​គ្រោះថ្នាក់​ចរាចរណ៍ ៩៦​ថ្ងៃ​៖ ស្លាប់ ៤០១​នាក់ និង​របួស ១១៥៤​នាក់​

208
ចែករម្លែក

ដោយៈ មុនី​រ័ត្ន /
​ភ្នំពេញៈ
អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល ថ្ងៃទី​៤ខែសីហា ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ៩៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ បានកើត​ឡើង ៧៤៤ លើក ស្លាប់​មនុស្ស​ចំនួន ៤០១​នាក់ របួស​ចំនួន ១១៥៤​នាក់ ក្នុងនោះ​របួសធ្ងន់ ៦៧៩​នាក់​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ កើតឡើង​ចំនួន៧​លើក ស្លាប់ ៥​នាក់ របួស ៨​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ៤​នាក់​។​

​បើតាម​របាយការណ៍ បូកសរុប​លទ្ធផល​ការងារ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា​៖ គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆមាស​ទី​១ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៦១៩​លើក បណ្ដាល​ឲ្យ​ស្លាប់ ចំនួន​៨១៦​នាក់ និង​របួស​ចំនួន ២.៤៤៩​នាក់ (​របួសធ្ងន់​១.១២៣​នាក់​) អ្នកស្លាប់​ភាគច្រើន នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់ ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​។​

​របាយការណ៍​ដដែល បាន​បន្តថា មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍ មកពី បើកបរ​លើស​ល្បឿន​កំណត់ ៣៣% មិន​គោរព​សិទ្ធិ ២៣% មិន​ប្រកាន់​ស្គាំ ១៤% វ៉ា​ជែង ១០% បត់ ១០% ស្រវឹង ៦% កត្តា​យានយន្ដ ៤% និង​ងងុយ ១%​។ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ថយ ចំនួន ៥៥២ លើក ស្មើ​២៥% (១.៦១៩/២.១៧១​លើក​) ស្លាប់​ថយ​ចំនួន ១៧២ នាក់ ស្មើ​១៧% (៨៦១/១.០៣៣​នាក់​) និង​របួស​ថយ ៧៧៨​នាក់ ស្មើ​២៤% (២.៤៤៩/៣.២២៧​នាក់​) ៕​v

ទីតាំងផ្សាយពាណិជ្ជកម្ម