​ស្ត្រី​ខ្មែរ​ម្នាក់ ត្រូវ​ខ្មាន់កាំភ្លើង បាញ់សម្លាប់ នៅ​កន្លែង​លេងល្បែង​ស៊ីសង ក្នុង​ទីក្រុង​បាងកក​

549
ចែករម្លែក
​ស្ត្រី​ខ្មែរ​ ដែលត្រូវ​ខ្មាន់កាំភ្លើង បាញ់សម្លាប់ នៅ​កន្លែង​លេងល្បែង​ស៊ីសង ក្នុង​ទីក្រុង​បាងកក​

ដោយៈ មុនី​រ័ត្ន /
​ភ្នំពេញៈ
ស្ត្រី​ខ្មែរ​ម្នាក់ ត្រូវបាន​ខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុង​កន្លែង​លេងល្បែង​ស៊ីសងមួយកន្លែង ស្ថិតនៅ​សង្កាត់​ឆ​ង់​នុ​ន​ស៊ី ខណ្ឌ​យ៉ាន​ណា​វ៉ា ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​យប់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០​។​

​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ កំពុងធ្វើការ​ជាមួយអាជ្ញាធរ​ថៃ ជាពិសេសជាមួយ​ប៉ូលិស​ថៃ ចូលរួម​សង្កេតការណ៍ ក្នុង​ការធ្វើ​កោសល្យវិច័យ រក​មូលហេតុនៅ​ពីក្រោយ​ការបាញ់សម្លាប់​នោះ ។​

​នៅក្នុង​ហេតុការណ៍ផ្ទុះអាវុធ​នេះ បាន​បណ្តាលឱ្យ​មនុស្សចំនួន ៤ នាក់ ស្លាប់ ក្នុងនោះ​មានពលរដ្ឋ​ខ្មែរ​ម្នាក់ និង​របួស ចំនួន ២ នាក់ ។​

​លោក កុយ គួ​ង អ្នកនាំពាក្យ ក្រសួងការបរទេស​ក​ម្ពុ​ជា​

​អ្នកនាំពាក្យ ក្រសួងការបរទេស​ក​ម្ពុ​ជា លោក កុយ គួ​ង បាន​ឲ្យ​ដឹងកាលពី​រសៀល ថ្ងៃទី​៤ ខែសីហា ថាៈ តាម​ព័ត៌មាន​ទទួលបានពី​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ មាន​ហេតុការណ៍​ផ្ទុះអាវុធ បានកើត​ឡើងនៅក្នុង​កន្លែងលេងល្បែង​ស៊ីសង​មួយ នៅ​អគារ​លេខ 501/237 ផ្រា​ក់​រ៉ា​ម 3 សយ 66 សង្កាត់​ឆ​ង់​នុ​ន​ស៊ី ខណ្ឌ​យ៉ាន​ណា​វ៉ា ទីក្រុង​បាងកក ។ ក្នុង​ហេតុការណ៍​នោះ បណ្តាលឱ្យមាន​អ្នករងរបួសចំនួន ២​នាក់ និង​ស្លាប់​ចំនួន ៤ នាក់ ដែល​នៅក្នុង​ចំណោម​អ្នកស្លាប់ មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់ ឈ្មោះ ម៉ៅ ស្រី​ពៅ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​អ្នកនាំពាក្យ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បន្តថា រហូតមកដល់​នេះ ស្ថានទូត​កម្ពុជា កំពុងធ្វើការ​ជាមួយអាជ្ញាធរ​ថៃ ជាពិសេស​ជាមួយប៉ូលិស​ថៃ ហើយ​មន្ត្រី​ស្ថានទូត បានធ្វើ​ដំណើរទៅកាន់​កន្លែង​តម្កល់សព ចូលរួម​សង្កេតការណ៍ ក្នុង​ការធ្វើ​កោសល្យវិច័យ រក​មូលហេតុនៅ​ពីក្រោយ​ការបាញ់សម្លាប់​នោះ ។ ស្ថានទូត ក៏បាន​ធ្វើ​ទំនាក់ទំនងជាមួយ​សាច់ញាតិ នៅ​ស្រុក​ខ្មែរ​រួចហើយ និង​សាច់ញាតិបានស្នើ​ស្ថានទូត ជួយ​សម្របសម្រួល និង​ចេញ​ឯកសារ នាំ​សពទៅធ្វើ​បុណ្យ តាម​ប្រពៃណី នៅ​ប្រទេស​កម្ពុជា​៕v/Ha

​ស្ត្រី​ខ្មែរ​ ដែលត្រូវ​ខ្មាន់កាំភ្លើង បាញ់សម្លាប់ នៅ​កន្លែង​លេងល្បែង​ស៊ីសង ក្នុង​ទីក្រុង​បាងកក​
​ស្ត្រី​ខ្មែរ​ ដែលត្រូវ​ខ្មាន់កាំភ្លើង បាញ់សម្លាប់ នៅ​កន្លែង​លេងល្បែង​ស៊ីសង ក្នុង​ទីក្រុង​បាងកក​
​ពលរដ្ឋ​ខ្មែរ​ ឈ្មោះ ម៉ៅ ស្រី​ពៅអាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ដែលបាត់បង់ជីវិតក្នុងពេលផ្ទុះអាវុធ

ទីតាំងផ្សាយពាណិជ្ជកម្ម