ប្រជាពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ

144
ចែករម្លែក

ដោយ៖ បូកគោ /កែបៈ ខណៈដែលនៅស្ទើរគ្រប់ភូមិសាស្ត្រ នៃទឹកដីខេត្តកែប កំពុងទទួលរងនូវ ព្យុះភ្លៀង ផ្គររន្ទះ ថ្នាក់ដឹកនាំខេត្តនេះ បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានក្រើនរំលឹកបែបនេះ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ខណៈពេលលោក បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការ ចុះជួយរុះរើ និងសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋ នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ បន្ទាប់ពីត្រូវដួលរលំ ដោយសារខ្យល់កន្ត្រាក់ កាលពីរសៀល ថ្ងៃទី៣ ខែសីហា កន្លងទៅនេះ ។

នៅទីនោះ លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ក្រៅពីកិច្ចការងារ ក្នុងមន្ទីរអង្គភាព កងកម្លាំងសមត្ថកិច្ច ក៏ដូចជា មន្ត្រីរាជការ ត្រូវចេញធ្វើការងារសង្គម ការងារមនុស្សធម៌ ពិសេសគ្រាដែលប្រជាពលរដ្ឋ ជួបគ្រោះអាសន្ន ត្រូវតែចុះឱ្យដល់គោលដៅ ដើម្បីជួយសង្គ្រោះ ទាន់ពេលវេលា។ ជាមួយនេះដែរ បងប្អូនប្រជាពលរដ្ឋ គ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតភ្លៀងផ្គរ ខ្យល់កន្ត្រាក់ ដែលតែងកើតឡើង ជាញឹកញយនោះ។

លោកអភិបាលខេត្ត បានបន្តថា ជាកិច្ចការចាំបាច់ ក្រោយពេលមានភ្លៀងផ្គរ កើតឡើង មន្ត្រីនៃមន្ទីរសាធារណការ ក៏ត្រូវចុះពិនិត្យ គ្រប់ដងផ្លូវ រួចធ្វើការកាយ ស្តារប្រឡាយ បើកមុខទឹក ដើម្បីសង្គ្រោះការជន់លិច លំនៅស្ថាន ព្រមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងជួសជុលផ្លូវឡើងវិញ។ ក្រៅពីនេះ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវចុះតាមមូលដ្ឋាន ក្នុងការក្តាប់ស្ថានភាព គ្រោះធម្មជាតិ ដើម្បីត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ព្រោះតែភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្ត្រាក់ ជាប់ៗគ្នា ប៉ុន្មានថ្ងៃនេះ បានបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ ជិត ៦០ ខ្នង ក្នុងខេត្តកែប រងការខូចខាត ក្នុងនោះស្រុកដំណាក់ចង្អើរ ខូចខាតចំនួន ២៨ ខ្នង និងក្រុងកែប ខូចខាត ១៥ ខ្នង ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម