សៀវភៅកំណត់ហេតុរបស់ក្មេងស្រីអាន់ហ្វ្រែងត្រូវបានបកប្រែបន្ថែមខ្លឹមសារជា ភាសាខ្មែរ លើកទី២

295
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ សៀវភៅកំណត់ហេតុរបស់ក្មេងស្រីម្នាក់ដែលមានឈ្មោះថាអាន់ ហ្វ្រែងត្រូវបានបកប្រែជាភាសាខ្មែរបញ្ចូលខ្លឹមសារឯកសារបន្ថែមជាលើកទី២ដើម្បីឱ្យអត្ថន័យនិងខ្លឹមសារសំខាន់ៗក្នុងសាច់រឿងឱ្យកាន់តែស៊ីជម្រៅដែលអ្នកអានទទួលបានទាំងភាពរីករាយនិងពិសេសបានទទួលសាច់រឿងថ្មីៗគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

          កញ្ញាសើសាយ្យាណាដែលជាអ្នកបកប្រែសៀវភៅ អាន់ហ្រ្វែងបានឱ្យដឹងថាសៀវភៅកំណត់ហេតុរបស់ក្មេងស្រីជនជាតិអាល្លឺម៉ង់ម្នាក់នេះមានភាពល្បីល្បាញឈ្មោះណាស់ដែលត្រូវបានគេបកប្រែជាង៦០ភាសា ហើយត្រូវបានគេនិយមចូលចិត្តអានពាសពេញពិភពលោក។

          សៀវភៅកំណត់ហេតុរបស់ក្មេងស្រីម្នាក់”អាន់ ហ្វ្រែង”ដែលត្រូវបានបកប្រែជាភាសាខ្មែរនេះដែរកាលពីដំបូងឡើយបានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកអានច្រើន ហើយត្រូវបានចែកចាយតាមបណ្តាល័យនិងសិស្សសាលារៀនតាមបណ្តាខេត្ត ហើយមួយចំនួនទៀតបានចែកជូនតាមស្ថាប័នទាំងឯកជននិងរាជការ ក្នុងរាជធានីភ្នំពេញផងដែរ។

          តាមរយៈការបកប្រែសៀវភៅលើកទី២នេះដែរ កញ្ញាសើសាយ្យាណាដែលជាអ្នកធ្លាប់ឆ្លងកាត់សង្រ្គាមទស្សវត្តរ៍ឆ្នាំ១៩៩០រវាងកងទ័ពខ្មែរក្រហមជាមួយទាហានរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថាសៀវភៅកំណត់ហេតុរបស់ក្មេងស្រី អានហ្រ្វែងគឺកើតឡើងក្នុងសម័យសង្រ្គាមលោកលើកទី២ដែលក្មេងស្រីរូបនេះឆ្លងកាត់នូវភ្លើងសង្រ្គាម ដែលមិនខុសពីកញ្ញាធ្លាប់បានដឹងនិងលឺសម្លេងអាវុធដ៏គួរឱ្យព្រឺខ្លាចនេះឡើយ។តាមរយៈនេះហើយទើបធ្វើឱ្យកញ្ញាបានចាប់អារម្មណ៍និងបានខិតខំបកប្រែសៀវភៅមួយក្បាលនេះឡើងដើម្បីឱ្យក្មេងជំនាន់ក្រោយបានស្គាល់នូវអ្វីជាផលលំបាកនៃភ្លើងសង្រ្គាមដែលមានតែការបាត់បង់ឈឺចាប់និងការស្លាប់អាយុជីវិតរបស់ពលរដ្ឋ។

          ជាមួយការបកប្រែប្រែសៀវភៅដែលទទួលបានការពេញនិយមអាននាកន្លងមកនេះដែរកញ្ញាសើសាយ្យាណាបានរំលឹកពីជីវប្រវត្តិរបស់ក្មេងស្រី អាន់ហ្រ្វែងថាជាយុវតីស្ថិតនៅក្នុងវ័យ១៣ឆ្នាំ។នាងចូលចិត្តសរសេរ និងចង់ក្លាយជាអ្នកនិពន្ធ។ហើយសៀវភៅកំណត់ហេតុរបស់នាងនាសម័យនោះបានក្លាយជាគប្ពីរប្រវត្តិសាស្រ្ត ជាភស្តុតាង និងជារឿងរាវរបស់ក្មេងស្រីជំទង់ យុវវ័យគ្រប់រូប។

សូមបញ្ជាក់ថាអាន់ហ្រ្វែងនាងកើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩២៩ ក្នុងទីក្រុងហ្វ្រែងហ្វឺត ប្រទេសអាល្លឺម៉ង់។ ក្នុងឆ្នាំ១៩៣៣ បន្ទាប់ពីពួកណាហ្ស៊ីបានចាប់ផ្តើមធ្វើបាបនិងសម្លាប់ជន ជាតិជ្វីហ្វ ។អាន់ ហ្វ្រែង និងគ្រួសាររបស់នាងបានទៅរស់នៅប្រទេសហុល្លង់។ នៅខែឧសភា ឆ្នាំ១៩៤០ ពួកណាហ្ស៊ី បានចូលកាន់កាប់ប្រទេសហុល្លង់ ហើយនៅឆ្នាំ១៩៤២ អាន់ ហ្វ្រែង និងគ្រួសាររបស់នាងបានបង្ខំចិត្តចូលលាក់ខ្លួននៅក្នុងបន្ទប់សម្ងាត់ ខាងក្រោយការិយាល័យធ្វើការរបស់ឪពុកនាងក្នុងទីក្រុងអាមស្ទឺដាម។ អាន់ បានស្លាប់នៅក្នុងជំរំប្រមូលផ្តុំ បឺជិនប៊ែលសិន នៅអំឡុងចុងខែកុម្ភៈ និងនៅដើមខែមីនា ឆ្នាំ១៩៤៥ គឺមានរយៈពេលប្រហែល៣ខែមុនថ្ងៃខួបកំណើតគម្រប់អាយុ១៦ឆ្នាំរបស់នាង។

កញ្ញាសើសាយ្យាណា

សៀវភៅកំណត់ហេតុរបស់ អាន់ ហ្វ្រែង បានផ្តល់សេរីភាពដល់នាងក្នុងការបរិយាយអំពីអ្វីដែលនាងគិតចូលចិត្ត និងស្អប់ និងជាមធ្យោបាយមួយសម្រាប់ឲ្យនាងបង្ហាញនូវទុក្ខវេទនារបស់ជនជាតិជ្វីហ្វ ក្រោមការគាបសង្កត់របស់ពួកណាហ្ស៊ី។ សៀវភៅកំណត់ហេតុរបស់ អាន់ ហ្វ្រែង បង្ហាញនូវការស្លាប់បាត់បង់ជីវិតរបស់មនុស្សស្លូតត្រង់យ៉ាងឈឺចាប់បំផុតនៅក្នុងរបបដឹកនាំដ៏ឆ្កួតលីលាមួយ។ សៀវភៅនេះអាចជួយធ្វើឲ្យយើងបានយល់អំពីលក្ខណៈធម្មជាតិនៃការមិនរើសអើងនិងការភ័យរន្ធត់នៃអំពើប្រល័យពូជសាសន៍ដូចកើតមានឡើងកន្លងមក ដែលគឺជាបទឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរបំផុត។ សៀវភៅកំណត់ហេតុរបស់ អាន់ ហ្វ្រែង អាចជាជំនួយមួយយ៉ាងសំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងការថែរក្សា និងការចងចាំអតីតកាលនៃអំពើអមនុស្សធម៌ដ៏ព្រៃផ្សៃដែលមនុស្សលោកអាចធ្វើទៅរួច។ លើសពីនេះទៅទៀត សៀវភៅនេះធ្វើឲ្យយើងដឹងថា យើងទាំងអស់គ្នាមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារមិនឲ្យអំពើប្រល័យពូជសាសន៍កើតមានឡើងជាថ្មីម្តងទៀត នៅក្នុងសង្គមមនុស្ស។

ជាមួយគ្នានេះកញ្ញាសើសាយ្យាណាបានឱ្យដឹងបន្ថែមថាការបកប្រែសៀវភៅកំណត់ហេតុនេះកាលពីឆ្នាំ២០០២ ហើយបានធ្វើការចែកចាយដោយឥតគិតថ្លៃ ហើយសម្រាប់ការបោះពុម្ពលើកទី២នេះនឹងមានចំនួនចំនួន៣០០០ក្បាល។ការបកប្រែសៀវភៅបន្ថែមខ្លឹមសារឯកសារបន្ថែមទៀតនេះគឺបានបញ្ចូលនូវកម្រងកំណត់ហេតុរបស់អាន់ហ្វែ្រង បន្ថែមទៀតដែលឪពុករបស់នាងបានលាក់ទុក ហើយទាល់តែគាត់បានបាត់បង់ជីវិតទៅទើបបានឱ្យបញ្ចេញកំណត់ហេតុនេះឡើង។ការលាក់ទុកកំណត់ហេតុនេះដោយសារតែឪពុករបស់នាងឃើញថាការធ្វើកំណត់ហេតុរបស់កូនរបស់គាត់(អាន់ហ្រ្វែង)បាននិយាយប៉ះពាល់ដល់ម្តាយរបស់នាង ។

កញ្ញាបានបន្តឱ្យដឹងថា ការបកប្រែសៀវភៅនេះឡើងដែរដើម្បីឱ្យកូនខ្មែរបានយល់ជ្រួតជ្រាបពីប្រវត្តិសាស្រ្តរបស់ប្រទេសដទៃ ហើយយល់នូវអ្វីដែលជាសង្រ្គាម ហើយរួមគ្នាទប់ស្កាត់សង្រ្គាមដែលមានតែភាពខ្ទេចខ្ទាំងនិងឈឺចាប់ខ្លោចផ្សាយដល់សង្គមមនុស្សជាតិ។

          ជុំវិញការបកប្រែបន្ថែមនិងបោះពុម្ពសៀវភៅនេះដែរត្រូវបានកញ្ញាសើសាយ្យាណាបានបញ្ជាក់ថាសៀវភៅនេះត្រូវបានអ្នកនិយមអានស្នើសុំឱ្យមានការបោះពុម្ពជាច្រើនមជ្ឈដ្ឋានក្នុងនេះមានទាំងក្នុងប្រទេសកកម្ពុជានិងបរទេស។

         កញ្ញាបានលើកឡើងថា”អញ្ចឹងការបោះពុម្ពលើកនេះចំនួន៣ពាន់ក្បាលគឺយើងមានគម្រោងចែកជូនដល់តាមសាលារៀន តាមសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញនិងតាមបណ្តាល័យខេត្តមួយចំនួនទៀត។សៀវភៅនេះមានភាពល្បីល្បាញខ្លាំងកន្លងមក ហេតុនេះខ្ញុំជឿជាក់ថាសៀវភៅនេះនឹងជួយផ្តល់នូវចំណេះដឹងបន្ថែមដល់អ្នកស្រាវជ្រាវ ក៏ដូចជាការសិក្សារបស់សិស្សពីសង្រ្គាមលើពិភពលោកយើងនេះ។ក្រៅពីនេះយើងក៏មានដាក់លក់តាមបណ្តាគារមួយចំនួនផងតែមានចំនួនតិចតួចទេ”។

          គួរបញ្ជាក់ថា កញ្ញ្ញាសើសាយ្យាណាអ្នកបកប្រែ សៀវភៅកំណត់ហេតុ របស់ក្មេងស្រី អាន់ ហ្វ្រែងកើតនៅរាជធានីភ្នំពេញក្នុងគ្រួសារដែលមានដើមកំណើតជាជនជាតិជ្វានិងចាម។តាំងតែពីកុមារភាពមកម្ល៉េះ សាយ្យាណាបានស្តាប់ឮនូវការនិទានទុក្ខសោកវេទនាដែលបង្កឡើងដោយរបបខ្មែរក្រហមទៅលើក្រុមគ្រួសាររបស់នាងនិងប្រជាជនកម្ពុជា។ជាមួយគ្នាកញ្ញាក៏ឆ្លងកាត់និងបានរត់ពួនពីការធ្វើសង្រ្គាមរវាងកងទ័ពខ្មែរក្រហមជាមួយទាហានរដ្ឋាភិបាល។កញ្ញានិងក្រុមគ្រួសារក៏តែងចូលពួនរណ្តៅក្រោមផ្ទះដោយសារការប្រយុទ្ធគ្នានៃសង្រ្គាមរវាងកងទ័ពទាំងពីរដែរ។

          កញ្ញាសាយ្យាណាបានចូលធ្វើការលើកដំបូង ជាអ្នកស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងឆ្នាំ១៩៩៧។កញ្ញាបានចងក្រងពាក្យស្លោក កំណាព្យ និងចម្រៀងបដិវត្តន៍ខ្មែរក្រហមជាច្រើន ហើយបានរៀបរៀងទស្សនាវដ្តី”ស្វែងរកការពិត”សម្រាប់ចែកចាយដល់ជនរងគ្រោះនៃរបបខ្មែរក្រហមនៅតាមភូមិ ស្រុក ទូទាំងប្រទេសកម្ពុជា។ក្រៅពីនេះកញ្ញាក៏ទទួលបានអាហាររូបករណ៍និងបញ្ចប់ការសិក្សាថ្នាក់អនុវណ្ឌិតពីសាកលវិទ្យាល័យ វ៉ាហ្គីនីងនៅប្រទេស ហូឡង់នៅឆ្នាំ២០០៦។

          ពិសេសជាងនេះកញ្ញាសាយ្យាណាបានធ្វើការរៀបចំការតាំងពិព័រណ៍និងថ្នាក់រៀនប្រវត្តិសាស្រ្តនៅសារមន្ទីរទូលស្លែង ដឹកនាំកម្មវិធីសម្តែងសិល្បៈ ភាពយន្ត ឯកសារ កម្មវិធីវិទ្យុ វគ្គបណ្តុះបណ្តាលដល់គ្រូបង្រៀន សិស្សនិស្សិត អំពីប្រវត្តិសាស្រ្តខ្មែរក្រហមនិងកម្មវិធីដំណើរទេសចរណ៍អប់រំជាដើម៕dp

កញ្ញាសើសាយ្យាណា

ទីតាំងផ្សាយពាណិជ្ជកម្ម