ជំរុញកាអនុវត្តគម្រោងស្តារព្រែកជីក ភូមិតាអេង ដើម្បីបញ្ចៀសការជន់ លិចលង់ក្រុងកំពត

106
ចែករម្លែក

ដោយ៖ បូកគោ /កំពតៈ រដ្ឋបាលខេត្តកំពត នឹងជួបជាមួយតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សា អំពីគម្រោង ស្តីពីការស្ដារព្រែកជីក ភូមិតាអេង ដើម្បីបញ្ចៀស ការលិចលង់ក្រុងកំពត ដោយសារជំនន់ទឹកភ្លៀង ឱ្យបានឆាប់រហ័ស។

ពាក់ព័ន្ធនឹងកិច្ចប្រជុំជាមួយតំណាង ធនាគារអភិវឌ្ឍន៍អាស៊ីនោះ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត បានចុះពិនិត្យ ស្ថានភាពទឹក ក្នុងក្រុងកំពត និងស្រុកទឹកឈូ ក្រោយពីមានភ្លៀងធ្លាក់ ជោកជាំប៉ុន្មានថ្ងៃ ជាប់ៗមកនេះ។

ជាមួយនឹងភាពប្រឈម ព្រោះតែកង្វះផ្លូវរំដោះទឹក ចេញពីក្រុងកំពត និងផ្នែកខ្លះនៃស្រុកទឹកឈូ លោកអភិបាលខេត្ត បានមានប្រសាសន៍ថាៈ ព្រែកជីកភូមិតាអេង ស្ថិតក្រោមគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការស្ដារ ដើម្បីរំដោះទឹកចេញពីក្រុង។ ប៉ុន្តែមកដល់ពេលនេះ គម្រោងមិនទាន់បាន អនុវត្តចប់នៅឡើយ។ ដូច្នេះ លោកនឹងជួបជាមួយ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី បើកកិច្ចពិភាក្សា ក្នុងការស្ដារព្រែកជីកនេះ ឱ្យបានឆាប់រហ័ស ដើម្បីបញ្ចៀសការលិចលង់ ក្រុងកំពត និងផ្នែកខ្លះនៃស្រុកទឹកឈូ។

សូមបញ្ជាក់ថា ក្នុងដំណើរពិនិត្យស្ថានភាពទឹកនោះ លោក ជាវ តាយ បានប្រគល់លូ ដល់អាជ្ញាធរស្រុកទឹកឈូ ដើម្បីដាក់បង្ហូរទឹក ចេញពីចំណុចប្រឡាយ ដែលប្រជាពលរដ្ឋ ចាក់ដីលុប ប្រវែង ៥០០ ម៉ែត្រ ស្ថិតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំ មកភ្ជាប់ជាមួយព្រែកជីក ភូមិតាអេងនេះ។ ការចាក់ដីលុបប្រឡាយ និងសាងសង់ផ្ទះ ពីលើនោះ ក៏ជាផ្នែកដែលបង្កឱ្យ មានការជន់លិចភូមិឋាន មួយចំនួន ក្នុងស្រុកទឹកឈូ ផងដែរ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម