ក្រុមហ៊ុន​វិនិយោគ ត្រូវ​ព​ន្លឿ​ន​ការរៀបចំ ឆ្នេរ​ទេសចរណ៍ កែប​ថ្មី ឱ្យ​ឆាប់​រួចរាល់​

157
ចែករម្លែក

​ដោយ​៖ បូកគោ / កំ​ពតៈ អភិបាល​ខេត្តកំពត បាន​ជំរុញ​ដល់ ក្រុមហ៊ុន​វិនិយោគ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​ព​ន្លឿ​ន​ការរៀបចំ ឆ្នេរសមុទ្រ ឱ្យបាន​ឆាប់​រួចរាល់ ទោះបី​ក្នុង​ភាព បណ្តោះអាសន្ន​ក្តី ដើម្បី​ភ្ញៀវទេសចរ អាចមក​លម្ហែ​កម្សាន្ត នាពេល​ឆាប់ៗ ខាងមុខ​។​

​លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ជំរុញ​ដល់ ក្រុមហ៊ុន​វិនិយោគ និង​ភាគី​ពាក់ព័ន្ធ​ដូច្នេះ កាលពី​រសៀល ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​ពិភាក្សា រវាង​រដ្ឋបាលខេត្ត និង​ក្រុមហ៊ុន​អាយ​.​ជី​.​ប៊ី ( IGB ) នៅ​សាលប្រជុំ​សាលាខេត្ត​កំពត ស្ដីអំពី​ផែនការ​អភិវឌ្ឍ តំបន់ឆ្នេរ​កម្សាន្ត​កែប​ថ្មី ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ លោក ជាវ តា​យ បាន​មានប្រសាសន៍ថា គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន ឆ្នេរ​កម្សាន្ត​របស់ ក្រុមហ៊ុន​អាយ​.​ជី​.​ប៊ី ដែល​បានការ​អនុញ្ញាត ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​វិនិយោគ​តំបន់ឆ្នេរ​ខ្សាច់ ទេសចរណ៍ មាន​ទំហំ ២៣០ ហិកតា​។ ដើម្បី​ធានា​ឱ្យ​ការអភិវឌ្ឍ​គម្រោង បាន​ឆាប់រហ័ស ហើយ​ប្រកបដោយ​ប្រសិទ្ធភាព រដ្ឋបាលខេត្ត នឹង​បង្កើត គណៈកម្មការ​មួយ ដែលមាន​អភិបាលខេត្ត និង​ប្រធាន​ក្រុមហ៊ុន ជា​សមាសភាព​ផ្ទាល់ ដើម្បី​ដឹកនាំ ដំណើរការ ប្រកបដោយ​គុណភាព សុវត្ថិភាព ព្រមទាំង​ធានា នូវ​ស្ថេរភាព​បរិស្ថាន​។

ការអនុវត្ត​បានល្អ​ប្រសើ​រ ចំពោះ​គម្រោង​នោះ នឹង​បង្កើតបាន​នូវ ផលិតផល​ទេសចរណ៍​ថ្មី ក្នុងការ​ទាក់ទាញ​ភ្ញៀវ ឱ្យ មក​កម្សាន្ត កាន់តែច្រើន ស្របតាម​ផែនការ​អភិវឌ្ឍ ទេសចរណ៍​ខេត្តកំពត ឆ្នាំ​២០១៩-២០២៣​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា កិច្ចការ​ដ៏​សំខាន់​មួយ​នេះ អាច​ជោគជ័យ​បាន លុះត្រា​តែមាន​កិច្ច ចូលរួម​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន ទាំង​អ្នកវិនិយោគ មន្ត្រី​ជំនាញ និង​ផ្នែក​ពាក់ព័ន្ធ ពិសេស​ត្រូវ​មានគំនិត ជា​ឯកច្ឆន្ទ ដោយ​រិះរក​វិធី​យ៉ាងណា ឱ្យ​កំពត ក្លាយជា​ខេត្ត​គោលដៅ​ទេសចរណ៍ ដែល​ភ្ញៀវ​បានមក​ម្តង​ហើយ ចង់​មក​បន្តបន្ទាប់​ទៀត​។ ដូច្នេះ ទោះបី​ក្នុង​ភាព​បណ្តោះអាសន្ន​ក្តី ក្រុមហ៊ុន​វិនិយោគ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​ព​ន្លឿ​ន​ការរៀបចំ ឆ្នេរសមុទ្រ​កែប​ថ្មី ឱ្យបាន​ឆាប់​រួចរាល់ ដើម្បី​ភ្ញៀវទេសចរ អាចមក​លម្ហែ​កម្សាន្ត នាពេល​ឆាប់ៗ ខាងមុខ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម