៀត និង​ជំរុញ​ដល់​ការស្វែងរក​យុត្តិធម៌​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​របប​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​។
​ត​មក​នៅក្នុង​ឆ្នាំ​២០១៩ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សហការ​ជាមួយ​សមាគម​អ្នកនិពន្ធ​ខ្មែរ បានរៀបចំ​ការប្រកួត​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​រឿង​ខ្លី​ក្រោម​ប្រ​ធាប​បទ «​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​» ក្នុង​គោលបំណង​៖ លើកកម្ពស់​ការស្រាវជ្រាវ និង​តែង​និពន្ធ​អំពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត និង​ដើម្បី​រួមចំណែក​រក្សា​ឯកសារ​ប្រវត្តិសាស្ត្រ​នៃ​ជីវិត មនុស្សជាតិ​ដែល​រស់នៅក្នុងរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ តាមរយៈ​ស្នាដៃ​តែង​និពន្ធ​របស់​អ្នកនិពន្ធ​ខ្មែរ អ្នក​ដែល​នៅ​រស់រានមានជីវិត និង​អ្នក​ដែល​ធ្លាប់បាន​ដឹងឮ​រឿងរ៉ាវ​ដែល​បានកើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត​។

លោកជំទាវ ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មការវាយតម្លៃ ប្រគល់​វិញ្ញាបនបត្រ និង​ពានរង្វាន់ ដល់​ម្ចាស់​ជ័យលាភី នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​។​
(​សន ប៊ុន​ស៊ីម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ការទទួល​ស្នាដៃ​តែង​និពន្ធ​រឿង​ខ្លី​គឺ​បានចាប់ផ្តើម​ពី​ខែតុលា ដល់ ចុងខែ​ធ្នូ ឆ្នាំ​២០១៩ ដែល​ទទួលបាន​រឿង​ខ្លី​សរុប​ចំនួន​៦៧​រឿង​។ ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២០ ស្នាដៃ​រឿង​ខ្លី​ចំនួន​៩ រួមមាន​រឿង ១) បាយក្តាំង ២) ពេល​ម៉ែ​ឃ្លា​តទៅ ៣) ស្នាមដំបៅ ៤) ក្រោម​មេឃ​តែមួយ ៥) ព្រះអាទិត្យ​ឥត​ពន្លឺ ៦) មួយថ្ងៃ​មួយ​យប់ ៧) ជើងមេឃ​ពណ៌​ក្រហម ៨) មិន​ព្រម​រៀបការ និង ៩) អាប់​សែ ត្រូវបាន​គណៈកម្មាធិកា​រ​វាយតម្លៃ និង​កំណែ ជ្រើស​រើសយក​ដើម្បី​ទទួល​ជ័យលាភី​។ ទោះបីយ៉ាងណា​ការរៀបចំ​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ ពានរង្វាន់ ត្រូវបាន​ពន្យា​ពេល​ដោយសារ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ​-១៩ កាលពី​អំឡុង​ចុងឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន និង​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​សកលលោក និង​ប្រទេស​កម្ពុជា​។
​មកដល់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​ពានរង្វាន់​ដល់​អ្នក​ជាប់​ជ័យលាភី​ទាំង​៩​រូប​ខាងលើ ត្រូវបាន​រៀបចំ​ឡើងជា​ផ្លូវការ នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ក្រោម​អធិបតីភាព​របស់លោក​ស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ កម្មវិធី​នេះ​ត្រូវបាន​សមាគម​អ្នកនិពន្ធ​ខ្មែរ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រៀបចំឡើង​យ៉ាង​ប្រុងប្រយ័ត្ន​ដោយ​គោរព​ទៅតាម​គោលការណ៍​ណែនាំ​ពី​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​វាស់​កម្តៅ ពាក់​ម៉ាស់​ការពារ លាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល រក្សា​គម្លាត​សុវត្ថិភាព កំណត់​សមាសភាព និង​កំណត់​ចំនួន​អ្នកចូលរួម​ឲ្យ​នៅ​តិច​បំផុត​។

កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ និង​ពានរង្វាន់ ដល់​ម្ចាស់​ជ័យលាភី​ទាំង​៩​រូប នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ក្រោម​អធិបតីភាព​របស់លោក​ជំទាវ ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​។​
(​សន ប៊ុន​ស៊ីម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ក្រៅពី​វិញ្ញាបនបត្រ និង​ពានរង្វាន់ គណៈអធិបតី​ក៏មាន​ការចែកជូន​នូវ​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​, ឧប្បត្តិហេតុ​ហាំ​បាលី​, នៅពេល​សង្គ្រាម​រលត់​ទៅ របស់​អ្នកនិពន្ធ​ឈ្មោះ អេ​លីហ្សា​ប៊ែ​ត ប៊េ​ក​ខ័​រ​, បូជា​ភ្លើង​, ដំណើរ​ឆ្ពោះទៅកាន់​សេរីភាព​, ទស្សនាវដ្ដី​ស្វែងរក​ការពិត និង​សៀវភៅ​ជាច្រើន​ក្បាល​ទៀត​ដល់​អ្នកនិពន្ធ​ដើម្បី​ទទួល​ចំណេះដឹង​កាន់តែ​ទូលំទូលាយ​អំពី​ប្រវត្តិសាស្ត្រ និង​ដើម្បី​ពង្រឹងសមត្ថភាព​ផ្នែក​តែង​និពន្ធ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។
​អ្នកនិពន្ធ អ៊ុច សំណាង មកពី​ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​ជាប់​ជ័យលាភី​លេខ​១ នៅក្នុង​ពានរង្វាន់​អក្សរសិល្ប៍​ស្លឹករឹត​លើក​ទី​១ ឆ្នាំ​២០២០ នេះ បាន​រៀបរាប់ថា «​រឿង​បាយក្តាំង​» គឺ​បាន​សរសេរ​ចេញពី​រឿងរ៉ាវ​ពិត នៅពេលដែល​យោធា​ខ្មែរក្រហម​បាន​ជម្លៀស​គាត់ និង​ក្រុមគ្រួសារ​ទៅ​រស់នៅ​ខេត្តបាត់ដំបង តំបន់​៤ ភូមិភាគ​ពាយ័ព្យ​។ នៅ​ទីនោះ​គាត់​បាន​លាក់​បាយក្តាំង​ដែល​ប្រធាន​រោង​បាយ​ចែក​ឲ្យ​គាត់ ដើម្បី​យកទៅ​ចែក​ឲ្យ​បងប្អូន​ដែល​ជម្លៀស​មកពី​ស្រុកកំណើត​ជាមួយគ្នា​ហូប​។ ប៉ុន្តែ​គាត់​ស្ទើ​តែ​បាត់បង​អាយុជីវិត​ដោយសារ​បាយក្តាំង​នៅពេលនោះ ព្រោះ​គាត់​ត្រូវបាន​កម្មាភិបាលជាន់ខ្ពស់​ខ្មែរក្រហម​ឈ្មោះ ហន ដែល​គ្រប់គ្រង​នៅ​ការដ្ឋាន​សំណង់​អាង​ទប់ទឹក​ត្រាំ​កង​ចោទប្រកាន់ថា «​ក្បត់​សមូហភាព​»​។ ប៉ុន្តែ​សំណាង​គាត់​ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​កែប្រែ​កំហុស និង​លត់​ដំ​ខ្លួន​ម្តងទៀត​។ ប៉ុន្តែ​ទោះបី​យ៉ាង នៅ​សម័យ​នោះ គាត់​ទទួលបាន​ការស្រឡាញ់ រាប់អាន​ពី​ប្រធាន​រោង​បាយ ដែលជា​ប្រជាជន​មូលដ្ឋាន​រស់នៅ​តំបន់​នោះដែរ​។ ដូច្នេះ​គាត់​មិនមាន​អារម្មណ៍​ឯកោ​ដូច​ប្រជាជន​មួយចំនួន​ដែល​ជម្លៀស​ទៅជា​មួយ​គាត់​ឡើយ​។ គាត់​មានរឿង​រ៉ាវ​ជាច្រើន​ទៀត​ដែល​គាត់​បាន​ជួបប្រទះ និង​មិនបាន​សរសេរ​រៀបរាប់​អស់​ឡើយ​។ គាត់​ចង់​ឲ្យ​ក្មេងជំនាន់ក្រោយ​បានដឹង​រឿងរ៉ាវ​របស់គាត់ ដើម្បី​ឲ្យ​ក្មេង​ទាំងនោះ​យល់​កាន់តែច្បាស់​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ដឹងថា​មានរឿង​អ្វីខ្លះ​បាន​កើតឡើង​ចំពោះ​ប្រជាជន​។

លោកជំទាវ ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រគល់​វិញ្ញាបនបត្រ និង​ពានរង្វាន់ ដល់​ម្ចាស់​ជ័យលាភី នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​។​
(​សន ប៊ុន​ស៊ីម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​កម្មវិធី​ប្រកួត​ជ្រើសរើស​ស្នា​ដែ​សរសេរ​រឿង​ខ្លី​ពី​របប​ខ្មែរក្រហម នឹង​ជំរុញ​ធ្វើ​ឲ្យ​មានការ​ចងចាំ និង​ការសិក្សា​ស្រាវជ្រាវ​កាន់តែ​ស៊ីជម្រៅ​ពីរ​បប​នេះ​។ ស្នាដៃ​ទាំងនេះ​នឹងត្រូវ ប្រែ​សម្រួល​ជា​ភាសា​អង់គ្លេស និង​បោះពុម្ព​នៅពេល​ខាងមុខ ដែល​លោកគ្រូ​អ្នកគ្រូ​បង្រៀន​អាច​យក​ធ្វើជា​ឯកសារយោង​សម្រាប់​បង្រៀន​ដល់​សិស្ស និង​ក្មេងជំនាន់ក្រោយ​ឲ្យ​មានការ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ និង​ជួយ​ទប់ស្កាត់​មិន​ឲ្យ​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩) កើតមាន​ម្តងទៀត ហើយ​ធានាថា​រឿងរ៉ាវ​ដែល​បានកើត​នៅក្នុង​របប​នោះ​នៅតែ​ត្រូវបាន​សរសេរ​ក្រង និង​លើក​មក​និយាយ​៕

លោកជំទាវ ទន់ សា​អ៊ីម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តមព្រឿងប្រណិតប្រគល់​វិញ្ញាបនបត្រ និង​ពានរង្វាន់ ដល់​ម្ចាស់​ជ័យលាភី នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​។​
(​សន ប៊ុន​ស៊ីម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ម្ចាស់​ជ័យលាភី នៅក្នុង​ឱកាស​ទទួល​វិញ្ញាបនបត្រ និង​ពានរង្វាន់ ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​។​
(​សន ប៊ុន​ស៊ីម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ម្ចាស់​ជ័យលាភី នៅក្នុង​ឱកាស​ទទួល​វិញ្ញាបនបត្រ និង​ពានរង្វាន់ ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​។​
(​សន ប៊ុន​ស៊ីម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម