​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ណែនាំ​ឲ្យ​ចៅក្រម​និង​ព្រះរាជអាជ្ញា​កាត់ក្តី​ឲ្យ​ត្រឹមត្រូវ​

126
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បាន​ណែនាំ​ឲ្យ​ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​របស់ខ្លួន ក្នុងការ​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​ការកាត់ក្តី​មួយ​ប្រកបដោយ​អ​នាគ​តិ ក្នុង​ការធានា​ឱ្យបាន​នូវ​ភាព យុ​តិ្ត​ធម៌ ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ ជាពិសេស គឺ​ការ​វៀរចាក​នូវ​អគតិ​ធម៌​ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហោ​គតិ ដូចដែល​ចៅក្រម និង ព្រះរាជអាជ្ញា​ទាំងអស់​បានធ្វើ​សច្ចាប្រណិធាន នៅមុន​ពេល​ខ្លួន​ចូលកាន់​តំណែង​។​
​ ​ការណែនាំ​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​តែងតាំង និង​ចូលកាន់​មុខតំណែង​របស់​ប្រធាន​សាលាដំបូង​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​។​

លោក កែ សា​ខន អតីត​អនុប្រធាន​សាលាដំបូង​ខេត្តព្រៃវែង ត្រូវបានតែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តព្រៃវែង តាម​ព្រះរាជក្រឹត្យ លេខ​នស​/​រកត​/០៧២០ /៧៦៧ ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ជំនួស​លោក ម៉ុង មុនី​ចរិយា ដែល​ត្រូវបានតែងតាំង​ឱ្យ​កាន់​មុខតំណែង​ថ្មី​ជា​ប្រធាន​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​។​

ថ្លែង​ក្នុង​ពិធី​នេះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​គូស​រំលេច​អំពី​សមិទ្ធផល​ធំៗ ដែល​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រេចបាន​ក្នុងការ​កំណែទម្រង់​ច្បាប់ និង​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា និង​ទិសដៅ​ការងារ​ដែល​ក្រសួងយុត្តិធម៌​ក្នុងនាម​ជា​សេនាធិការ របស់​រាជរដ្ឋាភិបាល ត្រូវអនុវត្ត​បន្ត សំដៅ​លើកកម្ពស់​គុណភាព​នៃ​ការកាត់ក្តី​ឱ្យបាន​ត្រឹមត្រូវ និង​យុ​តិ្ត​ធម៌ ក៏ដូចជា​លើកកម្ពស់​ការផ្តល់សេវា​យុត្តិធម៌​ឱ្យមាន​ភាពងាយស្រួល ឆាប់រហ័ស និង​ស្អាតស្អំ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​មកលើ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​។
​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ក្នុង​ការបន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិស័យ​យុត្តិធម៌ «​ក្រសួងយុត្តិធម៌ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នឹង​បន្ត​ពង្រឹង​វិធានការ​វិន័យ ក្រមសីលធម៌ និង​ភាព​ស្អាតស្អំ​របស់​អង្គចៅក្រម ដើម្បី​លើកកម្ពស់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែមទៀត​»​។​

ក្នុង​ស្មារតី​នេះ រដ្ឋមន្ត្រី​ក្រ​សួ​ងុ​ត្តិ​ធម៌ បានធ្វើ​ការណែនាំ​ដល់​ប្រធាន​សាលាដំបូង​ខេត្តព្រៃវែង​ក៏ដូចជា​ព្រះរាជអាជ្ញា រួមទាំង​អស់លោក លោកស្រី ជា​ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំង​អស់នៃ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង ដូចខាងក្រោម​៖ ទី​១. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ដ៏​ថ្លៃថ្លា​ទាំង​៥ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ដើម្បី​ធ្វើជា​គោលការណ៍​ក្នុងការ​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់ខ្លួន ក៏ដូចជា​ក្នុងការ​ដឹកនាំ​អង្គភាព​សាលាជម្រះក្តី ។

ទី​២. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​របស់ខ្លួន ក្នុងការ​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​ការកាត់ក្តី​មួយ​ប្រកបដោយ​អ​នាគ​តិ ក្នុង​ការធានា​ឱ្យបាន​នូវ​ភាព យុ​តិ្ត​ធម៌ ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​គឺ​ការ​វៀរចាក​នូវ​អ​គិត​ធម៌​ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហោ​គតិ ដូចដែល​ចៅក្រម ព្រះរាជអាជ្ញា​ទាំងអស់​បានធ្វើ​សច្ចាប្រណិធាន នៅមុន​ពេល​ខ្លួន​ចូលកាន់​តំណែង​។

ទី​៣. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ចូលរួម​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូ និង​កិត្យានុភាព​នៃ​អង្គចៅក្រម ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ទាំង​ក្នុងពេល​បំពេញការងារ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ការប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន គឺជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​នៃ​អង្គចៅក្រម​ខ្លួនឯង​ហើយ​វា​ជា​កត្តារួម​ចំណែក​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន ក្នុងការ​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ យុត្តិធម៌ ។

ទី​៤. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ចូលរួម​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​អនុវត្ត​នូវ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​១៨ ខែឧសភា កន្លងទៅនេះ ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាម​អភិក្រម «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​»​។

ទី​៥. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បំពេញការងារ ដោយ​ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ពង្រឹង កិច្ច​សហ​ប្រតិ​ប​តិ្ត​ការល្អ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​នូវ​ដំណើរ​ការល្អ​នៃ​ស្ថាប័ន​តុលាការ ក៏ដូចជា​ប្រសិទ្ធភាព​នៃ​ការបម្រើ​សេវា​យុ​តិ្ត​ធម៌​ឱ្យបាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​៕S/


​រូបថត​
​លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌
​ពិធី​ប្រកាស​តែងតាំង និង​ចូលកាន់​មុខតំណែង​របស់​ប្រធាន​សាលាដំបូង​ខេត្តព្រៃវែង​

ទីតាំងផ្សាយពាណិជ្ជកម្ម